(តាកែវ)៖ លោក ណុប រ័ត្ននិមល តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង នាយករងខុទ្ធកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពុទ្ធបរិស័ទស្ថិតនៅក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ បានលើកឡើងថា ថ្នាក់ដឹកនាំដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីជាតិស្វែងរកសន្តិភាពទទួលបានជោគជ័យជូនប្រទេសជាតិ និងប្រជាពលរដ្ឋ គេចាត់ទុកថាជា វីរបុរសរបស់មនុស្សជាតិ តែប្រសិនបើបុគ្គលណាដែលបំផ្លាញសេចក្តីសុខ និងសន្តិភាពរុញច្រានប្រទេសឲ្យធ្លាក់ក្នុងសង្រ្គាម និងគ្រោះមហន្តរាយគេចាត់ទុកជា ទមិឡរបស់មនុស្សជាតិ។

លោក ណុប រ័ត្ននិមល បានបន្ដថា សម្ដេចតេជោ ហ៊ុន សែន និងវីរជនអ្នកស្នេហាជាតិ ព្រមទាំងប្រតិបត្តិករសន្តិភាពជាច្រើនរូប បានខិតខំស្វែងរកសន្តិភាព ឆ្លងកាត់ការលំបាកគ្រប់ឧបសគ្គ បូជាសាច់ស្រស់ឈាមស្រស់ ប្តូរយកសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជន។ រហូតដល់ពេលនេះ ប្រទេសកម្ពុជា ទទួលបានសុខ សន្តិភាពពិតប្រាកដ ជាមូលដ្ឋានគ្រឹះដ៏សំខាន់ឈានទៅរកវឌ្ឍនៈភាព ជឿនលឿនរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន។

លោកបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋសូមចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា និងដឹងគុណសន្តិភាព ពីព្រោះសន្តិភាពមានតម្លៃ មិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជាតិលើពិភពលោកសន្តិភាពនៅកម្ពុជា នឹងនៅបន្តភាពរឹងមាំស្ថិតស្ថេរគង់វង្សជាអមតៈ កុំឲ្យជនអគតិមួយចំនួនតូចណាមួយ មកបំផ្លាញសន្តិភាពនៅកម្ពុជាបានឡើយ។

តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានអំពាវនាវដល់ប្រជាពលរដ្ឋមានកូនចៅគ្រប់អាយុ មកចុះឈ្មោះឲ្យបានគ្រប់ៗគ្នា ដើម្បីមានសិទ្ធិពេញលេញ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ ឆ្នាំ២០២២ និងបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ឆ្នាំ២០២៣ ខាងមុខនេះ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង និងលោកស្រី បានផ្តួចផ្ដើមដង្ហែអង្គកឋិនទានវេរប្រគេនព្រះសង្ឃ វត្តលឹមពូលសាមគ្យារាម ស្ថិតក្នុងក្រុងដូនកែវ ដើម្បីបន្តការសាងសមិទ្ធផលនានា នៅក្នុងទីវត្តអារាម ដែលបច្ច័យសង្កត់ត្រ័យប្រគេនវត្ត៧២លាន៥០ម៉ឺនរៀល។

លោក ណុប រ័ត្ននិមល និងលោកស្រី បាននាំមកនូវអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភជូន យាយជី តាជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សគ្រូពេទ្យ ក្រុមយុវជនកាយរិទ្ធិ កាកបាទក្រហមកម្ពុជាខ៤ ប្រជាពលរដ្ឋសាលាក្រុង ក្រុមប្រឹក្សាសង្កាត់ គណៈកម្មការអាចារ្យវត្ត និងប្រជាការពារអាជ្ញាធរកងកម្លាំង៣ប្រភេទ មានក្រណាត់ស ក្រមា និងថវិកាមួយចំនួន៕