(ភ្នំពេញ)៖ លោកស្រី ឆេង បូរ៉ាន់ ត្រូវបានព្រះមហាក្សត្រខ្មែរសព្វព្រះរាជហឫទ័យ ប្រោសប្រទានគ្រឿងឥស្សរិយយសថ្នាក់ «មហាសេរីវឌ្ឍន៍»។

ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសនេះ បន្ទាប់ពីលោកស្រី បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជាច្រើនក្នុងសកម្មនុស្សធម៌ និងកសាងសមិទ្ធផលផ្សេងៗទាំងខាងផ្នែកអាណាចក្រ និងពុទ្ធចក្រ។

លោកស្រី ឆេង បូរ៉ាន់ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ យាងប្រគល់នូវប្រកាសនីយបត្រគ្រឿងឥស្សរិយយសនេះដោយផ្ទាល់ព្រះហស្ថក្នុងព្រះរាជពិធីសម្ពោធប៉ុស្តិ៍សុខភាពសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ថិតក្នុងបរិវេណវត្តព្រះឥន្រ្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០។

លោកស្រី ឆេង បូរ៉ាន់ បានសម្តែងនូវទឹកចិត្តរីករាយឥតឧបមា ដែលទទួលបាននូវមហាករុណាទិគុណយ៉ាងធំធេងពីព្រះមហាក្សត្រប្រោសប្រទាននូវគ្រឿងឥស្សរិយយស៕