(ភ្នំពេញ)៖ លោកឧកញ៉ាផាសុកបណ្ឌិត គាង សេង ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានព្រះមហាក្សត្រខ្មែរសព្វព្រះរាជហឫទ័យ ប្រោសប្រទានគ្រឿងឥស្សរិយយសថ្នាក់ «ជាតូបការ» ខណៈភរិយារបស់លោក គឺលោស្រី ទុយ ស៊ីមន ត្រូវបានព្រះមហាក្សត្រប្រោសប្រទានគ្រឿងឥស្សរិយយសថ្នាក់ «មហាសេរីវឌ្ឍន៍»

ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសនេះ បន្ទាប់ពីលោកឧកញ៉ាផាសុកបណ្ឌិត គាង សេង និងលោកស្រី ទុយ ស៊ីមន បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជាច្រើនក្នុងសកម្មនុស្សធម៌ និងកសាងសមិទ្ធផលផ្សេងៗទាំងខាងផ្នែកអាណាចក្រ និងពុទ្ធចក្រ។

លោកឧកញ៉ាបណ្ឌិត គាង សេង និងលោកស្រី ទុយ ស៊ីមន ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ យាងប្រគល់នូវប្រកាសនីយបត្រគ្រឿងឥស្សរិយយសនេះដោយផ្ទាល់ព្រះហស្ថក្នុងព្រះរាជពិធីសម្ពោធប៉ុស្តិ៍សុខភាពសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ថិតក្នុងបរិវេណវត្តព្រះឥន្រ្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០។

លោកឧកញ៉ា គាង សេង និងលោកស្រី ទុយ ស៊ីមន បានសម្តែងនូវទឹកចិត្តរីករាយឥតឧបមា ដែលទទួលបាននូវមហាករុណាទិគុណយ៉ាងធំធេងពីព្រះមហាក្សត្រប្រោសប្រទាននូវគ្រឿងឥស្សរិយយស។

លោកឧកញ៉ា គាង សេង និងលោកស្រី ទុយ ស៊ីមន បានថ្លែងថា ខ្លួននឹងបន្តចូលរួមធ្វើសកម្មភាពមនុស្សធម៌ក្នុងសង្គមបន្ថែមទៀត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។

សូមបញ្ជាក់ថា លោកឧកញ៉ាបណ្ឌិត គាង សេង ជាស្ថាបនិកមជ្ឈមណ្ឌលបង្កើនផាសុកភាពនៅកម្ពុជា និងជាប្រធានស្ថាបនិកផាសុកភាពនៅកម្ពុជា ព្រមទាំងជាអគ្គនាយក ក្រុមហ៊ុន គាង សេង ស៊ីមន អ៉ិនធើណេសិនណល ក្រុមហ៊ុន «ទឹកញទេព»

លោកឧកញ៉ាបណ្ឌិត គាង សេង កើតថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំឆ្លូវ បញ្ចស័ក ព.ស ២៥១៦ នៅភូមិវត្តកណ្តាល ឃុំស្វាយប៉ោរ ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកបានរៀបការនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៩៥ ជាមួយកញ្ញា ទុយ ស៊ីមន កើតថ្ងៃអង្គារ ០៦រោច ខែកត្តិក ឆ្នាំមមី សំរិទ្ធិស័ក ព.ស ២៥២២ កើតនៅភូមិម៉រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិសាត់។

រហូតដល់ពេលបច្ចុប្បន្ន លោកមានបុត្រា ០៤នាក់ និងបុត្រី០១នាក់។ លោកឧកញ៉ា បានបញ្ចប់កាសិក្សាមធ្យមសិក្សាបត្រភាគពីរ នៅឆ្នាំ១៩៩០ នៅស្រុកកំណើតឯខេត្តបាត់ដំបង។

នៅឆ្នាំ១៩៩១ លោកបានបន្តការសិក្សានៅវិទ្យាស្ថានបច្ចេកទេសកសិកម្មចំការដូង (បច្ចុប្បន្នជាសាកលវិទ្យាល័យភូមិន្ទកសិកម្ម) ផ្នែកជលផល ជំនាន់ទី៧ នៅភ្នំពេញ។ បន្ទាប់ពីចប់បរិញ្ញាបត្រមក លោកគ្មានឱកាសវិលទៅស្រុកំណើតវិញទេ ព្រោះលោកមានបំណងចង់បន្តកាសិក្សារហូតដល់ថ្នាក់បណ្ឌិតដូចការប្តេជ្ញាចិត្តរបស់លោក។ ដើម្បីបានបន្តការសិក្សា នៅឆ្នាំ១៩៩៦ ក្រោយពីចប់បរិញ្ញាបត្រ លោកបានចូលបម្រើការងារនៅនាយកដ្ឋានជលផល (បច្ចុប្បន្ន រដ្ឋបាលជលផល) ជាមួយកម្មវិធីវារីវប្បកម្មរបស់វិទ្យាស្ថានបច្ចេកវិជ្ជាអាស៊ីនៅកម្ពុជា។

នៅឆ្នាំ២០០០ ដូចការគ្រោងទុក លោកត្រូវបានស្ថាបននេះ បញ្ជូនឲ្យទៅបន្តការសិក្សានៅវិទ្យាស្ថានបច្ចេកវិជ្ជាអាស៊ី ដែលមានទីតាំងនៅទីក្រុងបាងកក ប្រទេសថៃ។

បន្ទាប់ពីបញ្ចប់ការសិក្សានៅឆ្នាំ២០០២ លោកបានបន្តការងារនៅកន្លែងចាស់ និងបានបំពេញការងារជាច្រើនទៀត ជាមួយអង្គការអភិវឌ្ឍន៍សហប្រជាជាតិរហូតដល់ឆ្នាំ២០១០ ក្រោមការចង្អុលបង្ហាញ ពីលោកសាស្ត្រាចារ្យបណ្ឌិត P.I Peter-ស្ថាបនិកផាសុកភាពពិភពលោក ទើបលោកសម្រេចចិត្តផ្លាស់ប្តូរការងារជាអ្នកជំនួញ ដែលមានភក្តីភាពជាមួយការបង្កើនផាសុកភាពដល់មនុស្សជាតិ។

ជាមួយនឹងការធ្វើជំនួញនេះ លោកក៏មិនភ្លេចបន្តការសិក្សារហូតដល់បញ្ចប់ថ្នាក់បណ្ឌិត (បណ្ឌិតផាសុកភាព) នៅឆ្នាំ២០១១ នៅកូឡំបូ ផងដែរ។ មិនត្រឹមតែរៀនសូត្រផ្នែកជំនាញវិទ្យាសាស្រ្ត និងសុខភាពទេ លោកឧកញ៉ាបណ្ឌិត គាង សេង បានសិក្សាអំពីតួនាទី និងក្រមសីលធម៌អាចារ្យខ្មែរបន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរថែមទៀតផង។

តាំងពីឆ្នាំ២០១០រហូតដល់ពេលនេះ លោកទទួលបាននូវការប្រោសប្រទានងាជាឧកញ៉ា និងជាគ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជា សំខាន់ៗជាច្រើន រហូតដល់គ្រឿងឥស្សរិយយសថ្នាក់មហាសេរីវឌ្ឍន៍ និង ជាតូបការ៕