(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក បានដាក់ផែនការដល់ប្រធានគណបក្សស្រុក និងប្រធានគណបក្សឃុំ ព្រមទាំងក្រុមការងារចុះជួយស្រុកទាំងពីរនេះ ត្រូវជំរុញប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា ពិសេសត្រូវសម្រួលមធ្យោបាយជូនប្រជាពលរដ្ឋឱ្យបានល្អ ប្រសិនបើពួកគាត់ត្រូវការឱ្យមានអ្នកជួយសម្របសម្រួល។

ការណែនាំរបស់លោក ថោង ខុន យ៉ាងដូច្នេះ គឺបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែក្នុងមូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០។

បន្ទាប់ពីស្ដាប់នូវបាយការណ៍របស់ប្រធានគណបក្សស្រុកទាំងពីរ ពាក់ព័ន្ធនឹងសភាពការណ៍មូលដ្ឋាន និងកិច្ចការចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតរួចមក លោក ថោង ខុន បានផ្ដល់នូវអនុសាសន៍មួយចំនួន៖

* ត្រូវព្យាយាមសម្របសម្រួល និងពន្លឿនការធ្វើអត្តសញ្ញាណបណ្ណទៅតាមនីតិវិធីច្បាប់ ជូនប្រជាពលរដ្ឋដែលមិនទាន់ធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងប្រជាពលរដ្ឋដែលមានអត្តសញ្ញាបណ្ណរួចហើយ តែខូច បាត់ ឬខុសទិន្នន័យនៅក្នុងអត្តសញ្ញាណបណ្ណដែលមានរួចហើយនោះ។

* ក្រុមការងារត្រូវចុះឱ្យដល់មូលដ្ឋានភូមិ ឃុំ ដើម្បីជួបសាកសួរជាមួយប្រជាពលរដ្ឋអំពីការទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការទៅចុះឈ្មោះបោះឆ្នោតថ្មី ប្រសិនបើពួកគាត់មិនទាន់បានបំពេញកាតព្វកិច្ចទាំងនេះទេ ត្រូវពន្យល់សម្របសម្រួលជាមួយពួកគាត់ ធ្វើយ៉ាងណាឱ្យពួកគាត់ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឬទៅចុះឈ្មោះបោះឆ្នោតថ្មីឱ្យបានគ្រប់គ្នា។

* ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតថ្មីនេះផងដែរ លោក ថោង ខុន ក៏បានដាក់ផែនការដល់ប្រធានគណបក្សស្រុកបារាយណ៍ និងស្រុកតាំងគោក ព្រមទាំងប្រធានគណបក្សឃុំនីមួយៗ ក៏ដូចជាក្រុមការងារចុះជួយមូលដ្ឋានស្រុកទាំងពីរនេះ ត្រូវបានយកចិត្តទុកដាក់ឱ្យដិតដល់ចំពោះសមាជិកគណបក្ស និងសមាជិកគ្រួសារបក្ស។

* ត្រូវបន្តពង្រឹង និងពង្រីកសមាជិកបក្សបន្ថែម ដើម្បីទទួលបានសំឡេងគាំទ្រក្នុងការបោះឆ្នោតនាពេលខាងមុខ។

* ចូលរួមពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ និងគ្រប់គ្រងសតិអារម្មណ៍របស់សមាជិកបក្ស ដើម្បីក្ដាប់នូវសភាពការណ៍ទូទៅក្នុងមូលដ្ឋាន ជៀសវាងការកើតមានហេតុការណ៍អវិជ្ជមានណាមួយ។

អង្គប្រជុំបានប្ដេជ្ញាអនុវត្តតាមអនុសាសន៍របស់លោក ថោង ខុន ពិសេសគឺបានបង្ហាញស្មារតីក្នុងការអនុវត្តការងារជំរុញឱ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា ដើម្បីសម្រេចសមិទ្ធផលថ្មីៗជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន។

សូមជម្រាបថា គ.ជ.ប បានប្រកាសឱ្យដឹងថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ មានរយៈពេលត្រឹមតែ ១៩ ថ្ងៃប៉ុណ្ណោះ ពោលដំណើរការងារនេះបានចាប់ផ្ដើមពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ដែលនឹងត្រូវបិទបញ្ចប់នៅត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ខាងមុខ៕