(ភ្នំពេញ)៖ លោក ប៉ាន់យ៉ារ៉ាក់ ភូនសាប់ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបុណ្យកឋិនទាន ព្រះរាជទាន របស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃឡង់ដ៍ ដែលទ្រង់បានប្រោសព្រះរាជទាន ដល់ក្រសួងការបរទេសថៃ នាំយកមកវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស នៅពុទ្ធសីមាវត្តឥណ្ឌូកម្ពុជា ធម្មនិរមិត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បុណ្យកឋិនទាននេះ ក្រោមព្រះវត្តមានរបស់សម្តេចព្រះអភិសិរី សុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃកម្ពុជា និងវត្តមាន របស់មន្ត្រីរាជការប្រចាំស្ថានទូតថៃ ក្រុមហ៊ុនឯកជនថៃ នៅក្នុងប្រទេសកម្ពុជា និងក្រុមគ្រួសារ រួមទាំងបុគ្គលសំខាន់ៗខាងភាគីកម្ពុជា ដូចជា នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ, លោកស្រី ស៊ឹង រ័ត្នឆវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកអគ្គរាជទូតឡាវ និងមីយ៉ាន់ម៉ាប្រចាំកម្ពុជា រួមទាំងពុទ្ធបរិស័ទថៃ និងខ្មែរ ផងដែរ។
ស្ថានទូតថៃប្រចាំកម្ពុជា បានប្រារព្ធពិធីធ្វើបទនមស្សការ ព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា តាមប្រពៃណីខ្មែរ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នៅស្ថានទូតថៃប្រចាំកម្ពុជា។
ក្នុងពិធីបុណ្យកឋិនទាននេះ បច្ច័យព្រះរាជទានពីព្រះមហាក្សត្រថៃ ចំនួន១៦,៥០៨ដុល្លារអាមេរិក និងបច្ច័យបុណ្យពីពុទ្ធបរិស័ទថៃ នៅក្នុងប្រទេសកម្ពុជា និងពុទ្ធបរិស័ទកម្ពុជា ដែលស្ថានទូតថៃប្រចាំកម្ពុជា ទទួលបានចំនួន១៣,០១០ដុល្លារអាមេរិក និង១២,៥៨៣,៩០០រៀល។
សូមជម្រាបថា ក្រសួងការបរទេសថៃ តែងតែរៀបចំប្រារព្ធពិធីបុណ្យកឋិនទានព្រះរាជទាន នៅវត្តពុទ្ធសាសនាជាច្រើន ក្នុងប្រទេសផ្សេងៗ ជារៀងរាល់ឆ្នាំ។ សម្រាប់ប្រទេសកម្ពុជា បានទទួលអង្គកឋិនទានព្រះរាជទានលើកដំបូងកាលពីឆ្នាំ១៩៩៥ និងបានប្រារព្ធបន្តរៀងមក ស្ទើរតែរៀងរាល់ឆ្នាំ ដោយប្តូរវេនគ្នា
រវាងវត្តនៃគណៈមហានិកាយ និងធម្មយុត្តិកនិកាយ។
ឆ្នាំនេះ ទោះបីជាមានស្ថានការណ៍រាតត្បាតនៃជំងឺកូវីដ១៩ ទូទាំងសកលលោក រហូតបណ្តាលឲ្យមិនអាចបញ្ជូនតំណាងជាន់ខ្ពស់ ដើម្បីធ្វើជាអធិបតី ក្នុងពិធីបុណ្យ មកពីប្រទេសថៃ មកបានដូចសព្វឆ្នាំក៏ដោយ តែដោយសារឆ្នាំនេះ ជាឆ្នាំគម្រប់ខួបលើកទី៧០ ការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ និងដោយគិតគូរ អំពីភាពជា ប្រទេសជិតខាងមួយ ដែលមានចំណងមិត្តភាពដ៏ស្អិតរមួត នៅកម្រិតប្រជាជនផងនោះ ទើបកម្ពុជាគឺជាប្រទេសតែមួយគត់ ដែលមានការប្រារព្ធពិធីបុណ្យកឋិនទាន ព្រះរាជទានរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃឡង់ដ៍។
ពិធីដង្ហែអង្គកឋិនទានព្រះរាជទាន ប្រចាំឆ្នាំ២០២០ នៅវត្តឥណ្ឌូកម្ពុជា ធម្មនិរមិត ដំណើរការទៅយ៉ាងមានសណ្តាប់ធ្នាប់របៀបរៀបរយ និងស័ក្កសមនឹងព្រះកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃឡង់ដ៍។
ពុទ្ធបរិស័ទគ្រប់រូប សុទ្ធតែដឹងគុណចំពោះព្រះមហាករុណាទិគុណដ៏ថ្លៃថ្លាបំផុតរបស់ព្រះអង្គ ដែលព្រះអង្គតែងតែមានគុណូបការៈដ៏ធំធេង ក្នុងការទំនុកបម្រុង ពុទ្ធសាសនាដែលប្រជាជនខ្មែរ និងថៃភាគច្រើនគោរព។ ចំណែកឯ ចំណងមិត្តភាពរវាងប្រទេសទាំងពីរ ក៏បានពង្រឹងកាន់តែស្អិតរមួតជាងមុន ជាពិសេសនៅកម្រិតប្រជាជន៕