(កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានបន្តចុះផ្សព្វផ្សាយ និងអប់រំជូនដល់ប្រជាពលរដ្ឋរស់នៅភូមិក្រាំងត្បែង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីឲ្យពួកគាត់ បានយល់កាន់តែច្បាស់ពីវិធីសាស្រ្តការពារ និងទប់ស្កាត់ពីជំងឺកូវីដ១៩ រួមជាមួយនិងការផ្តល់ជាអំណោយថ្នាំពេទ្យជូនដល់ប្រជាពលរដ្ឋដែលកើតជំងឺផ្សេងៗប្រចាំកាយ ហើយការងារមនុស្សធម៌នេះ ត្រូវបានរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តដាក់យ៉ាងខ្លាំងផងដែរ។
ការបន្តចុះអប់រំជូនប្រជាពលរដ្ឋពីវិធីសាស្ត្រទប់ស្កាត់ និងការពារជំងឺកូវីដ១៩ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ធ្វើឡើងនាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនេះ ក្រោមការដឹកនាំដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី រួមជាមួយនឹងថ្នាក់ដឹកនាំ នៃក្រុមការងារគ្រូពេទ្យជាច្រើនរូបទៀត។
ដំណើរចុះអប់រំដល់ប្រជាពលរដ្ឋរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក្នុងគោលដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ក៏មានការសហការជាមួយ កិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ឆាយ ថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ, មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ, សាខាសកម្មជនក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ, សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកឱរ៉ាល់, សមាគមអ្នកចែកចាយឱសថកម្ពុជា និងអាជ្ញាធរមូលដ្ឋានស្រុកឱរ៉ាល់។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលដឹកនាំដោយលោក លេង ផាលី ក៏បានណែនាំអំពីវិធានការទប់ស្កាត់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយបង្រៀនប្រជាពលរដ្ឋឲ្យយល់ដឹងអំពី ការរស់នៅស្អាតប្រកបដោយអនាម័យល្អ ដោយលាងសម្អាតដៃនឹងអាកុល ឬសាប៊ូ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវនៅពេលចាំបាច់ និងការហូបស្អាត គេងស្អាត បូករួមនឹងការពន្យល់វិធីបង្ការជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ ព្រមទាំងពាំនាំការសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី តំណាងរាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា ដល់ប្រជាពលរដ្ឋក្នុងស្រុក។
ជាមួយគ្នានោះដែរ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏បានពាំនាំអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុ ន ម៉ានី ប្រធាន ស.ស.យ. ក ដែលរួមមាន៖ ចែកថ្នាំពេទ្យ និងពិនិត្យព្យាបាល ជំងឺផ្លូវចិត្ត សន្លាក់ឆ្អឹង ក្រពះ ពោះវៀន ជំងឺទូទៅ ចែកថ្នាំមុលទីវីតាម៉ីន វីតាម៉ីនសេ និងអាកុលចំណុះ៣០លីត្រចំនួន៣ធុង និង១៦០ដបធំ, ម៉ាស់១៣០០ម៉ាស់, ម៉ាស៊ីនវាស់កម្តៅចំនួន២គ្រឿង, សាប៊ូចំនួន៥៦២ដុំ, ក្រដាសរូបភាពផ្សព្វផ្សាយអំពីការថែរក្សាអនាម័យ និងវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ ចំនួន២០០សន្លឹក, ស្បៀងអាហារមានជានំប៉័ង ៤០០ដើម និងទឹកសុទ្ធ៣៥កេស និងការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន១៤៥គ្រួសារ មានប្រជាពលរដ្ឋប្រមាណ១៧១នាក់ តាមខ្នងផ្ទះតំបន់ដាច់ស្រយាល ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ឱកាសនោះលោក លេង ផាលី ក៏បានលើកឡើងថា «ការងារមនុស្សធម៌ចុះជួយប្រជាពលរដ្ឋរៀងរហូតមក គឺកើតចេញពីការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ដែលលោកតែងខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដែលជួបការលំបាកគ្រប់កាលទេសៈ»។
លោកបន្ថែមថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិក្រាំងត្បែង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ពិតជាមានក្តីរំភើបកក់ក្តៅឥតឧបមា និងសូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសកម្មភាព មនុស្សធម៌នេះផងដែរ។
សូមរម្លឹកថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលដឹកនាំដោយលោក លេង ផាលី ក៏បានជួយកសាងទីស្នាក់គណបក្សប្រជាជនកម្ពុជា ចំនួនបីឃុំគឺរួមមាន៖ ទី១៖ ឃុំរស្មីសាមគ្គី, ទី២៖ ឃុំហោងសំណំ និងទី៣៖ ឃុំតាសាល មកទល់នឹងពេលនេះកសាងបាន៧០ភាគរយហើយ៕