(ភ្នំពេញ)៖ អាជ្ញាធរនៅតាមខណ្ឌនីមួយៗ ក្នុងរាជធានីភ្នំពេញតាំងពីថ្ងៃម្សិលមិញ និងរហូតមកដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ បានចាប់ផ្តើមចេញប្រមូលសំរាមបណ្តើរៗហើយ ក្រោយបុគ្គលិកក្រុមហ៊ុន ស៊ិនទ្រី បានធ្វើកូដកម្មមិនចេញប្រមូលសំរាមនៅតាមដងផ្លូវ។
រយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃសៅរ៍ទី៣ ខែតុលា ឆ្នាំ២០២០ មកដល់ថ្ងៃអាទិត្យនេះ បុគ្គលិក ស៊ិនទ្រី ពុំបានមកយកសំរាមដូចរាល់ដងនោះទេ ដែលធ្វើឲ្យសំរាមជាច្រើនបានកកស្ទះ នៅតាមបណ្ដោយផ្លូវមួយចំនួនក្នុងមូលដ្ឋានខណ្ឌ។
សម្រាប់ខណ្ឌដូនពេញ ជាដំណោះស្រាយបឋមលោក សុខ ពេញវុធ អភិបាលខណ្ឌ បានដឹកនាំមន្ត្រីក្រោមឱវាទ កម្លាំងប្រជាការពារខណ្ឌ និងភ្នាក់ងារអនាម័យសង្កាត់ទាំង១១ សហការ ជាមួយរដ្ឋករស័្វយតគ្រប់គ្រងសំរាម និងកាកសំណល់រឹង រាជធានីភំ្នពេញ ចុះប្រមូលសំរាមតាមគ្រប់ដេប៉ូធំៗ ដើម្បីធានាឲ្យការប្រមូល សំអាត និងដឹកជញ្ជូនសំរាម បានល្អប្រសើរ មិនមានការកកស្ទះ និងមិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ សណ្តាប់ធ្នាប់សាធារណៈ និងអនាម័យក្នុងមូលដ្ឋាន។
កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់កម្មកររបស់ក្រុមហ៊ុនស៊ិនទ្រីទាំងអស់ ឲ្យបញ្ឈប់ការធ្វើកូដកម្មដោយយកបញ្ហាសំរាម ជាចំណាត់ខ្មាំងតទៅទៀត។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដើរបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
សេចក្តីជូនដំណឹងនេះបានធ្វើឡើង បន្ទាប់ពីមានការធ្វើកូដកម្មតវ៉ារបស់បុគ្គលិកក្រុមហ៊ុនសិនទ្រី ដែលធ្វើឡើងចាប់តាំងពីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ បណ្តាលឱ្យមានសំរាមកកស្ទះនៅតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ។ ការធ្វើកូដកម្មនេះ កម្មករបានទាមទារឱ្យក្រុមហ៊ុន ស៊ីនទ្រី ដោះស្រាយនូវ៖ ប្រាក់បំណាច់អតីតភាពការងារ ប្រាក់សំណងជំងឺចិត្ត ប្រាក់ជួសការជូនដំណឹងមុន ប្រាក់ខែចុងក្រោយ ការឈប់សម្រាកប្រចាំឆ្នាំដែលនៅសេសសល់។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ, ការទាមទារខាងលើនេះអាចទៅរួចបាន លុះត្រាតែ ក្រុមហ៊ុនបានបញ្ចប់ការងាររបស់ពួកគាត់ ប៉ុន្តែ ជាក់ស្តែង ក្រុមហ៊ុនពុំបានបញ្ចប់ការងាររបស់ពួកគាត់ទេ ក្រុមហ៊ុនកំពុងតែដំណើរការធម្មតា ដូច្នេះការទាមទាររបស់កម្មករក្រុមហ៊ុន ស៊ីនទ្រី នេះ មិនស្របតាមច្បាប់ស្ដីពីការងារ និងលិខិត បទដ្ឋានគតិយុត្តទេ។
រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវដល់កម្មកររបស់ក្រុមហ៊ុនស៊ីនទ្រី ឱ្យបញ្ឈប់ការធ្វើកូដកម្ម ដោយ យកបញ្ហាសំរាមជាចំណាប់ខ្មាំង ដើម្បីទាមទារលក្ខខណ្ឌដែលខុសច្បាប់ ហើយត្រូវចូលបំពេញការងារផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាមជាតាមធម្មតាវិញយ៉ាងយូរបំផុតនៅថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០ ជាកំហិត។ បើមិនដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រកាសជ្រើសរើសកម្មករថ្មី ដើម្បីបំពេញការងារផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម ដោយមិនទទួល យកកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រីឡើយ។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវឱ្យប្រជាពលរដ្ឋ មេត្តាវេចខ្ចប់ ទុកដាក់ និង បញ្ចេញសំរ៉ាមរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមពេលវេលាដែលបានកំណត់។
ដើម្បីបញ្ចៀសការកកស្ទះសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងចាត់វិធានការដោយប្រើប្រាស់រថយន្តដឹកសំរាម របស់រដ្ឋបាលរាជធានីភ្នំពេញ និងឱ្យអាជ្ញាធរខណ្ឌទាំង១៤ បញ្ចេញម៉ូតូកង់បីដឹកសំរាម និងកម្លាំងដើម្បីប្រមូលសំរាមនៅតាមមូលដ្ឋាន ខណ្ឌរៀងៗខ្លួន៕