(ពោធិ៍សាត់)៖ ជនរងគ្រោះម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងក្រោមផ្ទះរបស់ខ្លួន ខណៈកំពុងលាងម៉ូតូនៅក្រោមផ្ទះ ចំពេលមេឃកំពុងតែភ្លៀង។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៥៖៣០នាទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិបឹងស្មុគ្រ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។
តាមរបាយការណ៍ របស់នគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់នោះ មានឈ្មោះ ភ្នំ ជលសា ភេទប្រុស អាយុ២៣ ឆ្នាំរស់នៅក្នុងភូមិបឹងស្មុគ្រ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។
មុនពេលកើតហេតុ គឺមេឃកំពុងតែធ្លាក់ភ្លៀង ហើយក្រោយមកមេឃក៏រៀងថមថយភ្លៀងបន្តិច តែនៅមានរលឹមស្រឹចៗ លាយឡំខ្យល់ផ្គរលាន់ និងផ្លេកបន្ទោរផងនោះ ជនរងគ្រោះរួម ទាំងប្រពន្ធនិងកូន បាននៅក្រោមផ្ទះនាំគ្នាជូតម៉ូតូដែលលាងរួច ភ្លាមនោះក៏ត្រូវរន្ទះបាញ់ស្លាប់ជនរងគ្រោះតែម្តង។ ដោយឡែកប្រពន្ធ និងកូនតូចម្នាក់ទៀត មិនមានរងរបួសអ្វីឡើយ។
ក្រោយពិនិត្យនិងធ្វើកោសល្យវិច័យ របស់សមត្ថកិច្ចនគរបាលជំនាញ បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារករណីរន្ទះបាញ់ពិតប្រាកដមែន។ បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានកើតហេតុ៕