(កណ្តាល)៖ លោកស្រី ទូច លីហួង ម្ចាស់កំពង់ចម្លងកោះតេជោ-គគីរធំ បានអះអាងចំពោះអាជ្ញាធរស្រុកកៀនស្វាយថា ការយកលុយគឺយកទៅតាមតម្លៃក្នុងសៀវភៅបន្ទុក ដែលបានកំណត់រួចហើយ មិនមែនចេះតែយកនោះទេ គឺមានតែយកក្រោមសៀវភៅបន្ទុកទៀតផង។
លោកស្រីអះអាងយ៉ាងដូច្នេះ នៅគ្រាដែលក្រុមការងារចុះទៅពិនិត្យ សួរនាំពីករណីពលរដ្ឋចោទប្រកាន់ថា បានយកលុយពីពួកគាត់គ្រាន់តែធ្វើដំណើរតាមផ្លូវចូលភូមិ។
កាលថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ លោក ពៅ គីមលី អភិបាលរងស្រុកកៀនស្វាយ សហការជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងអាជ្ញាធរភូមិ-ឃុំ បានចុះផ្ទាល់ដល់ទីតាំងភូមិកោះតេជោតែម្ដងដើម្បីសួរនាំតែម្តង។
មន្ត្រីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល បានឱ្យដឹងថា ទីតាំងនេះមិនមែនជាប្រភេទផ្លូវសម្រាប់ចូលភូមិនោះទេ ភូមិសាស្រ្តនេះ គឺជាកំពង់ចម្លងកោះតេជោ-គគីរធំ ដោយនៅរដូវវស្សា អ្នកដំណើរត្រូវធ្វើដំណើរដោយទូកចម្លង ចំណែកនៅរដូវប្រាំង ទឹកទន្លេមានស្ថានភាពគោករាក់ អាចធ្វើឱ្យទូកចម្លងគឿង ពុំអាចចម្លងបាន ដូច្នេះអ្នកទទួលសិទ្ធិធ្វើអាជីវកម្ម ភាស៊ីកំពង់ចម្លង កោះតេជោ-គគីរធំ ត្រូវប្ដូរពីការប្រើប្រាស់ទូកចម្លង មកជាការចាក់ដីលើកផ្លូវ ដើម្បីឱ្យអ្នកដំណើរអាចឆ្លងកាត់បាន។ ការធ្វើដំណើរតាមផ្លូវដីនេះ អ្នកដំណើរត្រូវបង់សេវាចម្លង តាមតម្លៃដែលមាន ចែងក្នុងសៀវភៅបន្ទុក។
បើតាមការអះអាងរបស់លោកស្រីម្ចាស់កំពង់ចម្លង ការលើកផ្លូវដីនេះ គឺលោកស្រីប្រើប្រាស់នៅមធ្យោបាយផ្ទាល់ខ្លួន ព្រមទាំងបានជួលដីរបស់ឯកជន សម្រាប់ធ្វើជាផ្លូវ ជូនអ្នកដំណើរឆ្លងកាត់ជារៀងរាល់ថ្ងៃផងដែរ។
ក្នុងឱកាសនោះដែរ អាជ្ញាធរស្រុក និងមន្ទីរពាក់ព័ន្ធ បានសំណូមពរឱ្យម្ចាស់កំពង់ចម្លង មិនឱ្យយកលុយពីសិស្សានុសិស្ស មន្ត្រីរាជការ និងគ្រូបង្រៀន ទាំងមនុស្ស និងយាន្តជំនិះ ដែលសំណូមពរនេះត្រូវបានម្ចាស់កំពងចម្លងបានយល់ស្របតាមសំណូមពររបស់អាជ្ញាធរផងដែរ៕