(បន្ទាយមានជ័យ)៖ រដ្ឋបាលក្រុងប៉ោយប៉ែត ក្រោមការដឹកនាំផ្ទាល់របស់ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ នាំយកគ្រឿងចក្រចុះ កាយរំដោះទឹកជំនន់ទឹកភ្លៀង ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីបញ្ចៀសការជន់លិច។
ក្នុងការចុះកាយបើកមុខទឹកនេះ បានធ្វើឡើងកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ ដោយមានលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត រួមដំណើរដោយលោក មាស សំណាង ប្រធានការិយាល័យចក្រចេញចូលតែមួយក្រុង លោក ហេង សុខហ៊ន ប្រធានអង្គភាពលទ្ធកម្ម លោក ម៉ក់ រតនា អនុប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈក្រុង អាជ្ញាធរមូលដ្ឋាន សង្កាត់ភូមិ ក្រុមការងារ យុវជនសង្កាត់។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានថ្លែងថា ចំពោះការចុះកាយបើកមុខទឹកបញ្ចៀសការជន់លិចនេះ លោកបានសុំការយោគយល់ ចំពោះបងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសាស្ត្រខាងលើ កាណាគ្រឿងចក្រចុះកាយប្រព័ន្ធបង្ហូរទឹកជំនន់ទឹកភ្លៀងនេះ គឺនឹងមានផលប៉ះពាល់មួយចំនួន ដូច្នេះហើយសូមអធ្យាស្រ័យទៅវិញទៅមក ដើម្បីរដោះទឹកជំនន់នេះផងដែរ។
លោកបានបន្តថា ចំពោះផ្លូវខាងលើ សូមបងប្អូនជួយចូលរួមសហការ ចំពោះផលប៉ះពាល់ដីចំណីផ្លូវ និងជួយចូលរួមចំពោះការដាក់ប្រព័ន្ធលូមុខផ្ទះរៀងៗខ្លួន បើបានលោកនិងស្ថាបនា ផ្លូវក្រាលថ្មមិចជូន ជាអំណោយដ៏ពិសិដ្ឋរបស់លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ និងលោកស្រីឧកញ៉ា ហេម ចិត្តា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ។
លោកអភិបាលបន្តទៀតថា ដើម្បីស្ថាបនាផ្លូវក្រាលថ្មមិច ចំណុចទីតាំងនេះ ដំបូងលោកចាក់ដីបន្ថែមឲ្យស្មើនីហ្វូផ្លូវ ដើម្បីការពារការជន់លិច ទើបលោកបន្តដាក់គ្រឿងចក្រចុះ កៀរកិនគ្រឹះចាក់ក្រាលថ្មមិចនេះ បានរួចរាល់ ផ្លូវនេះគឺលែងលំបាកទៀតហើយ៕