(កណ្ដាល)៖ ក្រោមបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងនគរបាលក្រុងតាខ្មៅ បានបំបែកសំបុកចោរដោយក្របួចបានចោរប្លន់ ៤នាក់ នៅសល់បក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់។ ក្រុមចោរត្រូវបានចាប់ខ្លួននៅល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០។

លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលថា លោកឧត្តមសេនីយ៍ស្នងការ តែងតែគិតគូរយកចិត្តទុកដាក់បំផុត ចំពោះសុខ សុវត្ថិភាពជូនពលរដ្ឋ ពិសេសត្រូវបង្ក្រាបឱ្យអស់ក្រុមមនុស្សបង្កអសន្តិសុខទាំងឡាយនៅក្នុងមូលដ្ឋាន ដោយត្រូវតែបោសសំអាតឱ្យអស់ និងឱ្យទាន់ពេលវេលា ហើយត្រូវដាក់ចិត្តដាក់កាយ រកសេចក្ដីសុខជូនពលរដ្ឋ និងឆ្លើយតបរាល់តម្រូវការរបស់ពួកគាត់។

លោកបន្តថា កម្លាំងរបស់លោកបានតាមដានក្រុមចោរនេះអស់រយៈពេលមួយខែ ដើម្បីរង់ចាំឱកាសល្អក្របួសបានទាំងសំបុក។ ជាក់ស្ដែងក៏ចាប់បានភ្លាមៗប៉ុន្តែម្នាក់បានរត់គេចខ្លួនបាត់ស្រមោល។

លោកបន្តថា ជនសង្ស័យទាំង៥នាក់រួមមាន៖

*ទី១៖ ឈ្មោះ ជា សិលា អាយុ២១ឆ្នាំ ទីលំនៅសង្កាត់ព្រៃសរ ខណ្ឌដង្កោ មុខរបរមិនពិតប្រាកដ
*ទី២៖ ឈ្មោះ ជា ផានិត អាយុ១៦ឆ្នាំ ទីលំនៅសង្កាត់ព្រៃសរ ខណ្ឌដង្កោ មុខរបរមិនប្រាកដ (ឃាត់ខ្លួន)
*ទី៣៖ ឈ្មោះ ពេជ្រ វិរៈ អាយុ១៥ឆ្នាំ ទីលំនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ មុខរបបសិស្ស (ឃាត់ខ្លួន)
*ទី៤៖ ឈ្មោះ សុផល វឌ្ឍនា អាយុ១៥ឆ្នាំ ទីលំនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ មុខរបបសិស្ស (ឃាត់ខ្លួន)
*ទី៥៖ ឈ្មោះ កក្តដា អាយុ១៧ឆ្នាំ ទីលំនៅមិនស្គាល់បានរត់គេចខ្លួន។

លោកអធិការ បានរៀបរាប់ដំណលររឿងថា នៅថ្ងែទី៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៩៖៣០នាទី កម្លាំងនគរបាលក្រុងតាខ្មៅ បានចេញល្បាតដល់មុខសាលាបឋមសិក្សាព្រែកសំរោង ឃើញមានមនុស្ស៥នាក់ និងម៉ូតូ០២គ្រឿងកំពុងនៅជុំគ្នា។

ពេលឃើញសមត្ថកិច្ច ជនសង្ស័យបានជិះម៉ូតូគេចខ្លួន ពេលនោះកងកម្លាំងនគរបាល បានជិះម៉ូតូដេញតាមឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ និម៉ូតូ២គ្រឿង យកមកសាកសួរនៅអធិការដ្ឋាន នគរបាលក្រុងតាខ្មៅ។

លោកបន្តថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួន និងបក្ខពួកទើបវាយប្លន់បានម៉ូតូមួយគ្រឿងម៉ាក Honda dream 2019 បាននៅចំណុចដើមទ្រាំងផ្លូវជាតិលេខ៣ ក្នុងទឹកដីខេត្តតាកែវ ហើយមករកម៉ូយទិញក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។

ដោយឡែកជនសង្ស័យឈ្មោះ ជា សិលា បានសភាពបានធ្លាប់ធ្វើសកម្មភាពបាន៣លើករួចមកហើយរួមមាន៖

*លើកទី១ និងទី២៖ នៅស្រុកស្អាងខេត្តកណ្តាល បានម៉ូតូម៉ាក Nex ២គ្រឿងមានគ្នា ៦នាក់ មានឈ្មោះ ណាក់ និងលាភ ដោយឡែក៣នាក់ទៀត មិនស្គាល់ឈ្មោះ
*លើកទី៣៖ ធ្វើនៅដើមទ្រាំងទឹកដីខេត្តតាកែវជាមួយឈ្មោះ ណាក់ បានម៉ូតូម៉ាក Nex មួយគ្រឿងនៅដើមទ្រាំងខេត្តតាកែវ ហើយលើកនេះខ្លួនមិនបានចូលរួមធ្វើសកម្មភាពទេ តែជួយរកម៉ូយទិញម៉ូតូដែរបក្ខពួកខ្លួនវាយប្លន់បាន។

ក្រោយធ្វើការសាកសួររួចជនសង្ស័យទាំង៤នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនិតិវិធី៕