(កំពង់ឆ្នាំង)៖ ព្រះគ្រូសិរីមង្គលមុនី ម៉ុច សៅលី ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តសម្ដេច នន្ទ ង៉ែត សែនជ័យសត្ថារាម (ហៅវត្តក្រឡាញ់ចាស់) ជាជំនួយការសាលាអនុគណស្រុករលាប្អៀរ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ បាននាំយកអំណោយមួយចំនួន ប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំប្រស្នឹប និងពលរដ្ឋក្រីក្រនៅក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ព្រះគ្រូសិរីមង្គលមុនី ម៉ុច សៅលី មានសង្ឃដីកាបញ្ជាក់ថា ជំនួយទាំងអស់នេះជាសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានយកមកប្រគេនក្នុងឱកាសបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌរយៈ ពេល១៥ថ្ងៃ ទុកសម្រាប់ផ្គត់ផ្គង់ព្រះសង្ឃក្នុងវត្ត តែដោយមើលឃើញថា ទេយ្យទានពុទ្ធបរិស័ទមានច្រើន ព្រះអង្គ និងអាចារ្យ គណៈកម្មការវត្ត បានឯកភាពគ្នាទុកមួយចំណែកសម្រាប់ព្រះសង្ឃ និងមួយចំណែកទៀតយកមកចែករំលែកខ្លះ ដើម្បីជូនជាកុលសផលបុណ្យបន្ថែមទៀតជូនដល់ម្ចាស់ទាន។
ព្រះគ្រូសិរីមង្គលមុនី ម៉ុច សៅលី ក៏បានមានសង្ឃដីកា ផ្ដាំផ្ញើដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រស្នឹប និងប្រជាពលរដ្ឋត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀត និងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 កុំឱ្យកើតមាននៅ ក្នុងគ្រួសារ និងនៅក្នុងសហគមន៍ជាពីសេសត្រូវរួមគ្នាថែរក្សាសន្តិភាពឱ្យនៅគង់វង្សផងដែរ។
សូមបញ្ជាក់ថា អំណោយដែលបានប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រស្នឹប មាន៖ អង្ករ១៥០គីឡូ មី៣កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ ២យួរ និងបច្ច័យ ២០ម៉ឺនរៀល និងជូនដល់លោកយាយ អៀង អាយុ៧០ នៅក្នុងឃុំ ប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មាន អង្ករ ២៥គីឡូ មី១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ និងបច្ច័យ១០ម៉ឺនរៀល៕