(ស្វាយរៀង)៖ មានការភ្ញាក់ផ្អើល និងការបារម្មណ៍អំពីសុខភាពរបស់ប្រជាពលរដ្ឋ បន្ទាប់ពីមានការបង្ហោះតាមរយៈបណ្តាញសង្គម Facebookថា នំដែលមានស្លាក nemtom ផលិតនៅប្រទេសវៀតណាម ធ្វើឡើងអំពីក្រដាស ឬក្រដាសជូតមាត់។

លោក ណាល់ វិចិត្រ ប្រធានសាខាកាំកុងត្រូល ខេត្តស្វាយរៀង បានឲ្យដឹង ក្រោយពីទទួលបានព័ត៌មា​ន ក្រុមការងាររបស់លោក បានចុះធ្វើការស្រាវជ្រាវជាបន្ទាន់ នៅផ្សារជីភូ ដែលមានដាក់តាំងលក់នៅទីនោះ។ ក្រោយពីការអង្កេតស្រាវជ្រាវព័ត៌មាន ទាក់ទងនឹងទីកន្លែងផលិត ក៏ដូចជាការបញ្ជូនគំរូនំ ទៅវិភាគនៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល លទ្ធផលបង្ហាញឲ្យដឹងថា នំនេះពុំមែនជានំ ដែលផលិតឡើងអំពីក្រដាស ឬក្រដាសជូតមាត់ ដូចព័ត៌មានដែលបានចុះក្នុងបណ្តាញសង្គមនោះទេ នំនេះផលិតឡើងដោយវត្ថុធាតុដើម និងគ្រឿងផ្សំសមស្រប ទៅតាមលក្ខខណ្ឌបច្ចេកទេសនៃការផលិត និងទីតាំងផលិតច្បាស់លាស់ និងមានមធ្យោបាយទំនាក់ទំនងត្រឹមត្រូវ។

លោកបានបន្តទៀតថា ក្នុងករណីដែលមានជួបប្រទះ នូវបញ្ហាមិនប្រក្រតីលើសុវត្ថិភាព និងគុណភាពម្ហូបអាហារ ឬករណីពុលជាដើម សូមបងប្អូនប្រជាពលរដ្ឋមេត្តាជួយផ្តល់ព័ត៌មាន និងសហការជាមួយសមត្ថកិច្ចកាំកុងត្រូល ខេត្តស្វាយរៀង តាមរយៈការទំនាក់ទំនងមកលេខទូរស័ព្ទដូចខាងក្រោម៖ 088 86 89 868,088 89 19 616,088 85 68 668 097 999 66 11,088 5555 440,097 87 78 998 ៕