(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូមួយខ្សែ មានប្រវែងសរុប១៣.៥គីឡូម៉ែត្រ ផ្តល់ជូនដល់ពលរដ្ឋនៅសង្កាត់ព្រះពន្លា និងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ដែលដំណាក់កាលទី១ ស្ថាបនាតែប្រវែង៤,២០០ម៉ែត្រ ពីភូមិកំព្រីង ដល់ភូមិថ្មី សង្កាត់ភ្នៀត។
ពិធីបើកការដ្ឋាននេះធ្វើឡើងកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ ក្រោមការចូលពីសំណាក់មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត, លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរិសោភ័ណ រួមនឹងអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋបានចូលរួមអបអរសាទរជាច្រើនផងដែរ។
ថ្លែងនាឱកាសនោះ អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋ ដែលបានជួយសម្រួលរាល់ការប៉ះពាល់លើការស្ថាបនាផ្លូវខាងលើនេះ ដោយផ្លូវមួយខ្សែជាប្រយោជន៍រួម សម្រាប់បងប្អូននៅមូលដ្ឋានធ្វើដំណើរ ដឹកជញ្ជូនទំនិញ កសិផលផ្សេងៗ ពិសេសបង្កភាពងាយស្រួលដល់សិស្សានុសិស្សទៅសិក្សារៀនសូត្រ។
លោកបន្តថា «សមិទ្ធផលទាំងនេះ កើតចេញដោយកត្តាសុខសន្តិភាព។ សន្តិភាពបាននាំមកនូវការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ដែលបានដឹកនាំប្រទេសកម្ពុជាពីរបបដ៏ខ្មៅងងឹត មកជាប្រទេសដែលអភិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់។ នេះក៏ដោយសារកាដឹកនាំដ៏ឈ្លាសវៃ មគ្គុទ្ទេសក៏ដ៏ឆ្នើមបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូច្នេះសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាពមួយនេះ ឲ្យបានគង់វង្សយូរអង្វែងកុំឲ្យបាត់បង់ទោះក្នុងតម្លៃណាក៏ដោយ»។
លោក ហួត សាវឺ ចៅសង្កាត់ភ្នៀត បានបញ្ជាក់ឲ្យដឹងថា ផ្លូវមួយខ្សែនេះពិតជាមានសារសំខាន់ណាស់ សម្រាប់បងប្អូនពលរដ្ឋនៅមូលដ្ឋាន សម្រាប់ការធ្វើដំណើរប្រកបរបរកស៊ី ឬដឹកទំនិញកសិផលផ្សេង និងទៅលក់ដូរឥវ៉ាន់នៅទីផ្សារក្នុងទីរួមខេត្ត។ ផ្លូវមួយខ្សែរនេះ មានភាពលំបាកជាច្រើនឆ្នាំមកហើយ ដោយរដូវវស្សា ដក់ទឹក រអិលពិបាកធ្វើដំណើរ ពិសេសសិស្សានុសិស្សធ្វើដំណើរទៅរៀនជួបការលំបាកជាដើម ហើយនៅរដូវប្រាំងវិញមានដីហ៊ុយខ្លាំង។ ទន្ទឹមនឹងសមិទ្ធផលថ្មីនេះ ក្នុងនាមអាជ្ញាធរយើងទាំងអស់គ្នាពិតជាមានក្តីរីករាយជាខ្លាំង ដែលរដ្ឋបាលខេត្តបានទម្លាក់ថវិកា ពិសេសបានប្រែមុខមាត់ផ្លូនេះពីផ្លូវគ្រោះក្រហម ទៅជាផ្លូវក្រាលកៅស៊ូ។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរិសោភ័ណ បានឲ្យដឹងថា ផ្លូវមួយខ្សែនេះ គឺជាថវិកាចំណាយរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ និងចំពោះគម្រោងដែលគ្រប់បានលើកស្នើសុំស្ថាបនាផ្លូវផ្សេងៗ នៅក្នុងមូលដ្ឋាន គឺត្រូវលើជាផ្លូវបេតុង ក្នុងនាមអាជ្ញាធរក្រុងលោក ក៏បានប្តេជ្ញាថា នឹងធ្វើការកែប្រែផ្លូវលំមួយចំនួនដែលមាននៅក្នុងក្រុងឲ្យទៅជាផ្លូវបេតុងទាំងអស់។
លោកអភិបាលក្រុងបានបញ្ជាក់ថា ផ្លូវមួយខ្សែដែលត្រូវស្ថាបនាជាផ្លូវកៅស៊ូនេះមានប្រវែងសរុប ១៣.៥គីឡូម៉ែត្រពីភូមិចក សង្កាត់ព្រះពន្លា(ចុងផ្លូវបេតុង) ទៅភូមិពង្រុះ សង្កាត់ភ្នៀត តែការស្ថាបនានេះធ្វើទៅតាមដំណាក់កាល ដោយដំណាក់កាលដំបូងធ្វើត្រឹមតែ ៤,២០០ម៉ែត្រសិន៕