(ភ្នំពេញ)៖ តាមរយៈវីដេអូកិច្ចសម្ភាសន៍ជាមួយបណ្ដាញព័ត៌មាន Fresh News, លោក រដ្ឋា វិសាល អតីតបុគ្គលិកវិទ្យុអាស៊ីសេរី បានអះអាងចំណុចមួយចំនួនថា បុគ្គលិកជាអ្នកព័ត៌មាននៅវិទ្យុអាស៊ីសេរី ភាគីច្រើនជាបងប្អូន ឬជាសាច់ញាតិរបស់អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដូច្នេះការផ្សព្វផ្សាយគឺមានលក្ខណៈលំអៀង និងមានខ្លះលក្ខណៈញុះញង់ ខ្វះវិជ្ជាជីវៈ។

បើតាមលោក រដ្ឋា វិសាល បានអះអាងថា ដោយសារបុគ្គលិកភាគច្រើនជាសាច់ញាតិរបស់ថ្នាក់ដឹកនាំបក្សប្រឆាំង ហើយខ្លះមាននិន្នាការប្រឆាំង ហើយសរសេរផ្សព្វផ្សាយមកមានលក្ខណៈលំអៀង និងខ្លះទៀតមានលក្ខណៈញុះញង់ អុចអាល។

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ដែលនិយាយបកអាក្រាតរឿងផ្ទៃក្នុងមិនសំចៃមាត់រូបនេះបានថ្លែងយ៉ាងដូច្នេះថា «គេរើសយកសាច់ញាតិមួយរបស់ ប៉ុល ហំ គឺលោក មួង ណារ៉េត ហើយតាមខ្ញុំដឹង ដូចជាក្មួយប្រសារនៅរដ្ឋវ៉ាស៊ីនតោន ហើយនៅភ្នំពេញ មានច្រើនទៀតប៉ុន្ដែខ្ញុំសុំមិនលើក ដែលសុទ្ធតែជាសាច់ញាតិគណបក្សសង្គ្រោះជាតិ»

អតីតបុគ្គលិកបម្រើការនៅអាស៊ីសេរី លោក វិសាល បានបន្តយ៉ាងដូច្នេះថា «ព័ត៌មានអាស៊ីសេរីមានលក្ខណៈបំភ្លៃច្រើន និងកាត់តទៀត កន្លែងកាត់ត យកមកបំភ្លៃហើយគេសរសេរមានលក្ខណៈញុះញង់ ព័ត៌មានខ្លះតូចទេ តែគេបំប៉ោងទៅជារឿងធំ ហើយមានរឿងពិសេសមួយទៀតដែលខ្ញុំឃើញផ្ទាល់គឺនៅ Group របស់គេ អាស៊ីសេរីគេមាន Group របស់គេ...ពេលខ្លះគេប្រើពាក្យឆ្លើយឆ្លងគ្នាប្រមាថមើលងាយ ថ្នាក់ដឹកនាំជាតិណាស់ ហើយគេចាត់ទុកមន្រ្តីរដ្ឋាភិបាលជាសត្រូវតែម្តង ពីព្រោះនៅសារគេហ្នឹង ពេលថតរូបអ្វីបាន ឧទាហរណ៍ដូចរូបថតភរិយារបស់ថ្នាក់ដឹកនាំយើង ដូចមិនសូវល្អ មិនសមរម្យអីបន្តិច ស្លៀកពាក់ឆើតឆាយអីបន្តិច គេរិះគន់ថាអញ្ជេះអញ្ជះ..ជាលក្ខណៈមើលងាយ»

សូមស្តាប់ការលើកឡើងរបស់លោក រដ្ឋា វិសាល តាមរយៈវិដេអូនៃកិច្ចសម្ភាសន៍៖