(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានកត់សម្គាល់ថា ជំងឺកូវីដ១៩ មិនទាន់មានថ្នាំព្យាបាល ហើយការឆ្លងនៅតែស្រួចស្រាវ ដែលក្នុងនោះសូម្បីតែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឆ្លងជំងឺសាកលមួយនេះផងដែរ។
ឆ្លើយតបនឹងស្ថានភាពបែបនេះ សម្តេចតេជោ ហ៊ុន សែន បានក្រើរំលឹកដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យបន្តប្រកាន់ស្មារតីប្រុងប្រយ័ត្ន និងមិនត្រូវមើលស្រាល ឬធ្វេសប្រហែសចំពោះជំងឺកូវីដ១៩នោះឡើយ។
នៅលើទំព័រ Facebook នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានក្រើនរំលឹកបែបនេះ «ដោយសារជំងឺកូវីដ-១៩ ពុំទាន់មានថ្នាំព្យាបាល ហើយឆ្លងរីករាលដាលលឿន សូម្បីតែប្រធានាធិបតីអាមេរិកក៏មានឆ្លងជំងឺនេះដែរ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ទឹកអាល់កុល នឹងពាក់ម៉ាសទៅតាមស្ថានភាពនឹងតម្រូវការចាំបាច់ជាក់ស្តែង។ សូមកុំមើលស្រាលនឹងធ្វេសប្រហែសចំពោះជំងឺកូវីដ-១៩ ឱ្យសោះ»។
យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា មកដល់ព្រឹកថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២០នេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប ២៧៨នាក់។ ក្នុងនោះព្យាបាលជាសះស្បើយ ២៧៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន៣នាក់ទៀត។
នៅថ្ងៃទី០៣ ខែតុលា ម្សិលមិញ សម្រាប់កម្ពុជា មិនមានអ្នកឆ្លងថ្មី ហើយក៏មិនមានអ្នកព្យាបាលជាសះស្បើយនោះដែរ។ តែក្រសួងសុខាភិបាល បានកត់សម្គាល់ថា មានអ្នកជំងឺម្នាក់ជាស្ត្រី សង្ស័យមានជំងឺកូវីដ១៩ ដោយកំពុងយកសំណាកពីមន្ទីរពិសោធន៍ក្នុងខេត្តសៀមរាប មកធ្វើតេស្តបន្ថែមនៅវិទ្យាប៉ាស្ទ័រ ដើម្បីឱ្យប្រាកដថា តើស្ត្រីរូបនេះមានជំងឺកូវីដ១៩ ឬយ៉ាងណា?
បើទោះបីថា បច្ចុប្បន្នស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា គ្រប់គ្រងបានល្អ និងមិនរីករាលដាលស្រួចស្រាវដូចបណ្តាប្រទេសលើពិភពលោកយ៉ាងណាក្តី។ តែក្រសួងសុខាភិបាល នៅតែបន្តដាក់ចេញ និងអនុវត្តន៍នូវវិធានការទាំងឡាយក្នុងការទប់ស្កាត់ជំងឺកូវីដ១៩នេះ ហើយអំពាវនាវប្រជាពលរដ្ឋឱ្យប្រកាន់ខ្ជាប់នូវស្មារតីរក្សាអនាម័យ និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺទៅខ្លួនឯង ក្រុមគ្រួសារ ជាពិសេសនៅក្នុងសហគមន៍៕