(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ រួមទាំងឥស្សរជនឆ្នើមចំនួន៣រូបផ្សេងទៀត ដែលមានស្នាដៃក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០នេះ បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យកម្ពុជា។
ពិធីប្រគល់សញ្ញាបត្រ បណ្ឌិតកិត្តិយសជូនដល់ឥស្សរជនឆ្នើមទាំង៤រូបនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត កៅ គឹមហួន ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យកម្ពុជា នៅសាលមហោស្របប៉ុស្តិ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ដោយមានអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ និងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។
ឥស្សរជន ដែលត្រូវទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសទាំង៤រូបមាន៖ ទី១៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រយោធា ពីសាលាតេជោសែន កិច្ចការរដ្ឋាភិបាលនិងទំនាក់ទំនងអន្តរជាតិ។ ទី២៖ លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកការទូត ពីសាលាតេជោសែន កិច្ចការរដ្ឋាភិបាល និងទំនាក់ទំនងអន្តរជាតិ។ ទី៣៖ លោក រ៉ាត់ ដារ៉ារ័ត្ន នាយកគ្រប់គ្រងក្រុមហ៊ុនសាន់អែនមូនគ្រុប ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែករដ្ឋបាលពាណិជ្ជកម្ម ពីសាលាពាណិជ្ជសាស្រ្ត តូនីហ្វឺណាន់ដេស និងទី៤៖ លោក កាំ ជីនសេង នាយកគ្រប់គ្រងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ National 6A Co., Ltd & ក្រុមហ៊ុន CC Peninsula Co., Ltd ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកពាណិជ្ជកម្មអន្តរជាតិ ពីសាលាពាណិជ្ជសាស្រ្តតូនីហ្វឺណាន់ដេស។
លោកបណ្ឌិត កៅ គឹមហួន បានបញ្ជាក់ថា នៅឆ្នាំសិក្សា ២០២០-២០២១នេះ សាកលវិទ្យាល័យកម្ពុជា មានគម្រោងកម្មវិធីពិសេសក្នុងការប្រគល់នូវសញ្ញាបត្របណ្ឌិតកិត្តិយស លើមុខវិជ្ជាជំនាញសំខាន់ៗមួយចំនួន ជូនឥស្សរជនខ្មែរ និងបរទេសដែលមានគុណសម្បត្តិដ៏ធំធេងក្នុងការចូលរួមចំណែកកសាង-ការពារ និងអភិវឌ្ឍប្រទេស កម្ពុជាឲ្យបានរួចផុតពីភាពឱនាភិវឌ្ឍ និងសេចក្ដីក្រីក្រ។
លោកបានបញ្ញាក់ទៀតថា ឥស្សរជនដែលត្រូវបានជ្រើសរើសឲ្យទទួលខុសនូវសញ្ញាបត្របណ្ឌិតកិត្តិយស នៃសាកលវិទ្យាល័យកម្ពុជា សុទ្ធតែមានលក្ខណៈសម្បត្តិ ជាវរជនគំរូ ដែលបានបរិច្ចាគនូវកំលាំងចិត្ត-កាយ-និងបញ្ញា ក៏ដូចជាធនធាន និងចំណេះដឹងប្រកបដោយពលិកម្ម សូម្បីអាយុជីវិត ដើម្បីបុព្វហេតុនៃការលើកស្ទួយ គុណភាពអប់រំ-ការកសាង-ការការពារ និងការអភិវឌ្ឍប្រទេសជាតិ និងមាតុភូមិឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព សុវត្តិភាព និងសេចក្ដីសុខសន្ដិភាព។
លោកបណ្ឌិតបានបង្ហាញក្តីសង្ឃឹមថា ឥស្សរជននឹងបន្តការចូលរួមចំណែកបរិច្ចាគនូវកម្លាំងកាយចិត្ត និងបញ្ញាដើម្បីបុព្វហេតុនៃការកសាង ការពារ និងការអភិវឌ្ឍ ប្រទេសជាតិយើងឲ្យបានរុងរឿង រីកចំរើន និងប្រកបដោយសេចក្តីសុខ សន្តិភាពដ៏រឹងមាំក្នុងពេលបច្ចុប្បន្ន។
ពិសេសសាកលវិទ្យាល័យកម្ពុជានឹងខិតខំស្វះស្វែងជ្រើសរើសឥស្សរជនជាតិជាច្រើនទៀត ដែលជាបញ្ញវន្តជឿនលឿន និងជាថ្នាក់ដឹកនាំឆ្នើមទាំងក្នុងស្ថាប័នសាធារណៈ និងផ្នែកឯកជនដើម្បីឧ្យទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យកម្ពុជា ក្នុងគោលដៅរួមចំណែកស្ថាបនាវរជនគំរូឲ្យយុវជនជំនាន់ក្រោយ ក្នុងការប្រើប្រាស់ចំណេះដឹង និងជំនាញឯកទេសឈានមុខ ដើម្បីបុព្វហេតុស្ថាបនា និងអភិវឌ្ឍប្រទេសជាតិយើងឲ្យបានរុងរឿង និងរីកចំរើន ដូចអារ្យប្រទេសនៅលើពិភពលោក៕