(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០នេះ បានអំពាវនាវដល់កម្មកររបស់ក្រុមហ៊ុនស៊ិនទ្រីទាំងអស់ ឲ្យបញ្ឈប់ការធ្វើកូដកម្មដោយយកបញ្ហាសំរាមជាចំណាត់ខ្មាំងតទៅទៀត។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដើរបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
សេចក្តីជូនដំណឹងនេះបានធ្វើឡើង បន្ទាប់ពីមានការធ្វើកូដកម្មតវ៉ារបស់បុគ្គលិកក្រុមហ៊ុនសិនទ្រី ដែលធ្វើឡើងចាប់តាំងពីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ បណ្តាលឱ្យមានសំរាមកកស្ទះនៅតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ។
ការធ្វើកូដកម្មនេះ កម្មករបានទាមទារឱ្យក្រុមហ៊ុន ស៊ីនទ្រី ដោះស្រាយនូវ៖ ប្រាក់បំណាច់អតីតភាពការងារ ប្រាក់សំណងជំងឺចិត្ត ប្រាក់ជួសការជូនដំណឹងមុន ប្រាក់ខែចុងក្រោយ ការឈប់សម្រាកប្រចាំឆ្នាំដែលនៅសេសសល់។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ, ការទាមទារខាងលើនេះអាចទៅរួចបាន លុះត្រាតែ ក្រុមហ៊ុនបានបញ្ចប់ការងាររបស់ពួកគាត់ ប៉ុន្តែ ជាក់ស្តែង ក្រុមហ៊ុនពុំបានបញ្ចប់ការងាររបស់ពួកគាត់ទេ ក្រុមហ៊ុនកំពុងតែដំណើរការធម្មតា ដូច្នេះការទាមទាររបស់កម្មករក្រុមហ៊ុន ស៊ីនទ្រី នេះ មិនស្របតាមច្បាប់ស្ដីពីការងារ និងលិខិត បទដ្ឋានគតិយុត្តទេ។
រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវដល់កម្មកររបស់ក្រុមហ៊ុនស៊ីនទ្រី ឱ្យបញ្ឈប់ការធ្វើកូដកម្ម ដោយ យកបញ្ហាសំរាមជាចំណាប់ខ្មាំង ដើម្បីទាមទារលក្ខខណ្ឌដែលខុសច្បាប់ ហើយត្រូវចូលបំពេញការងារផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាមជាតាមធម្មតាវិញយ៉ាងយូរបំផុតនៅថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០ ជាកំហិត។ បើមិនដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រកាសជ្រើសរើសកម្មករថ្មី ដើម្បីបំពេញការងារផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម ដោយមិនទទួល យកកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រីឡើយ។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវឱ្យប្រជាពលរដ្ឋ មេត្តាវេចខ្ចប់ ទុកដាក់ និង បញ្ចេញសំរ៉ាមរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមពេលវេលាដែលបានកំណត់។
ដើម្បីបញ្ចៀសការកកស្ទះសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងចាត់វិធានការដោយប្រើប្រាស់រថយន្តដឹកសំរាម របស់រដ្ឋបាលរាជធានីភ្នំពេញ និងឱ្យអាជ្ញាធរខណ្ឌទាំង១៤ បញ្ចេញម៉ូតូកង់បីដឹកសំរាម និងកម្លាំងដើម្បីប្រមូលសំរាមនៅតាមមូលដ្ឋាន ខណ្ឌរៀងៗខ្លួន៕