(សៀមរាប)៖ វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពភ្នាក់ងារទេសចរណ៍ អំពីហានីភ័យប្រាសាទនៅក្នុងរមណីយដ្ឋានអង្គរ ដែលរៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ សហការជាមួយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ រយៈពេល១ខែ។
លោក លឹម ស្រ៊ូ ប្រធានភ្នាក់ងារទេសចរណ៍ក្នុងតំបន់អង្គរ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលអំពីហានីភ័យប្រាសាទនេះមានភ្នាក់ងារទេសចរណ៍ចូលរួមចំនួន ១៥៥នាក់ នៅតាមប្រាសាទសំខាន់ៗ ដូចជា ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន្ត ប្រាសាទតាព្រហ្ម ប្រាសាទប្រែរូប និងប្រាសាទបាគង។ គម្រោងនេះត្រូវបានបញ្ចប់នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។
លោក លឹម ស្រ៊ូ បន្តថា វគ្គបណ្តុះបណ្តាលនេះ បង្រៀនសិក្ខាកាមទាំងអស់អំពីតួនាទីរបស់ភ្នាក់ងារទេចរណ៍ ការពន្យល់ពីអ្នកជំនាញជាតិ-អន្តរជាតិ អំពីប្រវត្តិសាស្ត្រទូទៅនៃឧទ្យានអង្គរ ប្រវត្តិនៃការអភិរក្សនិងការជួសជុលប្រាសាទ ការចុះពិនិត្យទីតាំងដែលមានហានីភ័យផ្ទាល់ និងវិធានការការពារដើម្បីសង្គ្រោះប្រាសាទ។
តាមរយៈមេរៀនទាំងនេះ គឺដើម្បីឱ្យភ្នាក់ងារទេសចរណ៍មានមូលដ្ឋានជាគ្រឹះខ្លះៗ អាចចូលរួមអង្កេត ផ្តល់ព័ត៌មាន និងរួមចំណែកផ្តល់សញ្ញាព័ត៌មានដល់ភ្ញៀវទេសចរបានជ្រាប និងទប់ស្កាត់ហានីភ័យផ្សេងៗនៅតាមប្រាសាទ។
ថ្លែងនាឱកាសបិទវគ្គបណ្តុះបណ្តាលភ្នាក់ងារទេសចរណ៍នៅប្រាសាទបាគង លោក សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រូឧទ្ទេសក៍ទាំងអស់ ដែលបានចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់ក្រុមការងារ។
អគ្គនាយករងអាជ្ញាធរជាតិអប្សរារូបនេះបានបង្ហាញក្ដីសង្ឃឹមថា ក្រុមការងារដែលបានយកចិត្តទុកដាក់ទទួលការបណ្តុះបណ្តាល នឹងយកចំណេះដឹងទាំងនេះទៅប្រើប្រាស់ និងចែករំលែកចំណេះដឹងថ្មីនេះបន្តទៀត ប្រកបដោយផ្លែផ្កាល្អក្នុងការងារប្រចាំថ្ងៃ ដើម្បីភាពល្អប្រសើរក្នុងតំបន់អង្គរ៕