(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance បានដឹកជញ្ជូនសត្វឆ្មារដាវ (Leopard Cat) ចំនួន១គូ និងសត្វកេងកងតូច (Oriental Pied Hornbill) ចំនួន១គូ ពីមជ្ឈមណ្ឌលថែទាំ និងសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ មកផ្សាំក្នុងទ្រុងនៅជិតខ្លោងតាកាវសម្រាប់កេងកងតូច និងនៅជិតខ្លោងដីឆ្នាំងសម្រាប់ឆ្មារដាវ ដែលក្រុមការងារគម្រោងដោះលែងសត្វទាំងនេះចេញពីទ្រុងចូលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គ នាពេលខាងមុខ។
សូមបញ្ជាក់ថា តាមរយៈកិច្ចសហការនេះ ចាប់តាំងពីឆ្នាំ២០១៣មក គម្រោងទទួលបានជោគជ័យក្នុងការដោះលែងសត្វចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរបានជាច្រើនប្រភេទ ដូចជា សត្វទោចមកុដចំនួន ១២ក្បាល (កើតកូនបានចំនួន ៤ក្បាលហើយ) សត្វឈ្លូសចំនួន ៤ក្បាល សត្វស្វាព្រាមចំនួន ១២ក្បាល សត្វសំពោចក្រអូបចំនួន ៥ក្បាល សត្វភេខ្លួនរលោងចំនួន ៥ក្បាល (កើតកូនបានចំនួន ២ក្បាលហើយ) ដែលមកដល់ពេលនេះ សត្វទាំងអស់នោះនៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារ។
ដើម្បីឲ្យសត្វព្រៃទាំងអស់នោះបន្តវត្តមាននៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ និងបង្កើនចំនួនបន្ថែមទៀត អាជ្ញាធរជាតិអប្សរាបានអំពាវនាវជូនសាធារណជន ភ្ញៀវជាតិ-អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ចូលរួមថែរក្សាសត្វព្រៃទាំងនោះទាំងអស់គ្នា ជៀសវាងពេលប្រទះឃើញមានបំណងមិនល្អ និងមេត្តាកុំផ្តល់ចំណីឲ្យសត្វទាំងនោះ៕