(តាកែវ)៖ លោក ណុប រ័ត្ននិមល បានថ្លែងថា ដោយសារប្រទេសជាតិមានសុខសន្តិភាពស្ថិរភាពនយោបាយ និងការអភិវឌ្ឍគ្រប់ទីកន្លែង ធ្វើឱ្យប្រជាពលរដ្ឋយើងមានឱកាសបានធ្វើដំណើរកម្សាន្ត ប្រកបរបរកស៉ីបានដោយសេរី និងធ្វើបុណ្យទានបានគ្រប់ទីកន្លែងទូទាំងប្រទេស។
លោកថ្លែងបែបនេះក្នុងឱកាសតំណាងលោក ហ៉ីង ប៊ុនហៀង នាយករងខុទ្ធកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ្ធស្ថិតនៅវត្តតុំសង្កាត់រកា ក្រៅក្រុងដូនកែវ ខេត្តតាកែវ នៅព្រឹកថ្ងៃទី០៣ ខែតុលានេះ។
លោក ណុប រ័ត្ននិមល បានអរគុណសន្តិភាព និងស្ថាបនិកសន្តិភាពសម្ដេចតេជោ ហ៊ុន សែន ដែលបានតស៊ូប្រឹងប្រែងឆ្លងកាត់គ្រប់ឧបសគ្គរាប់រយជំពូក និងបានចំណាយសាច់ស្រស់ឈាមស្រស់ ដើម្បីរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិ ព្រមទាំងជម្រុញការអភិវឌ្ឍប្រទេសតាំងពីចំណុចសូន្យ រហូតមានការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។
លោកបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា និងដឹងគុណសន្តិភាព ពីព្រោះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់មនុស្សជាតិលើពិភពលោក។ សន្តិភាពនៅកម្ពុជា នឹងនៅបន្តភាពរឹងមាំស្ថិតស្ថេរគង់វង្សជាអមតៈ កុំឱ្យជនអគតិមួយចំនួនតូចណាមួយ មកបំផ្លាញសន្តិភាពនៅកម្ពុជាបានឡើយ។
លោក ណុប រ័ត្ននិមល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន បន្តគោរពតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយត្រូវធ្វើអនាម័យជាប្រចាំ លាងដៃនិងអាល់កុល សាប៊ូ ពាក់ម៉ាសគ្រប់ពេលដែលយើងជួបជុំមនុស្សច្រើន ដើម្បីការពារសុខភាពអាយុជីវិតខ្លួនឯង គ្រួសារ និងជនរួមជាតិ ជាការចូលរួមចំណែកការពារសុខមាលភាពសាធារណៈ និងការកំចាត់ជំងឺកូវីដ១៩នេះ ឱ្យអស់ពីកម្ពុជានិងពិភពលោក។
«ត្រូវប្រុងប្រយ័ត្នជានិច្ច យើងអាចភ្លេចជំងឺកូវីដ១៩បាន ប៉ុន្តែជំងឺកូវីដ១៩វាមិនភ្លេចយើងទេវាអាចចម្លងគ្រប់ពេលវេលា»។ នេះជាការបញ្ជាក់របស់លោក ណុប រ័ត្ននិមល។
តាមរបាយការណ៍របស់លោកអភិបាលក្រុងដូនកែវបានឱ្យដឹងថាលោកកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានចូលរួមយ៉ាងសកម្មបំរើក្នុងវិស័យព្រៈពុទ្ធសាសនា ក្នុងទឹកចិត្តប្រកបដោយសទ្ធាជ្រៈថ្លា ដ៏មុតមាំ ដែលជាពុទ្ធសានិកដ៏ឆ្នើមមួយរូប បានជួយជ្រោមជ្រែងលើកកម្ពស់វិស័យព្រៈពុទ្ធសាសនា មានការរីកចម្រើនគួរជាទីមោទនៈ និងជ្រៈថ្លាបំផុត តាមរយៈការចូលរួមកសាងសេនាសេនៈ ព្រៈវិហារ សាលាធម្មសភា កុដិ សាលាពុទ្ធិកៈសិក្សា សាលាឆាន់ ស្រៈទឹក ក្លោងទ្វារ របងតាមទីវត្តអារាមនៅក្នុងវត្តតុំ និងសមិទ្ធផល នានាមួយចំនួនទៀតនៅក្នុងប្រទេស។
ក្នុងឱកាសនោះដែរ លោក ហ៉ីង ប៊ុនហៀង បានផ្តួចផ្ដើមដង្ហែអង្គកឋិនទានវេរប្រគេនព្រៈសង្ឃវត្តតុំ ក្រុងដូនកែវ ដើម្បីបន្តការសាងសមិទ្ធផលនានានៅក្នុងទីវត្តអារាម។ បច្ច័យទទួលបាន ១៤១លានរៀល និង៦៥០០ដុល្លារ។
លោក ណុប រ័ត្ននិមល បាននាំមកនូវអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនយាយជីតាជីលោកគ្រូអ្នកគ្រូសិស្សានុសិស្សគ្រូពេទ្យក្រុមយុវជនកាយរិទ្ធកាកបាទក្រហមកម្ពុជា ប្រជាពលរដ្ឋសាលាក្រុង ក្រុមប្រឹក្សាសង្កាត់ គណៈកម្មការអាចារ្យវត្ត និងប្រជាការពារអាជ្ញាធរកងកម្លាំង៣ប្រភេទ មានក្រណាត់ស ក្រមា និងថវិការមួយចំនួន៕