(ព្រះវិហារ)៖ ផ្លូវសងខាងនៅមុខផ្សារស្រអែម ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាផ្លូវដ៏មានសារៈសំខាន់មួយឆ្ពោះទៅកាន់តំបន់ប្រាសាទព្រះវិហារនោះ ត្រូវបានប្រជាពលរដ្ឋរំលោភយកធ្វើជាកន្លែងលក់ដូរ និងខ្លះទៀតថែមទាំងបានសាងសង់ជារោងលក់ដូរទៀតផង ដែលបញ្ហានេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សណ្តាប់ធ្នាប់ ក៏ដូចជាការធ្វើដំណើរដំណើររបស់ប្រជាពលរដ្ឋជិតឆ្ងាយ។
ដើម្បីរំដោះផ្លូវមុខផ្សារស្រអែមនេះឲ្យបានធំទូលាយឡើងវិញនោះ អាជ្ញាធរនិងសមត្ថកិច្ច ក៏ដូចជាមន្ទីរ អង្គភាពជំនាញ បានប្រើអស់មធ្យោបាយ តែលទ្ធផលដែលទទួលបានមកវិញ គឺប្រៀបដូចជាវែកចកអញ្ចឹង បានន័យថាពួកគាត់អនុវត្តន៍បានតែមួយភ្លែត ប្រាប់ថ្ងៃនេះគឺព្រឹកស្អែកដដែល ធ្វើឲ្យមានមតិរិះគន់ផ្សេងៗមកលើអាជ្ញាធរ និងសមត្ថកិច្ចជំនាញទៀតផង។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានថ្លែងប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០នេះថា បញ្ហានៅមុខផ្សារស្រអែមដែលប្រជាពលរដ្ឋយកចំណីផ្លូវធ្វើអាជីវកម្មលក់ដូរនោះ គឺជាបញ្ហាស្មុគ្រស្មាញមួយដែលជំនាញ និងអាជ្ញាធរមូលដ្ឋានតែងតែឈឺក្បាល។ ប៉ុន្តែស្របពេលដែលរង្វង់មូលស្រអែមថ្មី បានសាងសង់រួចរាល់ជាស្ថាពរនោះ ក្នុងនាមមន្ទីរសាធារណការខេត្ត លោកបានប្តេជ្ញាចិត្តថានឹងរៀបចំរំដោះចំណីផ្លូវមុខផ្សារស្រអែមនេះឲ្យបាន។
លោក សំ លាងទ្រី បានថ្លែងទៀតថា តាមរយៈការផ្សព្វផ្សាយជូនដំណឹងមួយរយៈកន្លងមក ឃើញថាចាប់ពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០មក ប្រជាពលរដ្ឋដែលប្រកបរបរលក់ដូរតាមចិញ្ចើមផ្លូវ នៅមុខផ្សារស្រអែម គាត់មានយល់ដឹងច្រើន និងបានសហការជាមួយមន្ត្រីជំនាញ អាជ្ញាធរ សមត្ថកិច្ច ដោយស្មគ្រ័ចិត្តឈប់លក់ដូរតាមចិញ្ចើមផ្លូវ និងបានរុះរើសំណង់ដែលបានសង់រំលោភចំណីផ្លូវកន្លងមកដោយខ្លួនឯង។
លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងនូវការអរគុណចំពោះអាជ្ញាធរ និងសមត្ថកិច្ចស្រុកជាំក្សាន្ត ដែលបានសហការជាមួយមន្ទីរសាធារណការខេត្ត ធ្វើការរំដោះចំណីផ្លូវនៅមុខផ្សារស្រអែមទទួលបានជោគជ័យ។ លោកក៏សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលជាអាជីវករបានសហការដោយស្ម័គ្រចិត្ត ក្នុងន័យធ្វើឲ្យផ្លូវនៅទីប្រជុំជនមុខផ្សារស្រអែម មានភាពធំទូលាយឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ហើយពេលនេះមន្ទីរកំពុងធ្វើការពង្រីកផ្លូវ និងកាយលូប្រអប់ដែលស្ទះដោយសំរាម។
ជាមួយគ្នានេះដែរលោក សំ លាងទ្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋឈប់លក់ដូរលើចិញ្ចើមផ្លូវតទៅទៀត កុំសាងសង់សំណង់រំលោភលើចំណីផ្លូវ និងកុំចោលសំរាមចូលទៅក្នុងលូទឹក ត្រូវចតរថយន្តឲ្យមានសណ្តាប់ធ្នាប់នៅជុំវិញរង្វង់មូលស្រអែម ពិសេសកុំរំលោភលើចំណីផ្លូវជាលើកទី៣ តទៅទៀត៕