(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានស្នើរាជរដ្ឋាភិបាលថៃ អនុញ្ញាតឱ្យពលករកម្ពុជា កាន់បណ្ណព្រំដែន និងពលករចុះឈ្មោះធ្វើការតាមអនុស្សារណៈស្តីពីការយោគយល់គ្នា (MOU) អាចវិលត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ និងជួយបញ្ចុះថ្លៃធ្វើចត្តាឡីស័ក ១៤ថ្ងៃផងដែរ។
សំណើបានធ្វើឡើងនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយ លោកឧបនាយករដ្ឋមន្ត្រី ដន ប្រាម៉ាត់វិណៃ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ។
បើតាមសេក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ជំនួបប្រមុខការទូតកម្ពុជា-ថៃ ធ្វើឡើងដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នា អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសការរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃ ការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាកិច្ចការតំបន់ និងសកលលោកដែលជាប្រយោជន៍ និងជាក្ដីកង្វល់រួម។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានគូសបញ្ជាក់ថា «ក្នុងអំឡុងកិច្ចសន្ទនានេះដែរ លោក ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណអាជ្ញាធរថៃ ចំពោះការជួយសម្រួលក្នុងការពន្យារ សុពលភាពទិដ្ឋាការស្នាក់នៅ (stay permit) និងបណ្ណអនុញ្ញាតឲ្យធ្វើការងារ (work permit) ដល់ពលករកម្ពុជា ព្រមទាំងបង្កើនអត្ថប្រយោជន៍សម្រាប់អ្នកបាត់បង់ការងារ និងអត្ថប្រយោជន៍ផ្នែកសង្គមនានា ដល់ពលករដែលត្រូវបានព្យួរការងារ។ លោកក៏បានស្នើភាគីថៃ ឲ្យអនុញ្ញាតដល់ពលករកម្ពុជា ដែលកាន់បណ្ណព្រំដែន (border passes) និងពលករដែលចុះឈ្មោះធ្វើការតាម MOU អាចវិលត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ និងជួយបញ្ចុះថ្លៃចត្តាឡីស័ក
រយៈពេល ១៤ថ្ងៃផងដែរ»។
ក្រសួងការបរទេស បានបញ្ជាក់ទៀតថា លោក ដន ប្រាម៉ាត់វិណៃ បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបានជោគជ័យយ៉ាងធំធេងក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ទូទាំងប្រទេស។ លោកក៏បានថ្លែងអំណរគុណ ដល់ក្រសួងការបរទេសកម្ពុជា ចំពោះការជួយសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍ របស់ពលរដ្ឋថៃ ក្នុងអំឡុងពេលកូវីដ-១៩។
ជាការឆ្លើយតប លោក ប្រាក់ សុខុន បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងប្រទេសថៃ បានដោយជោគជ័យ និងមានប្រសិទ្ធភាព។ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលថៃ សម្រាប់ការផ្ដល់ជំនួយថវិកា និងបរិក្ខារពេទ្យដល់កម្ពុជាដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមទាំងការជួយសម្រួលឲ្យនិស្សិត និងអ្នកជំងឺសង្គ្រោះបន្ទាន់កម្ពុជាចេញ-ចូលប្រទេសថៃ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល, ឧបនាយករដ្ឋមន្រ្តីទាំងពីរ បានសង្កត់ធ្ងន់ចំពោះសារៈសំខាន់នៃការផ្លាស់ប្តូរព័ត៌មាន និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយសង្ឃឹថា វ៉ាក់សាំងរបស់ប្រទេសថៃ នឹងត្រូវបានផលិតដោយជោគជ័យ និងដាក់ឲ្យប្រើប្រាស់បានក្នុងពេលឆាប់ៗ។
ភាគីទាំងពីររីករាយចំពោះពាណិជ្ជកម្មទ្វេភាគីដ៏រឹងមាំ បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយកម្ពុជាបានស្នើភាគីថៃ ជួយសម្រួលការដឹកជញ្ជូនទំនិញឆ្លងដែន បង្កើនការនាំចូលកសិផលរបស់កម្ពុជា ព្រមទាំងពន្លឿនការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្ដីពីការដឹកជញ្ជូនឆ្លងដែន និងការងារសំខាន់ៗដទៃទៀត។
ភាគីទាំងពីរ បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះការបើកច្រកព្រំដែនតំបន់ និងអន្តរជាតិថ្មីៗបន្ថែមទៀត និងការតម្លើងកំរិតច្រកព្រំដែនតំបន់ដែលមានស្រាប់ទៅជាច្រកពំ្រដែនអន្តរជាតិ។ កម្ពុជាកត់សម្គាល់ដោយក្តីរីករាយ ចំពោះតួលេខវិនិយោគថៃនៅកម្ពុជា ដែលបានកើនឡើងជិត ៣ដង ក្នុងរយៈពេល ៨ខែ ដើមឆ្នាំ២០២០នេះ ធៀបនឹងតួលេខឆ្នាំមុន។
កម្ពុជាលើកទឹកចិត្តឲ្យវិនិយោគិនថៃមកធ្វើការវិនិយោគនៅកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត។ ភាគីទាំងពីរ ក៏បានសម្តែងនូវក្តីរីករាយ និងកត់សម្គាល់ចំពោះវឌ្ឍនភាពដ៏ល្អប្រសើរ លើវិស័យសំខាន់ៗដទៃទៀត រួមមាន សន្តិសុខ អប់រំ ទេសចរណ៍ ថាមពល និងការតភ្ជាប់។
ភាគីទាំងពីរ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការអនុវត្តឲ្យកាន់តែប្រសើរនូវសេចក្តីថ្លែងការណ៍រួម និងកិច្ចព្រមព្រៀងទ្វេភាគីនានារវាងប្រទេសទាំងពីរ និងរំពឹងថាកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះលើកទី៤ និងកិច្ចប្រជុំគណៈកម្មាធិការចម្រុះស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើកទី១១ នឹងត្រូវបានរៀបចំឡើងក្នុងពេលសមស្របបំផុត ក្រោយស្ថានការណ៍ជំងឺកូវីដ-១៩ បានប្រសើរឡើង។
ភាគីទាំងពីរ បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌពហុភាគី ដូចជា អាស៊ាន និងកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប ជាដើម។ ប្រមុខការទូតទាំងពីរ ថែមទាំងបានសម្ដែងក្តីរីករាយចំពោះសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់ ដែលសម្រេចបាននាពេលកន្លងមក ក្នុងឱកាសនៃការរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ។
ឧបនាយករដ្ឋមន្រ្តីទាំងពីរ បានអះអាងជាថ្មី អំពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីលើកកម្ពស់ចំណងមិត្តភាពដ៏យូរលង់ ភាពជាអ្នកជិតខាងដ៏ល្អ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព រវាងព្រះរាជាណាចក្រទាំងពីរផងដែរ។
សូមបញ្ជាក់ថា នៅកំលុងមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពលករខ្មែរបម្រើការងារនៅប្រទេសថៃប្រមាណជា ៧ម៉ឺននាក់បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ ដោយសារតែវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ប្រទេសថៃ បានបិទព្រំដែន ហើយមិនអនុញ្ញាតឱ្យពួកគេត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញនោះឡើយ៕