(ភ្នំពេញ)៖ ឧកញ៉ា ម៉ុង ឫទ្ធី ដែលល្បាញល្បី និង ជោគជ័យលើរបរកសិកម្មនៅកម្ពុជា នៅថ្ងៃនេះបានចំណាយពេលច្រើនម៉ោង ចាប់ តាំងពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ១១៖៣០នាទី រង់ចាំទទួលអ្នកទាមទារឲ្យរូបលោក បង់លុយថ្លៃសម្បទានដីសេដ្ឋកិច្ចជូនរដ្ឋ តែជា លទ្ធផលមិនឃើញមានអ្នកមកទារលុយនោះឡើយ។ ឧកញ៉ា ម៉ុង ឫទ្ធី បានហៅការទម្លាយឯកសារទារលុយថ្លៃដីសម្បទានសេដ្ឋកិច្ច របស់ទីស្តីការគណៈរដ្ឋមន្រ្តីថា ជាការបង្ខូចកិត្តិយសរបស់លោក និង ទាមទារឲ្យស្ថាប័នពាក់ព័ន្ធស្វែងរកអ្នកទម្លាយព័ត៌មាននេះថែម ទៀតផងដែរ។
ទីស្តីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ បានចេញលិខិតមួយច្បាប់ ចុះហត្ថលេខាដោយ លោក តឹករ៉េត សំរេច រដ្ឋ លេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើជូនទៅគណៈកម្មការអន្តរក្រសួង ដើម្បីត្រួតពិនិត្យ វាស់វែង និង វាយតម្លៃសម្បទានដីសេដ្ឋកិច្ច ដោយបានបញ្ជាក់ថា ក្រុមហ៊ុនឧកញ៉ា ម៉ុង ឬទ្ធី មិនទាន់បានបង់លុយថ្លៃដីសម្បទានសេដ្ឋកិច្ចជូនរដ្ឋ និង កំណត់រយៈពេល ៣ខែ ឲ្យ ក្រុមហ៊ុនចូលទៅទូទាត់ប្រាក់នេះ។
បន្ទាប់ពីព័ត៌មានទារលុយថ្លៃដីសម្បទានសេដ្ឋកិច្ចនេះ ត្រូវបានផ្សព្វផ្សាយលើបណ្តាញព័ត៌មាននៅថ្ងៃម្សិលមិញ បានធ្វើឲ្យឧកញ៉ា ម៉ុង ឫទ្ធី មានអារម្មណ៍សោកស្តាយ និងអាក់អន់ចិត្តជាខ្លាំង ដោយបានចាត់ទុកការផ្សព្វផ្សាយនេះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយរបស់ លោក។ លោកឧកញ៉ា បានប្រកាសរង់ចាំទូទាត់ថ្លៃដីសម្បទានសេដ្ឋកិច្ច និង រកខុសត្រូវ ជាមួយមន្រ្តីរាជរដ្ឋាភិបាលពេញមួយព្រឹកថ្ងៃ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ តែជាលទ្ធផលមិនមានមន្រ្តីរូបណាទៅទូទាត់ជាមួយរូបលោកនោះឡើយ។
យោងតាមលិខិតជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ចុះហត្ថលេខាដោយលោក គុយ ម៉ារិនឌី អនុរដ្ឋលេខាធិ ការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ញើជូនក្រុមហ៊ុនឧកញ៉ា ម៉ុង ឫទ្ធី កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ បានបញ្ជាក់ថា ក្រុមហ៊ុនរបស់ឧកញ៉ា ម៉ុង ឫទ្ធី ត្រូវបង់លុយថ្លៃសម្បទានដីសេដ្ឋកិច្ចជាង ២០ម៉ឺនដុល្លារ លើផ្ទៃដីអាជីវកម្មឈូសឆាយរួចជាង ៥ពាន់ ហិកតានៅតំបន់អភិវឌ្ឍក្នុងស្រកព្រៃនប់ ខេត្តព្រះសីហនុ។ សេចក្តីជូនដំណឹងនេះ តម្រូវឲ្យក្រុមហ៊ុនបង់លុយថ្លៃសម្បទានដីសេដ្ឋកិច្ច នេះ ជា ៣ដំណាក់កាល។
ឧកញ៉ា ម៉ុង ឫទ្ធី បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា ក្រុមហ៊ុនរបស់លោក បានបង់លុយថ្លៃដីសម្ប ទានសេដ្ឋកិច្ចចំនួន ៨៥,៦៩៣.៥៨ដុល្លារ ក្នុងដំណាក់កាលទី១ នៅអំឡុងខែមិថុនាឆ្នាំ២០១៥ រួចទៅហើយ ពោលគឺបង់មុនលិខិតទី ស្តីការគណៈរដ្ឋមន្រ្តីចេញទៅទៀត។
ឧកញ៉ា ម៉ុង ឫទ្ធី បានគូសបញ្ជាក់នៅលើទំព័រ Facebook របស់លោកថា ក្នុងច្បាប់មិនអនុញ្ញាតិ ឱ្យមន្រ្តីណាបញ្ចេញឯកសារនេះទេ បុគ្គលដែលប្រព្រឹត្តខុសត្រូវតែលាលែងចេញពីតំណែង បើមិនលាលែងទេប្រធានស្ថាប័នត្រូវតែដកចេញពីតំណែង។
លោក បានថ្លែងបន្ថែមថា «ខ្ញុំមានសំណូមពរដល់គ្រប់ស្ថាប័ន ដែលពាក់ព័ន្ធសូមមេត្តាជួយរកមុខអ្នក ដែលបានបញ្ចេញឯកសារនេះ បង្កឱ្យបះពាល់កិត្តិយសសេចក្តីថ្ថៃថ្នូរបស់រូបខ្ញុំ។ ដូចខ្ញុំបាននិយាយនៅក្នុង សន្និបាតហើយថា នៅក្នុងជួរបក្សយើងខ្វះការ យោគយល់គ្នា បើទោះបីខ្ញុំនៅជុំពាក់លុយរដ្ឋ ក៏ដោយមិនត្រូវបញ្ចេញឯកសារនេះទៅខាងក្រៅឱ្យគេដឹងទេ។ នេះចេះខ្ញុំបានសងលុយទៅរដ្ឋរួច ហើយ កុំអីមិនដឹងជាយ៉ាងណានោះទេ»។
ឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ថា វិស័យឯកជននៅពេលនេះ កំពុងតែដើតួនាទីសំខាន់ណាស់ ក្នុងការអភវឌ្ឍន៍ប្រទេស ផ្តល់ការងារជួន ប្រជាជនធ្វើរាប់លាននាក់ធ្វើ ក្នុងនោះ ក្រុមហ៊ុនរបស់លោក ក៏បានចូលរួមចំណែកយ៉ាងសំខាន់ លើវិស័យកសិកម្មកសិឱស្សាហកម្ម ដែលបានផ្តល់ការងារជូនប្រជន ដោយផ្ទាល់នឹងដោយប្រយោលរាប់ម៉ឺននាក់ផងដែរ។
ជាការគត់សម្គាល់លិខិតចេញដោយទីស្តីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ បានបង្ហាញពីការវិនិច្ឆ័យលក្ខណៈ សម្បត្តិលើក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគលើដីរបស់រដ្ឋចំនួន ១១ក្រុមហ៊ុន ស្ថិតនៅខេត្តសៀមរាប ព្រះវិហារ បន្ទាយមានជ័យ មណ្ឌលគិរី ឧត្តរមានជ័យ ព្រះសីហនុ និង កំពត។ ក្នុងចំណោមក្រុមហ៊ុនទាំង ១១នោះ មានតែក្រុមហ៊ុនឧកញ៉ា ម៉ុង ឫទ្ធី មួយ ប៉ុណ្ណោះ ត្រូវបានគេរំលេចឲ្យចូលបង់លុយជូនរដ្ឋ។
លិខិតមួយនេះ ក៏ត្រូវបានក្រសួងបរិស្ថានយកផ្សព្វផ្សាយយ៉ាងទូលាយទៅដល់អ្នកព័ត៌មាន ហើយបានបង្ហោះនៅលើគេហទំព័រក្រសួង ថែមទៀតផង។
ឧកញ៉ា ម៉ុង ឫទ្ធី ដែលកំពុងមានប្រជាប្រិយភាពខ្លាំងតាមរយៈសកម្មភាពមនុស្សធម៌ បានហៅការធ្វើលិខិត របស់ទីស្តីការគណៈរដ្ឋ មន្រ្តី និងការទម្លាយព័ត៌មាននេះថា ជាជាចេតនាបង្កាច់បង្ខូច និងធ្វើឲ្យខូចកិត្តិយសរបស់លោក៕