(កំពង់ចាម)៖ សំណុំរឿងគប់កញ្ចប់រថយន្ដ បណ្ដាលឲ្យស្លាប់អ្នកបើកបរម្នាក់ កាលពីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៧១ ម្ដុំចំការកៅស៊ូ ស្ថិតក្នុងភូមិបាំង២ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវកម្លាំងនគរបាលខេត្តកំពង់ចាម បំបែកសំណុំរឿងបានហើយ ដោយចាប់ខ្លួនជនដៃដល់២នាក់។ នៅចំពោះមុខសមត្ថកិច្ចជនដៃដល់សារភាពថា ពួកគាត់ធ្វើសកម្មភាព៨ដង នៅតំបន់ដដែល។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា បន្ទាប់ពីហេតុការណ៍កើតឡើងភ្លាម លោកបានដាក់បទបញ្ជាដល់ជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកចំការលើ និងអាជ្ញាធរមូលដ្ឋានចុះធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន និងចាប់ឃាត់ខ្លួនបានចំនួន០២នាក់។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យទី១៖ឈ្មោះ រី ធា អាយុ២០ឆ្នាំ មានទីលំនៅភូមិបាំង២ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម មុខរបរកម្មករ លទ្ធផលតេស្តទឹកម៉ូតរកសារធាតុញៀន (វិជ្ជមាន) និងទី២៖ឈ្មោះ ឈឿន ភារម្យ អាយុ២០ឆ្នាំ មានទីលំនៅភូមិ៣៤ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម មុខរបរកម្មករ លទ្ធផលតេស្តទឹកម៉ូតរកសារធាតុញៀន (វិជ្ជមាន)។
ផ្អែតតាមចម្លើយសារភាពរបស់ជនទាំង០២នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពយកដុំថ្ម គប់កញ្ចក់រថយន្តបណ្តាឲ្យបែកកញ្ចក់រថយន្ត ហើយត្រូវជនរងគ្រោះឈ្មោះ ពុំ សុភ័ណ្ឌ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ (បណ្តាលឲ្យស្លាប់ក្រោយពេលបញ្ចូនទៅមន្ទីរពេទ្យ) កាលពី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចលើផ្លូវជាតិលេខ៧១ ស្ថិតនៅភូមិបាំង២ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ពិតប្រាកដមែន។
លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបន្ដទៀតថា ក្នុងនោះជនទាំង០២នាក់ខាងលើ ក៏បានឆ្លើយសារភាពបញ្ជាក់ទៀតថា កន្លងមកពួកគេក៏ធ្លាប់បានធ្វើសកម្មភាព យកចំពាមកៅស៊ូបាញ់ និងយកដុំថ្មគប់កញ្ចក់រថយន្តចំនួន០៨លើករួមមាន៖
*លើកទី១៖ នៅថ្ងៃមិនចាំ ក្នុងខែមេសា ឆ្នាំ២០២០ នៅចន្លោះវេលាម៉ោង២០៖០០នាទី ទៅវេលាម៉ោង២១៖ ០០នាទី បានធ្វើសកម្មភាពយកចំពាមកៅស៊ូ បាញ់កញ្ចក់រថយន្ត នៅចំណុចម្តុំចំការតាង៉ែន តាមបណ្តោយផ្លូវជាតិលេខ៧១ ស្ថិតនៅ ភូមិ៣២ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម
*លើកទី២៖ នៅថ្ងៃមិនចាំ ក្នុងខែឧសភា ឆ្នាំ២០២០ នៅចន្លោះវេលាម៉ោង១៣៖០០នាទី ទៅវេលាម៉ោង១៤៖០០នាទី បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៧១ ម្តុំ ភូមិ៣៥ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម
*លើកទី៣៖ នៅថ្ងៃមិនចាំ ក្នុងខែឧសភា ឆ្នាំ២០២០ នៅចន្លោះវេលាម៉ោង១៣៖០០នាទី ទៅវេលាម៉ោង១៤៖០០នាទី បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៧១ ជិតស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម
*លើកទី៤៖ នៅថ្ងៃមិនចាំ ក្នុងខែមិថុនា ឆ្នាំ២០២០ នៅចន្លោះវេលាម៉ោង១៧៖០០នាទី ទៅវេលាម៉ោង១៨៖០០នាទី បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៧១ ម្តុំភូមិតាំងក្រង ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម
*លើកទី៥៖ នៅថ្ងៃមិនចាំ ក្នុងខែមិថុនា ឆ្នាំ២០២០ នៅវេលាម៉ោងប្រហែល១៩៖០០នាទី បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត នៅចំណុចម្តុំលូពីរ តាមបណ្តោយផ្លូវជាតិលេខ៧១ ច្រកចូលភូមិបាំង២ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម
*លើកទី៦៖ នៅថ្ងៃមិនចាំ ក្នុងខែកក្កដា ឆ្នាំ២០២០ នៅចន្លោះវេលាម៉ោង១៨៖០០នាទី ទៅវេលាម៉ោង១៩៖០០នាទី បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៧១ ម្តុំផ្សារបុសខ្នុរ ស្ថិតក្នុងភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម
*លើកទី៧៖ នៅថ្ងៃមិនចាំ ក្នុងខែសីហា ឆ្នាំ២០២០ នៅចន្លោះវេលាម៉ោង១៨៖០០នាទី ទៅវេលាម៉ោង១៩៖០០នាទី បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៧១ ស្ថិតក្នុងភូមិច្រណោម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម
*លើកទី៨៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨៖៣៥នាទី បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៧១ ស្ថិតក្នុងភូមិបាំង២ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម (បណ្តាលឲ្យបែកកញ្ចក់រថយន្ត រេចង្កូតទៅបុកដើមកៅស៊ូ ហើយជនរងគ្រោះបានស្លាប់ ក្រោយពេលបញ្ជូលទៅដល់មន្ទីរពេទ្យ)។
បច្ចុប្បន្នជនទាំង០២នាក់ខាងលើនេះ ត្រូវបានបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សាន សុភះ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕