(ត្បូងឃ្មុំ)៖ កូនឈើប្រណិតជិត ១០០០ដើមក្នុងនោះមានកូនឈើគ្រញូងចំនួន ៦០០ដើម ធ្នុង ១០០ដើម និងដើមផ្កាក្ងោកពូជផ្កាពណ៌លឿងចំនួន ១៥០ដើមត្រូវបានដាំនៅតាមបណ្តោយផ្លូវជាតិលេខ៧ តាមវត្តអារាម សាលារៀន និងផ្លូវសាធារណៈនានាក្នុង ភូមិសាស្ត្រក្រុងសួង ខេត្តត្បូងឃ្មុំនៅព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតី ភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្ត្រីរាជការ ព្រះសង្ឃសិស្សានុសិស្ស ប្រជាពលរដ្ឋជាង ២០០នាក់។

នេះគឺជាសកម្មភាពមួយដែលត្រូវបានឱ្យតម្លៃថាជាការលើកកម្ពស់ការយល់ដឹងពីបរិស្ថាននិងធនធានធម្មជាតិ និងបណ្តុះស្មារតីប្រជាពលរដ្ឋឱ្យស្រឡាញ់ និងគោរពបរិស្ថាន ហើយរួមគ្នាដាំដើមឈើបន្ថែម និងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិព្រៃឈើ សត្វព្រៃ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថាជារៀងរាល់ឆ្នាំ កូនឈើប្រណិតរួមមានប្រភេទឈើគ្រញូង បេង នាងនួន ធ្នុងជាច្រើនសែនដើម ត្រូវបានអាជ្ញាធរ ប្រជាពលរដ្ឋ ដាំនៅតាមតំបន់នានានៅក្នុងប្រទេសកម្ពុជាទាំងតាមផ្លូវសាធារណៈ តាមសាលារៀន វត្តអារាម និងនៅតាមតំបន់ព្រៃរិចរិលនានា។

លោក នេត្រ ភក្ត្រា បានហៅសកម្មភាពយ៉ាងផុសផុលនៃការដាំដើមឈើនៅទូទាំងប្រទេសនេះ ថាជាចលនាបំផុសស្មារតីស្រឡាញ់បរិស្ថាននិងធនធានធម្មជាតិ និងការដាំស្តារព្រៃឈើឡើងវិញ និងចូលរួមការពារនិងអភិរក្សឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍មនុស្សរាប់ជំនាន់តទៅមុខទៀត។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្ថែមថា ដើមឈើមួយដើមដែលយើងម្នាក់ៗបានដាំនៅថ្ងៃនេះគឺមានន័យថា កម្ពុជានឹងមានដើមឈើមួយដើមថ្មីបន្ថែមទៀតលើធនធានព្រៃឈើ ដែលយើងមានស្រាប់នៅក្នុងតំបន់ការពារធម្មជាតិដែលយើងទាំងអស់ គ្នាត្រូវចូលរួមការពារ និងអភិរក្ស។

មន្ត្រីជាន់ខ្ពស់បរិស្ថានរូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសថា៖ «សូមបងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមដាំដើមឈើទាំងអស់គ្នា ដើម្បីស្តារឡើងវិញនូវគម្របព្រៃឈើដែលបានបាត់បង់ និងការពារធនធានធម្មជាតិ ព្រៃឈើរបស់កម្ពុជាយើងដែលនៅសល់»

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ តាមការស្រាវជ្រាវកន្លងមកបានបញ្ជាក់ឱ្យដឹងថា នៅអំឡុងឆ្នាំ១៩៦២ កម្ពុជាមាន ប្រជាជន៥.៧៤លាននាក់ រីឯគម្របព្រៃឈើតាមការវាយតម្លៃនៅឆ្នាំ១៩៦៤ គឺមានទំហំ ១៣២ ២២១គីឡូម៉ែត្រការ៉េ ស្មើនឹង ៧៣% នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។ នៅឆ្នាំ ២០១៨ របាយការណ៍សិក្សាក្រសួងបរិស្ថានបានបង្ហាញថាគម្របព្រៃឈើនៅកម្ពុជាមានចំនួន ៨.៥១០.៨០៧ហិកតា ស្មើនឹង ៤៦, ៨៦% នៃផ្ទៃប្រទេស ខណៈចំនួនប្រជាជនកម្ពុជាបានកើនឡើងរហូតដល់ ១៦លាននាក់។ នេះបញ្ជាក់ឱ្យឃើញថា កត្តាមនុស្សជាហេតុផលចម្បងដែលធ្វើឱ្យគម្របព្រៃឈើមានការធ្លាក់ចុះ ហើយគេឃើញកំណើនផ្ទៃដីកសិកម្ម និងផ្ទៃដីលំនៅដ្ឋានត្រូវបានជំនួសវិញ។ អាត្រាបាត់បង់គម្របព្រៃឈើជាមធ្យមប្រចាំឆ្នាំនៅអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ក្នុងរង្វង់ ០,៦៤% បើធៀបនឹងផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា។

បើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ប្រទេសកម្ពុជាបាននឹងកំពុងខិតខំប្រឹងប្រែងការពារធនធនធម្មជាតិ ដែលខ្លួនមានដោយបង្កើតតំបន់ការពារធម្មជាតិ និងតំបន់អភិរក្សជាច្រើនកន្លែង ដែលរហូតមកទល់ពេលនេះតំបន់ការពារពារធម្មជាតិចំនួន ៦៦កន្លែង និងមានផ្ទៃដីជាង ៧,៣ លានហិកតា ស្មើប្រមាណជាង ៤១% នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា និងស្ថិតក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន។

លោកបានថ្លែងថាផ្ទៃដីតំបន់ធម្មជាតិដែលកម្ពុជាដាក់ជាតំបន់អភិរក្សនេះច្រើនជាង ២ ដងនៃគោលការណ៍ជីវៈចម្រុះអាឈី (Archi) ដែលកំណត់ថាប្រទេសនីមួយៗត្រូវរក្សាដីអភិរក្ស ១៧% នៃផ្ទៃដីប្រទេស។

រដ្ឋលេខាធិការក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការដាំដុះព្រៃឈើបន្ថែមថ្មីនេះ គឺបានដើរតួនាទី សំខាន់ ដើម្បីបង្កើតបរិស្ថានបៃតងសម្រាប់ភូមិឃុំ និងដើម្បីជាដំណោះស្រាយចំពោះ បញ្ហាបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ ការប្រែប្រួលអាកាសធាតុ ដែលបាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ពិភពលោក ហើយកម្ពុជាមិនមែនជាប្រទេសដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុឡើយ តែបាននិងកំពុងរងនូវផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុជាក់ស្តែងដូចជារដូវវស្សាចាប់ផ្តើមយឺត ភ្លៀងមិនទៀងទាត់ ភាពរាំងស្ងួត ឬទឹកជំនន់ ធ្វើឱ្យមានការប្រែប្រួលនៃរបបទឹកនៃទន្លេមេគង្គ និងទន្លេសាប និងធ្វើឱ្យខូចផលដំណាំប្រជា ពលរដ្ឋជាដើម៕