(កណ្តាល)៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បានក្រើនរំឮកដល់អាជ្ញាធរមូលដ្ឋានត្រូវធ្វើបច្ចុប្បន្នភាព ពិនិត្យបញ្ជីឈ្មោះ និងអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត។
ការក្រើនរំឮក និងអំពាវនាវបែនេះរបស់លោក កែវ រ៉េមី បានធ្វើឡើងនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារចុះជួយទាំង១៦ភូមិ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្នុងឃុំព្រែកអំបិល។
លោកបានក្រើនរំលឹកដល់ថ្នាក់ដឹកនាំភូមិ ឃុំ ធ្វើយ៉ាងណាបញ្ជ្រាបព័ត៌មានឲ្យដល់ប្រជាពលរដ្ឋក្នុងការរួសរាន់ទៅធ្វើការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅតាមការិយាល័យចុះឈ្មោះគ្រប់ឃុំ-សង្កាត់ក្នុងខេត្ត ដោយមានរយៈពេល១៩ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែតុលា នឹងត្រូវបញ្ចប់នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ហើយក្នុងករណីមានចម្ងល់ ឬបញ្ហាផ្សេងៗ សូមប្រញាប់ទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ដែលពួកគាត់រស់នៅ។
ក្នុងឱកាសនោះដែរ លោក កែវ រ៉េមី ក៏បានដាស់តឿនបន្ថែមទៀតដល់មេឃុំ ក្រុមប្រឹក្សាឃុំ ក៏ដូចជាមន្ត្រីមូលដ្ឋានទាំងអស់ ត្រូវអនុវត្តតាមអភិក្រមសីលធម៌ទាំង៥ចំណុច ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន។ ជាពិសេសត្រូវបំពេញភារកិច្ចរបស់ខ្លួន ឱ្យមានតម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌ ដោយមានការពិភាក្សាគ្នា រវាងអាជ្ញាធរភូមិ ឃុំ ព្រមទាំងអ្នកពាក់ព័ន្ធជាដើម។
លោក កែវ រ៉េមី ក៏បានគូសបញ្ជាក់ថា ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន គឺជាឪពុកម្តាយរបស់ប្រជាពលរដ្ឋ ដូច្នេះហើយការយកចិត្តទុកដាក់ពីសុខទុក្ខរបស់ពួកគាត់ ជាសំខាន់ និងចាំបាច់បំផុត។ ជាពិសេស សូមអាជ្ញាធរមូលដ្ឋានទាំងអស់ តាមដានឱ្យបានជាប់លាបចំពោះសុខភាព ទុក្ខកង្វល់ និងជីវភាពរបស់ពួកគាត់ឱ្យបានទៀងទាត់ផងដែរ និងមិនត្រូវឱ្យពួកគាត់ដាច់ស្បៀងអាហារជាដាច់ខាត។
ទន្ទឹមនឹងនេះ លោកក៏បានដាស់តឿនដល់អាជ្ញាធរមូលដ្ឋានសូមកុំចាយវាយខុសខ្ទង់ បើទោះបីឃុំមានកញ្ចប់ថវិកា សម្រាប់ប្រើប្រាស់ក៏ដោយ។ បន្ថែមពីនេះត្រូវចេះគៀងគរថវិកា ឬចលនា ហើយពេលបានថវិកាទៅប្រើប្រាស់ឲ្យមានតម្លាភាព៕