(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចូលរួមកិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី៦ តាមរយៈ Video Conference ដែលត្រូវបានលើកពេលតាំងពីខែមីនា ឆ្នាំ២០២០មក ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។

កិច្ចប្រជុំទាំងពីរនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មក្នុងវិស័យហិរញ្ញវត្ថុ សំដៅជំរុញកំណើនសេដ្ឋកិច្ច ពង្រឹងស្ថិរភាពហិរញ្ញវត្ថុ និងអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយចីរភាព និងបរិយាបន្ន។

កិច្ចប្រជុំនេះ បានពិភាក្សាពីស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់ដែលកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ដោយសារតែជំងឺកូវីដ១៩ ដែលបាន និងកំពុងធ្វើឱ្យសេដ្ឋកិច្ចនៅគ្រប់ប្រទេសទទួលរងផលបះពាល់យ៉ាងខ្លាំង និងភាពតានតឹងនៅក្នុងវិស័យហិរញ្ញវត្ថុ។

លោក ជា ចាន់តូ ក៏បានចូលរួមក្នុងការពិភាក្សាលើស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់ ដោយបានជម្រាបជូនអង្គប្រជុំពីស្ថានភាពសេដ្ឋកិច្ច និងវិស័យធនាគារកម្ពុជា ព្រមទាំងនយោបាយរូបិយវត្ថុ និងហិរញ្ញវត្ថុ ដែលធនាគារជាតិនៃកម្ពុជា បានដាក់ចេញ ក្នុងការរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់នៃឥទ្ធិពលជំងឺកូវីដ១៩។

លោកទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានអបអរសាទរចំពោះវឌ្ឍនភាពនៃសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន ទោះបីជាមានបញ្ហាប្រឈមយ៉ាងណាក៏ដោយ។

ជាមួយគ្នានេះ លោកទេសាភិបាល ក៏បានស្នើឱ្យគណៈកម្មាធិការជាន់ខ្ពស់អាស៊ាន (SLC) បន្តតាមដាននូវវឌ្ឍនភាពនៃសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន និងបង្កើតគំនិតផ្តួចផ្តើមផ្សេងៗ ក្រោមគណៈកម្មាធិការអាស៊ានផ្សេងទៀត រួមមាន សេរីភាវូបនីយកម្មគណនីមូលធន (CAL) សេរីភាវូបនីយកម្មសេវាហិរញ្ញវត្ថុ (FSL) សមាហរណកម្មប្រព័ន្ធទូទាត់អាស៊ាន (PSS) ការអភិវឌ្ឍទីផ្សារទុន (CMD) សមាហរណកម្មធនាគារអាស៊ាន (ABIF) បរិយាប័ន្នហិរញ្ញវត្ថុ (FINC) និងកសាងសមត្ថភាព (SCCB) ដើម្បីពន្លឿនសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន ស្របតាមចក្ខុវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ាន២០២៥។

លោក ជា ចាន់តូ ក៏បានចូលរួមឯកភាពលើគំនិតផ្តួចផ្តើមថ្មីៗ ដូចជា៖ ការចូលរួមរបស់ធនាគារកណ្តាលក្នុងការការពារបរិស្ថាននិងគ្រប់គ្រងការប្រែប្រួលអាកាសធាតុ និងការបង្កើតផ្លែតហ្វមចែករំលែកព័ត៌មានពង្រឹង Cybersecurity ជាដើម៕