(ប៉ៃលិន)៖ យុវជនមិនស្គាល់អត្តសញ្ញាណម្នាក់ បើកបរម៉ូតូក្នុងល្បឿនលឿន លុះជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តរបស់ មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យរងរបួសបែកក្បាលផ្នែកខាងក្រោយធ្ងន់ធ្ងរ និងបាក់ជើង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ។
ហេតុការណ៍នេះ បានកើតឡើងរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ អាយុប្រហែល២៥ឆ្នាំ រងរបួសបែកក្បាលផ្នែកខាងក្រោយធ្ងន់ធ្ងរ និងរបួសបាក់ជើង ដោយបើកបរម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1D-9819។
ចំណែកភាគីខាងរថយន្ត ឈ្មោះ វ៉ាន់ ណាឡុង ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បើកបររថយន្តម៉ាក Lexus 470 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AE-8853។
ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញមានរថយន្តរបស់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់កន្លែងកើតហេតុ ក៏បត់ឆ្វេងបម្រុងត្រឡប់ក្រោយ ស្របពេលម៉ូតូ ជនរងគ្រោះបើកបរក្នុងល្បឿនលឿន ដោយទិសដៅស្របគ្នា ក៏ជ្រុលទៅបុកចំពាក់កណ្តាលរថយន្ត ពេញទំហឹងបណ្តាលឲ្យដួលរងរបួសធ្ងន់។
ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានសាច់ញាតិដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកម៉ូតូ និងរថយន្ត បន្ទាប់ពីនគរបាលចរាចរណ៍ធ្វើការវាស់វែងរួច ក៏យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រង់ចាំធ្វើការដោះស្រាយ៕