(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានច្រានចោល ឥតចាត់ការលើបណ្តឹងរបស់លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលបានប្តឹងឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ ពីបទបរិហារកេរ្តិ៍ លើគណបក្សរបស់លោក។
ការសម្រេចតម្កល់ទុកឥតចាត់ការលើបណ្តឹងនេះ បានធ្វើឡើងដោយ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦។
នៅលើបណ្តាញសង្គម Facebook លោក សួន សេរីរដ្ឋា បានចាត់ទុកការសម្រេចនេះ ជារឿងអយុត្តិធម៌សម្រាប់គណបក្សរបស់លោក ហើយថា នឹងបន្តរៀបចំនីតិវិធី ដើម្បីប្តឹងទៅសាលាឧទ្ធរណ៍បន្តទៀត ។
លោក សួន សេរីរដ្ឋា បានលើកឡើងថា «នេះជា អំពើរអយុត្តិធម៌មួយទៀត ដែលតុលាការនេះបានបង្កើនឡើងនៅក្នុងតុលាការមួយនេះ ។ នេះបញ្ជាក់ថា តុលាការនេះ គឺជាស្នំនយោបាយរបស់ អ្នកកាន់អំណាច ដែលចាំតែពួកអ្នកមានអំណាចក្នុង គណបក្សប្រជាជន បញ្ជាឲ្យ ធ្វើបាបអ្នកប្រឆាំងប៉ុណ្ណោះ។ ពេលដែល គណបក្សអំណាចខ្មែរ ប្រើច្បាប់ដូចគ្នានេះ ប្តឹងបកវិញ គឺតុលាការនេះមិនហ៊ាន កាត់ក្តីឲ្យទេ ។ គណបក្សអំណាចខ្មែរ នឹងប្រើសិទ្ធិដែលមានក្នុងច្បាប់បន្តប្តឹងឧទ្ធរណ៍»។
សូមជំរាបថា លោក សួន សេរីរដ្ឋា បានដាក់ពាក្យប្តឹងលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកាលពី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ ពីបទ«បរិហាកេរ្តិ៍» បន្ទាប់ពី លោក ហោ ណាំហុង បាននិយាយកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ ក្រោយជួប ជាមួយអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាថា សមាជិករបស់គណបក្សអំណាចខ្មែរធ្លាប់ធ្វើភេរវកម្ម ដែលជារឿងប៉ះពាល់ ដល់ កិត្តិយសរបស់ គណបក្សអំណាចខ្មែរ។
ទោះជាយ៉ាងនេះក្តី នាពេលកន្លងមក មេធាវីការពារក្តីឱ្យឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានអះអាងប្រាប់ Fresh News ថា ពាក្យសម្តីរបស់ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង មិនមានកំហុសឬទោសនោះទេ ដោយសារតែការលើកឡើងកន្លងមក គឺយោងទៅតាមសាលក្រម និងសាលដីកាតុលាការដែលធ្លាប់កាត់ទោស លោក សួន សេរីរដ្ឋា និងបក្ខពួក ៣នាក់ពីបទក្បត់ជាតិ៕