(ភ្នំពេញ)៖ សហពន្ធស្រូវអង្ករកម្ពុជា បានផលិតនូវវីដេអូឃ្លីបមួយ ដោយបានបង្ហាញនូវសមិទ្ធផល ដែលសម្រេចបានជាច្រើន នាឆ្នាំកន្លងមក ដើម្បីជួយជំរុញវិស័យស្រូវអង្ករកម្ពុជា ឈានដល់សម្រេចឲ្យបាន គោលនយោបាយរបស់រាជរដ្ឋាភិបាល។
តាមរយៈវីដេអូឃ្លីបបានឲ្យដឹងថា ដើម្បីសម្រេចនូវគោលនយោបាយរាជរដ្ឋាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា មានកិច្ចការជាច្រើនដែលត្រូវបំពេញដូចជា៖ ការធ្វើឲ្យប្រសើរឡើងនៃផលិតភាព ដាំដុះស្រូវ ការកែច្នៃអង្ករ ការកាត់បន្ថយក្នុងការចំណាយសម្រាប់ការនាំចេញ ការអនុវត្តស្តង់ដារ ក្រមសីលធម៌ ដើម្បីការពារគុណភាពកេរ្តិ៍ឈ្មោះ ក្នុងរយៈពេលវែង និងនិរន្តភាព ម៉ាកអង្ករកម្ពុជា ជាដើម។
ជាមួយគ្នានេះដែរ សហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់ចេញនូវគោលការណ៍គុណតម្លៃចំនួន៨ចំណុចរួមមាន៖ សាមគ្គីភាព តម្លាភាព ស្មោះស្រង់ ការអនុវត្តជាក់ស្តែង ការផ្តោតលើលទ្ធផល ផលប៉ះពាល់ពីការវិនិយោគ ភាពលឿន និងអត្ថប្រយោជន៍ទៅសមាជិក និងសហគមន៍ទាំងអស់។
លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងឲ្យដឹងផងដែរថា ក្នុងឆ្នាំកន្លងមកនេះ មានចំណុចធំ៣ ដែលសហព័ន្ធបានធ្វើ គឺទី១-ការបង្រួបបង្រួមគ្នាក្នុងសហព័ន្ធស្រូវអង្ករ ដោយរហូតមកដល់ពេលនេះ សហ័ពន្ធបានធ្វើច្រើនពាក់ព័ន្ធការជជែកគ្នា ជាមួយភាគីពាក់ព័ន្ធ ទាំងកសិករ ម៉ាស៊ីនកិនស្រូវ អ្នកនាំចេញ ធ្វើយ៉ាងឲ្យពួកគាត់ជិះទូករួមគ្នាតែមួយ៖ «បច្ចុប្បន្ននេះ យើងមានអារម្មណ៍ថា ពួកគាត់បានឯកភាពថា យើងត្រូវតែសហការគ្នា កម្ពុជាត្រូវតែរីកចម្រើនក្នុងវិស័យស្រូវអង្ករនេះ ហើយការសហការគ្នានេះ ដោយឆ្នាំ២០១៥ កន្លងទៅយើងបានជជែកគ្នាជាច្រើន ដើម្បីឲ្យវាក្លាយជាផែនការសម្រាប់អនុវត្តឆ្នាំ២០១៦នេះ»។
សូមជម្រាបថា សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញនូវផែនការធ្វើយ៉ាងសម្រេច បាននូវការនាំចេញអង្ករស្រប តាមគោលនយោបាយមួយលានតោន ដោយសហព័ន្ធចាត់ទុកថា យ៉ាងយូរឆ្នាំ២០២០ កម្ពុជា នឹងអាចសម្រេចបានផែនការ១លានតោននេះ។ នៅពេញមួយឆ្នាំ នៃឆ្នាំ២០១៥ ប្រទេសកម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួនជាង៥៣ម៉ឺនតោន កើនឡើង៣៩ភាគរយ បើធៀបនឹងឆ្នាំ២០១៤៕
Achievement of Rice FederationAchievement of Rice Federationសមទ្ធិផលរបស់សហព័ន្ធស្រូវអង្ករកម្ពុជា
Posted by Cambodia Rice Federation - CRF on Monday, February 1, 2016