(ព្រៃវែង)៖ ដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី ឈួន គីមសានមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោក ទុង រតនា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រៃវែង បានធ្វើការឃាត់ជនសង្ស័យពីនាក់ប្តីប្រពន្ធ រួមទាំងថ្នាំញៀនចំនួន ៣៨៧កញ្ចប់ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅស្រុកពាមរក៌។

លោកវរសេនីយ៏ទោ ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ករណីខាងលើបានធ្វើឡើងនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង បានសហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៌ ចុះបង្ក្រាបមុខសញ្ញាជួញដូរយ៉ាងសកម្មនឹងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិស្ទឹងស្លូត ឃុំអ្នកលឿងស្រុកពាមរក៏ខេត្តព្រៃវែង។

លោកបានបន្តថា ក្នុងប្រតិបត្តិការនេះឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ប្ដីប្រពន្ធ៖ ប្ដីឈ្មោះ ស៊ូ សាលី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ, ប្រពន្ធឈ្មោះ ទូច ណាវី ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមេផ្ទះ អ្នកទាំងពីនាក់រស់នៅជាមួយគ្នាក្នុងភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង។

លោកបានបន្ថែមថា វត្ថុតាងដែលកម្លាំងអាវុធហត្ថដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌ចំនួន៣៨៧ កញ្ចប់ទម្ងន់១៦៦.៦៥ក្រាម, ម៉ូតូ ០១គ្រឿង, ទូរសព្ទ័ដៃចំនួន០៤គ្រឿង (ខូច០៣), ឧបករណ៍ជក់ថ្នាំញៀន ០១សម្រាប់, ថង់សម្រាប់ចែកថ្នាំមួយចំនួនផងដែរ។ បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួននៅអាវុធហត្ថខេត្ត រួមទាំងវត្ថុតាង ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕