(កំពង់ធំ)៖ លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកអំណោយស្បៀងអាហាររបស់ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិ និងជាមេបញ្ជាការកងទ័ពជើងគោក ទៅផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រ និងចាស់ជរាគ្មានទីពឹងចំនួន ៧០គ្រួសារ នៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សកម្មភាពចែកអំណោយនេះ បានប្រព្រឹត្តទៅនៅវត្តពោធិមានជ័យ ហៅវត្តវល្លិយាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០ អមដំណើរដោយក្រុមការងារយ៉េនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ៣ចំណុចរួមមាន៖
*ទី១៖ ត្រូវរួមគ្នាថែរក្សាឲ្យបានសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះ ឲ្យនៅគង់វង់ជារៀងរហូត ដើម្បីប្រទេសជាតិយើងបន្តការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
*ទី២៖ សូមប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅពិនិត្យឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ចំពោះក្មួយៗដែលទើបគ្រប់អាយុបោះឆ្នោត ដើម្បីមានឈ្មោះបោះឆ្នោតនៅឆ្នាំ២០២២-២០២៣ ខាងមុខនេះ។
*ទី៣៖ បន្តការប្រុងប្រយ័ត្នការពារខ្លួនទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ ដោយអនុវត្តន៍ឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋទីទ័លក្រ និងចាស់ជរាគ្មានទីពឹងចំនួន ៧០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ២៥គីឡូក្រាម មីម៉ាម៉ាចំនួនមួយកេស ទឹកត្រីទឹកស៉ីអ៉ីវចំនូនមួយយួរ៕