(ភ្នំពេញ)៖ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី បានបញ្ជាក់ថា លោកមិនដែលចោទប្រកាន់លើ សម្តេចតេជោ ហ៊ុន សែន នោះទេ ចំពោះមរណភាពរបស់ លោក កែម ឡី កាលពីឆ្នាំ២០១៦ កន្លងទៅនេះ។ ប៉ុន្តែលោកបានវិភាគថា អាចជាអ្នកផ្សេង និងអ្នកដែលចង់កេងចំណេញនយោបាយ។
លោក ជុន ច័ន្ទបុត្រ បានបញ្ជាក់បែបនេះ ប្រាប់ដល់ លោក ហ៊ុន ម៉ាណែត កូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបសន្ទនាជាសម្ងាត់មួយ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ អំឡុងពេលដែល លោកមកបំពេញបេសកកម្មនៅកម្ពុជា រយៈពេល៣ខែ ដើម្បីតាមដានចំពោះការបោះឆ្នោត និងសម្ភាសបុគ្គលិកអាស៊ីសេរី។
នៅក្នុងសំឡេងសុន្ទនាប្រមាណជាង២ម៉ោង លោក ជុន ច័ន្ទបុត្រ បានបញ្ជាក់ថា៖ «ពូនិយាយអញ្ចេះទៅចុះ ពីរឿង លោក កែម ឡី ពូមិនដែលគិតថា "ឪពុកក្មួយទេ"។ មានឃើញបទវិភាគមួយរបស់ពូទេ ដែលនិយាយថា នរណាជាឃាតករសម្លាប់លោកបណ្ឌិត កែម ឡី ពូមិននិយាយទៀតទេ»។
លោក ជុន ច័ន្ទបុត្រ បានបន្ថែមទៀតថា លោកធ្លាប់បានសរសេរ និក្ខេបបទមួយអំពីរឿង Disaster នៅសម័យខ្មែរក្រហម ដែលលោកវិភាគថា ករណីនេះអាចមិនមែនជាមេដឹកនាំកំពូលឡើយ ប៉ុន្តែអាចជាអ្នកចង់អែបអប ឬអ្នកចង់កេងចំណេញនយោបាយដទៃទៀត ដែលឆក់ឱកាស។
លោកបានបញ្ជាក់ដូច្នេះទៀតថា៖ «ចំពោះពូ ទ្រឹស្តីមានពីរពីរឿង លោក កែម ឡី nothing to do with your dad, nothing to do ពីមេធំ ជួនកាលពូធ្លាប់និយាយនៅក្នុងអង្គប្រជុំធំៗដែរ...ពូតែងនិយាយអញ្ចឹង ឬមួយអាអ្នកចង់អែបអប អាហ្នឹង option ទី១, option ទី២ទៀត គឺអ្នកកេងចំណេញនយោបាយ»។
អំឡុងពេលមកបំពេញបេសកកម្មនៅកម្ពុជា លោកជុន ច័ន្ទបុត្រ ក៏បានបង្ហាញអំពីការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់លោកផងដែរ ដោយខ្លាចមានការបាញ់សម្លាប់ដើម្បីកេងចំណេញនយោបាយ។ លោក ជុន ច័ន្ទបុត្រ បានស្វះស្វែងដើម្បីរកអង្គរក្សការពារខ្លួន ក្នុងពេលមានវត្តមាននៅកម្ពុជា ដោយលោកបានស្នើសុំការការពារសុវត្ថិភាពពី លោក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ និង លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៕