(ភ្នំពេញ)៖ ស្ថានទូតអូស្រ្តាលី និងមូលនិធិជនពិការ បានរួមសហការគ្នាជួយការការពារជនពិការនៅកម្ពុជា ចៀសផុតពីជំងឺកូវីដ១៩។ លោក Pablo Kang អគ្គរាជទូតស្ថានអូស្រ្តាលីប្រចាំកម្ពុជា បានថ្លែងថា រដ្ឋាភិបាលនៃប្រទេសអូស្រ្តាលីតែងតែគាំទ្រ និងធ្វើការយ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈកម្មវិធី ACCESS លើសកម្មភាពដែលជួយអភិវឌ្ឍដល់ជនពិការ កុមារ និងស្រ្តី។
សម្រាប់ការផ្តល់សេវាដល់ជនពិការ កម្មវិធី ACCESS បានចូលរួមជួយជាផ្នែកបច្ចេកទេស និងថវិកាដល់មូលនិធិជនពិការ ក្នុងការរៀបចំសកម្មភាពអភិវឌ្ឍសេវាស្តារលទ្ធភាពពលកម្មនៅកម្ពុជា។ លោក Pablo Kang បានបន្តថា សម្រាប់បរិបទនៃការរីករាលដាលជាសកម្មនៃជំងឺកូវីដ១៩នេះ ស្ថានទូតអូស្រ្តាលីពិតជាមានក្តីសោមនស្សជាមួយនឹងសមិទ្ធិផល និងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ជំងឺនេះបានល្អ។
លោកបានបន្ថែមថា ដើម្បីចូលរួមនិងបង្កើនកិច្ចសហការល្អរវាងប្រទេសទាំង២ រាជរដ្ឋាភិបាលអូស្រ្តាលី តាមរយៈស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា បានផ្តល់នូវសម្ភារការពារជំងឺកូដ១៩ ជូនមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា៣រួចមកហើយ នៅខេត្តសៀមរាប តាកែវ និងមណ្ឌលគៀនឃ្លាំង(ភ្នំពេញ) សម្រាប់កម្មវិធីរយៈពេល២ថ្ងៃនេះ ស្ថានទូតអូស្រ្តាលីបាននាំមកនូវ សម្ភារការពារជំងឺកូវីដ១៩ រួមមាន អាកុលចំនួន៨១០ដប ម៉ាស់វះកាត់ចំនួន៧០ប្រអប់ ម៉ាស់ក្រមាចំនួន៨១០ម៉ាស់ ស្រោមដៃចំនួន៤០ប្រអប់ ជូនដល់មជ្ឈមណ្ឌលស្តារលទ្ធភាព ពលកម្មកាយសម្បទាខេត្តព្រៃវែង និងក្រចេះ ធ្វើការផ្តល់ជូនជនពិការដែលមកទទួលសេវា។
ជាមួយគ្នានោះ លោក ជួរ រតនៈ នាយកមូលនិធិជនពិការ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលី ដែលបានឧបត្ថម្ភនូវសម្ភារការពារទាំងនេះ ដល់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាទាំង២ ដែលពិតជាបានរួមចំណែកដល់ការរក្សាសុវត្ថិភាពដល់ជនពិការ និងមន្រ្តីបម្រើសេវា។
លោកបន្តថា រយៈពេល៩ខែដើមឆ្នាំ២០២០នេះ ដោយសារមានផលប៉ះពាល់នៃជំងឺកូវីដ១៩ មជ្ឈមណ្ឌលខេត្តព្រៃវែង និងក្រចេះ បានផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនពិការចំនួន ៩៧៩នាក់ គឺមានការធ្លាក់ចុះប្រមាណ១៤%ធៀបនឹងការផ្តល់សេវាក្នុងឆ្នាំ២០១៩។ ដោយអនុវត្តតាមការណែនាំពីក្រសួងសុខាភិបាល និងមានការជួយគាំទ្រពីក្រសួងអាណាព្យាបាលរបស់ខ្លួន មូលនិធិជនពិការបានរក្សាបាននូវការផ្តល់សេវាប្រកបដោយគុណភាព និងសុវត្ថិភាពជូនជនពិការ តាមរយៈការរៀបចំឱ្យមានឧបករណ៍ការពារ ការធ្វើអនាម័យជាប្រចាំ ការផ្តល់ជាម៉ាស់និងទឹកអាកុល និងការណែនាំអប់រំនានាដល់ជនពិការ។
ជាក់ស្តែង នៅថ្ងៃទី៣០ ខែកញ្ញា និងថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រៃវែង និងក្រចេះ បានទទួលនូវសម្ភារការពារជំងឺកូវីដ១៩ ពីស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា ដែលមានការចូលរួមពីលោក Pablo Kang អគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា លោក ជួរ រតនៈ នាយកមូលនិធិជនពិការ ថ្នាក់ដឹកនាំមូលនិធិជនពិការ មន្រ្តីជាន់ខ្ពស់របស់កម្មវិធី ACCESS មន្រ្តីរបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្ត និងជនពិការជាច្រើនរូប។
នៅក្នុងឱកាសនោះដែរ ប្រតិភូនៃស្ថានទូតអូស្ត្រាលី បានទស្សនៈកិច្ចសិក្សាលើសកម្មភាពនៃផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារ និងបានសាកសួរសុខទុកដល់ជនពិការដែលកំពុងទទួលសេវា។
ក្រៅពីនេះ ប្រតិភូស្ថានទូតអូស្រ្តាលី ក៏បានចុះពិនិត្យពីស្ថានភាពរស់នៅរបស់ជនពិការនៅតាមសហគមន៍ចំនួន២នាក់ដែលបានផ្លាស់ប្តូរ ក្រោយពីបានទទួលសេវាស្តារលទ្ធភាពពលកម្មពីមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា៕