(បាត់ដំបង)៖ អស់រយ:ពេល៤ថ្ងៃ វគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងទំនាក់ទំនងការងាររវាងក្រុមប្រឹក្សា គណៈអភិបាល លើការអនុវត្តការងារនៅខេត្តបាត់ដំបងត្រូវបានបិទបញ្ចប់វគ្គនាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត របស់ក្រសួងមហាផ្ទៃ ដោយបានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង។
វគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងទំនាក់ទំនងការងាររវាងក្រុមប្រឹក្សា គណៈអភិបាល ជាការអនុវត្តមុខងារ និងធនធាន និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា។
ពិធីបិទនិងបើកវគ្គនេះបានធ្វើឡើង ក្រោមវត្តមានលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង, គ្រូឧទ្ទេសមកពីនាយកដ្ឋានផ្សព្វផ្សាយនៃក្រសួងមហាផ្ទៃ ថ្នាក់អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុង ស្រុក មន្ទីរ កងកម្លាំងអង្គភាពនានាក្នុងខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតចូលរួមផងដែរ។
លោក ងួន រតនៈ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពិសេសនាយកដ្ឋានបណ្តុះបណ្តាល នៃក្រសួងមហាផ្ទៃ ដែលបានចំណាយពេលអស់រយ:ពេល៤ថ្ងៃ ខិតខំបង្រៀន ពន្យល់ដល់សិក្ខាកាមទាំងអស់ដែលបានយកចិត្តទុកដាក់ស្តាប់ខ្លឹមសារសំខាន់ៗ រហូតដល់ពេលបញ្ចប់វគ្គប្រកបដោយជោគជ័យ។
ក្នុងពិធីនេះដែរ គ្រូឧទ្ទេសបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបង ដែលបានចូលរួមសហការធ្វើការសម្របសម្រួល ដល់មន្រ្តីនាយកដ្ឋានជាគ្រូឧទ្ទេសបានបំពេញបេសសកម្ម ប្រកបដោយជោគជ័យ ឈានដល់ទីបញ្ចប់វគ្គ ហើយធ្វើឲ្យសិក្ខាកាមទាំងអស់បានយល់កាន់តែច្បាស់ សម្រាប់យកទៅអនុវត្តការងារប្រចាំថ្ងៃផងដែរ។
ក្នុងឱកាសនោះដែរលោក ងួន រតនៈ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ដែលបានមកទទួលបានចំណេះដឹងពីការវគ្គបណ្តុះបណ្តាលនេះ នៅពេលត្រលប់ទៅមូលដ្ឋានវិញ ទាំងក្រុមប្រឹក្សា និងគណ:អភិបាលក្រុង ស្រុក សូមយកទៅអនុវត្តចំគោលដៅ និងតាមតួរនាទី ភារកិច្ច រៀងៗខ្លួន ស្របតាមការណែនាំរបស់ក្រសួងបានដាក់ចុះ។
លោកអភិបាលខេត្តបានរំលឹកថា ការងារដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានផ្ទេរអំណាចដាក់ចុះឲ្យថ្នាក់ក្រោមជាតិដល់មូលដ្ឋាន បានអនុវត្តការងារវិមជ្ឈការ សហវិមជ្ឈការ និងកិច្ចជាច្រើនទៀត តាំងពីឆ្នាំ២០០២មកម្លេះ គឺយើងអនុវត្តបានរយ:ពេល១៨ឆ្នាំមកហើយ ដើម្បីពង្រឹងការងារឲ្យកាន់តែប្រសិទ្ធភាព ថ្នាក់ដឹកនាំក្រសួងបានគិតគូរនិងយកចិត្តទុកដាក់ខិតខំ បណ្តុះបណ្តាលអ្វីដែលប្លែកថ្វី ដល់ថ្នាក់មូលដ្ឋានបានយល់កាន់តែច្បាស់ សម្រាប់យកទៅអនុវត្តការងារឲ្យមានប្រសិទ្ធភាពខ្ពស់៕