(រតនគិរី)៖ ពិតជារឿងមួយដ៏គួរឱ្យសោកស្តាយ និងត្រូវមានការប្រុងប្រយ័ត្ន, ស្ត្រីជនជាតិទំពូនម្នាក់ បានយកសត្វគីង្គក់ទៅធ្វើម្ហូបហូប បណ្តាឱ្យពុលរាករូសរហូតដល់បាត់បង់ជីវិត នៅល្ងាចថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ នៅផ្ទះជនរងគ្រោះស្ថិត ភូមិកាតែ ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី។
លោកវរសេនីយ៍ឯក សោម ចាន់ដារ៉ា អធិការនគរបាលស្រុកអណ្តូងមាស បានឱ្យដឹងនៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០នេះថា ស្ត្រីរងគ្រោះមានឈ្មោះ រចំ យូង អាយុ៤៥ឆ្នាំ ជនជាតិទំពូន មានឪពុកឈ្មោះ ទីង វក់ (ស្លាប់) និងម្តាយឈ្មោះ រចំ ជូត (ស្លាប់) ស្ត្រីជនជាតិទំពូនម្នាក់នេះ ពិតជាបានពុលស្លាប់ក្រោយពីហូបសត្វគីង្គក់ប្រាកដមែន។
លោកអធិការនគរបាលស្រុកអណ្តូងមាសរូបនេះ បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីធ្វើកោសល្យវិច្ច័យរួចឃើញថា ជនរងគ្រោះពិតជាពុលដោយសារយកសត្វគីង្គក់ យកមកធ្វើម្ហូបរួចហូប តែម្នាក់ឯងបណ្តាលឲ្យមានអាការៈក្អូត រាករូស បែកពពុះមាត់មិនអាចជួយសង្គ្រោះទាន់ ព្រោះបងប្អូនទៅចំការអស់ហើយ ពោលគឺគ្មានស្លាកស្នាមឃាតកម្មអ្វីកើតឡើងនោះទេ។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃជនជាតិ ដោយឡែកប្រភពព័ត៌មានពីអ្នកជិតខាងបានឲ្យដឹងថា ជនរងគ្រោះជាមនុស្សមានសតិមិនគ្រប់ផងដែរ៕