(ពិភពលោក)៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ គឺជាខួបលើកទី៧១ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលជាប្រទេសអំណាចសេដ្ឋកិច្ចទី១នៅតំបន់អាស៊ី និងលេខ២លើពិភពលោក។ តើអ្នកដឹងពីប្រវត្តិនៃការកកើតប្តូរនូវរបបគ្រប់គ្រងដោយស្តេច ទៅជាសាធារណរដ្ឋនៃដែនដីមួយនេះដែរទេ?
ខាងក្រោមនេះ គឺជាប្រវត្តិត្រួសៗ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន៖
ប្រទេសចិន ជាដែនដីមានវប្បធម៌ចំណាស់មួយនៅតំបន់អាស៊ី ហើយក៏ជាទឹកដីដែលគ្រប់គ្រងដោយស្តេចផងដែរ។ តែដល់ឆ្នាំ១៩១១ របបរាជានិយមចាប់ផ្តើមរង្គោះរង្គើក្រោមចលនាបដិវត្តន៍ដឹកនាំដោយលោក ស៊ុន យ៉ាតសេន។ កាលនោះព្រះអង្គម្ចាស់ ពូយី ដែលជាសែស្រឡាយរាជវង្សឆេង (Qing Dynasty) និងត្រូវជារាជវង្សចុងក្រោយនៃអាណាចក្រចិន បានបញ្ជាឲ្យមេទ័ព យឺន ស៉ីខាយ ទៅបង្ក្រាបក្រុមបដិវត្តន៍របស់ ស៊ុន យ៉ាតសេន ប៉ុន្តែមេទ័ពរូបនេះ បែរជាទៅចរចាត្រូវរ៉ូវគ្នាជាមួយក្រុមបដិវត្តន៍ ហើយក្បត់នឹងព្រះអង្គម្ចាស់ ពូយី ទៅវិញ រហូតដល់របបរាជានិយមនៅចិនទន់ដៃបន្តិចម្តងៗ និងត្រូវបានរំលាយចោលតែម្តង។
បន្ថែមលើនោះ បន្ទាប់ពីព្រះមហាក្សត្រដាក់រាជ្យ មិនដល់១ឆ្នាំផង លោកមេទ័ព យឺន ស៉ីខាយ និងជាបុគ្គលមួយរូបដែលព្រះអង្គម្ចាស់ ពូយី ធ្លាប់តែងតាំងជានាយករដ្ឋមន្ត្រី បានសម្រេចបង្កើតរបបសាធារណរដ្ឋឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩១២។ ដោយសារមានទ័ពនៅក្នុងដៃយ៉ាងពេញទី លោក យឺន ស៊ីខាយ ក៏បានតែងតាំងខ្លួនឯង ជាប្រធានាធិបតី នៃរបបថ្មីនេះតែម្តង។
ត្រង់ចំណុចនេះសូមទាញអារម្មណ៍លោកអ្នកឲ្យបានដឹងបន្តិចថា លោក ស៊ុន យ៉ាតសេន និង យឺន ស៉ីខាយ សុទ្ធតែធ្លាប់ប្រកាសបង្កើតរបបសាធារណរដ្ឋឡើងរៀងៗខ្លួន ប៉ុន្តែមិនទាន់មាននរណាម្នាក់ ជាប្រធានាធិបតីផ្លូវការឡើយ។ និយាយម្យ៉ាងទៀត មុននឹងអតីតមេទ័ព យឺន ស៉ីខាយ កាន់តំណែងជាប្រធានាធិបតី នៃរបបសាធារណរដ្ឋនោះ លោក ស៊ុន យ៉ាតសេន ធ្លាប់ប្រកាសបង្កើតរបបសាធារណរដ្ឋនេះម្តងរួចហើយ។ កាលនោះគឺនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩១២ ក្រុមបដិវត្តន៍ដែលដឹកនាំដោយ លោក ស៊ុន យាតសេន បានប្រកាសបង្កើតសាធារណរដ្ឋចិនឡើង ប៉ុន្តែលោកមិនទាន់បានទទួលជោគជ័យ ក្នុងការផ្តួលរំលំរបបរាជានិយមទាំងស្រុងនោះទេ។
លុះដល់ខែកុម្ភៈ ឆ្នាំ១៩១២ ក្រោយពីព្រះអង្គម្ចាស់ ពូយី បានសម្រេចចិត្តទាំងបង្ខំក្នុងការដាក់រាជ្យ ក្រោមការកៀបសង្កត់ពីអតីតនាយករដ្ឋមន្ត្រីខ្លួន គឺលោក យឺន ស៉ីខាយ ទើបរបបរាជានិយមរបស់រាជវង្សនេះ ដែលបានដឹកនាំប្រទេសចិន តាំងពីឆ្នាំ១៦៤៤ ត្រូវដួលរំលំទាំងស្រុង។
ដោយសារតែ យឺន ស៉ីខាយ មានស្នាដៃក្នុងការជួយជ្រោមជ្រែង ក្រុមឧទ្ទាមក្នុងការធ្វើបដិវត្តន៍ និងមានអំណាចទ័ពផងនោះ លោកប្រធានាធិបតីបណ្តោះអាសន្ន គឺលោក ស៊ុន យ៉ាតសេន ដែលបានគ្រប់គ្រងចិន ត្រឹមតែជាង ២ខែនោះ ក៏បានប្រគល់តំណែងប្រធានាធិបតីឲ្យទៅ យឺន ស៉ីខាយ វិញ។
យឺន ស៉ីខាយ បានស្បថចូលកាន់តំណែងជាប្រធានាធិបតី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩១២ និងឡើងកាន់តំណែងជាប្រធានាធិបតីជាផ្លូវការ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩១៣។ មកដល់ចំណុចនេះ សូមប្រិយមិត្តចាប់អារម្មណ៍ថា កោះតៃវ៉ាន់ ដែលដាក់ឈ្មោះខ្លួនឯងថា «សាធារណរដ្ឋចិន» នៅតែចាត់ទុកលោក ស៊ុន យ៉ាតសេន ដែលធ្លាប់កាន់តំណែងជាប្រធានាធិបតីជាង ២ខែនោះ ជាប្រធានាធិបតីទី១ នៃរដ្ឋស្នងរបស់របបរាជានិយមដដែល ឬនិយាយឲ្យងាយយល់ កោះតៃវ៉ាន់ ចង់អះអាងថា ស៊ុន យ៉ាតសេន ជាអ្នកផ្តួលរំលំរបបរាជានិយម ហេតុនេះហើយកោះតៃវ៉ាន់ ត្រូវតែជារដ្ឋឯករាជ្យ ដែលត្រូវដឹកនាំចិនទាំងមូល។
គណបក្សគូមីនតាំង ដែលត្រូវបានបង្កើតឡើងដោយ ស៊ុន យ៉ាតសេន នៅតែជាគណបក្សកាន់អំណាចនៅកោះតៃវ៉ាន់ រហូតដល់បច្ចុប្បន្ន។ គូមីនតាំង ឬគណបក្សជាតិនិយមចិន ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩១២។
មូលហេតុនៃការបង្កើតគណបក្សនេះឡើង ដោយសារលោក ស៊ុន យ៉ាតសេន ចង់ប្រមូលកម្លាំងប្រឆាំងនឹងប្រធានាធិបតី យឺន ស៉ីខាយ ព្រោះកាលលោកលះបង់តំណែង ប្រធានាធិបតីឲ្យ យឺន ស៉ីខាយ គឺជាការលះបង់ដោយបង្ខំចិត្ត ដែលបណ្តាលមកពីកម្លាំងទ័ពខ្សោយ។ នៅក្នុងខែធ្នូ ឆ្នាំ១៩១២ ចិនបានបង្កើតការបោះឆ្នោតសភាជាលើកដំបូងបង្អស់ និងប្រព្រឹត្តទៅដោយរលូន ហើយកាលនោះគណបក្សរបស់ ស៊ុន យ៉ាតសេន បានឈ្នះភ្លូកទឹកភ្លូកដី ក្នុងចំណោមគណបក្សនយោបាយចិនទាំងអស់ រួមទាំងគណបក្សកាន់អំណាច របស់លោក យឺន ស៉ីខាយ ផងដែរ។
ទោះជាយ៉ាងនេះក្តី យឺន ស៉ីខាយ មិនសុខចិត្តនឹងលទ្ធផលឆ្នោតនេះទេ ហើយក៏បានរៀបផែនការសម្លាប់មន្ត្រីជាន់ខ្ពស់របស់គណបក្សគូមីនតាំង ដែលគ្រោងនឹងឡើងធ្វើជានាយករដ្ឋមន្ត្រីទៀតផង។ មន្ត្រីជាន់ខ្ពស់នោះ គឺលោក សុង សោវស៊េន ត្រូវបានគេបាញ់សម្លាប់ អំឡុងពេលរង់ចាំរថភ្លើង ក្នុងការធ្វើដំណើរទៅរដ្ឋធានីប៉េកាំង។ ឃាតកម្ម ដែលមានតម្រុយជាច្រើនបង្ហាញថា បានកើតឡើងពីផែនការ យឺន ស៉ីខាយនេះ បង្កឲ្យមានជម្លោះកាន់តែខ្លាំង រវាងអ្នកគាំទ្រគណបក្សគូមីនតាំង និងគណបក្សរបស់ យឺន ស៉ីខាយ។
ជម្លោះរវាងគណបក្សនយោបាយចិនធំទាំង២ បន្ទាប់ពីបោះឆ្នោតហើយនោះ ធ្វើឲ្យ ស៊ុន យ៉ាតសេន ដែលធ្លាប់ជោគជ័យ ក្នុងការធ្វើបដិវត្តន៍ផ្តួលរំលំរបបរាជានិយម ចាប់ផ្តើមធ្វើបដិវត្តន៍ជាលើកទី២ ក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលរបស់ យឺន ស៉ីខាយ។ ប៉ុន្តែគួរឲ្យស្តាយ ដែលមានកម្លាំងទ័ពតិចពេក បដិវត្តន៍លើកនេះ ត្រូវបានបរាជ័យទាំងស្រុង ហើយលោក ស៊ុន យ៉ាតសេន ថែមទាំងរត់ទៅប្រទេសជប៉ុន។
បរាជ័យរបស់ ស៊ុន យ៉ាតសេន ធ្វើឲ្យ យឺន ស៉ីខាយ ប្រមូលអំណាចទាំងអស់មកក្តាប់តែម្នាក់ឯង ដោយគ្មាននរណាហ៊ានងើបប្រឆាំងឡើយ។ ប្រធានាធិបតី យឺន ស៉ីខាយ មិនចេះដឹកនាំប្រទេសតាមបែបសាធារណរដ្ឋឡើយ ហើយ៤ឆ្នាំក្រោយ បន្ទាប់ពីបាត់បង់របបរាជានិយម គឺនៅខែធ្នូ ឆ្នាំ១៩១៥ យឺន ស៉ីខាយ បានបែកគំនិតបង្កើតរបបនេះឡើងវិញ និងតាំងខ្លួនឯងជាអធិរាជថែមទៀត។
គួរកត់សម្គាល់ថា ឈ្មោះអធិរាជដែលត្រូវបានប្រសិទ្ធិនាមឲ្យខ្លួនឯងនោះ យឺន ស៉ីខាយ មិនត្រូវបានគេគោរពកោតខ្លាច និងស្តាប់តាមឡើយ។ ក្រោយមកទៀត ឡើងធ្វើជាស្តេចមិនទាន់បាន ១ឆ្នាំផង គឺនៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩១៦ យឺន ស៉ីខាយ បានប្រកាសរំលាយរបបរាជានិយម និងបោះបង់ឈ្មោះជាអធិរាជ ដោយធ្វើការដឹកនាំប្រទេសចិន ក្នុងនាមជាប្រធានាធិបតីវិញ។
នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ១៩១៦ យឺន ស៉ីខាយ បានទទួលមរណភាពដោយសារជំងឺ។ ក្រោយមរណភាពនេះ អតីតមេទ័ពរបស់លោក បានយកកងទ័ពក្រោមបង្គាប់ទៅបម្រើប្រយោជន៍ពួកគេ និងរស់នៅដូចស្តេចត្រាញ់រៀងៗខ្លួន។
អស់អំឡុងរយៈពេលជាង១០ឆ្នាំ បន្ទាប់ពីមរណភាពរបស់ យឺន ស៉ីខាយ ប្រទេសចិន គ្មានអ្នកដឹកនាំពិតប្រាកដឡើយ ព្រោះរដ្ឋបាលកណ្តាលគ្រប់គ្រងបានតែក្នុងរដ្ឋធានីប៉េកាំងតែប៉ុណ្ណោះ ខណៈតំបន់ផ្សេងៗទៀត អ្នកមានឥទ្ធិពលយកទៅគ្រប់គ្រង ដូចរដ្ឋឯករាជ្យអញ្ចឹង។ បើតាមការវាយតម្លៃពលរដ្ឋចិនក្នុងរយៈពេលនោះ វេទនាយ៉ាងខ្លាំង។
ងាកមកក្រោយបន្តិច អំឡុងពេលនោះដែរ គណបក្សជាតិនិយមគូមីនតាំងរបស់ ស៊ុន យ៉ាតសេន បានចាប់ដៃជាមួយគណបក្សកុម្មុយនីស្តចិន។ បើទោះបីក្រុមទាំង២ មានជំហរផ្សេងគ្នាក៏ដោយ។ ពួកកុម្មុយនីស្តចង់បង្កើតរដ្ឋកុម្មុយនីស្ត និងលុបបំបាត់វណ្ណៈសក្តិភូមិ ដែលសល់ពីរបបរាជានិយមឲ្យអស់ ប៉ុន្តែគូមីនតាំង ផ្តោតសំខាន់ទៅលើការបង្ក្រាបពួកស្តេចត្រាញ់ ដើម្បីបង្រួបបង្រួមជាតិ ក្នុងការនាំប្រទេសឲ្យមានវិស័យឧស្សាហកម្មលូតលាស់។
ស៊ុន យ៉ាតសេន ថែមទាំងមានកិច្ចសហប្រតិបត្តិការវិស័យយោធាជាមួយ ចាង ខៃចៀក ដែលជានាយកសាលាទាហានហ្វឹកហ្វឺនមួយ នៅខេត្តក្វាងទុង ប្រទេសចិនផងដែរ។ បន្ទាប់ពីលោក ស៊ុន យ៉ាតសេន បានទទួលមរណភាពដោយរោគមហារីកថ្លើម នៅឆ្នាំ១៩២៥ តំណែងគណបក្សជាតិនិយមចិននេះ ត្រូវបានផ្ទេរទៅឲ្យ ចាង ខៃចៀក។
ចាង ខៃចៀក ជាមនុស្សមិនចូលចិត្តពួកកុម្មុយនីស្តនោះទេ។ នៅពាក់កណ្តាលឆ្នាំ១៩២៦ នាយកសាលាទ័ពរូបនេះ បានបើកប្រតិបត្តិការកងទ័ពទ្រង់ទ្រាយធំមួយ និងបានដណ្តើមទឹកដី ដែលធ្លាប់កាន់កាប់ដោយពួកស្តេចត្រាញ់ និងផ្តួលរំលំរដ្ឋាភិបាល នៅរដ្ឋធានីប៉េកាំង។
គិតត្រឹឆ្នាំ១៩២៧ ចាង ខៃចៀក មានទ័ពនៅក្នុងដៃកាន់តែធំ ហើយវាយបានទឹកដីមួយផ្នែកធំក្នុងប្រទេសចិន ជាពិសេសគឺដណ្តើមបានទីក្រុងណានជីង និងទីក្រុងសៀងហៃ ដែលជាទីក្រុងពាណិជ្ជកម្មរបស់ចិនទៀតផង។ ដោយសារជាមនុស្សមិនចូលចិត្តពួកកុម្មុយនីស្ត ឬប្រហែលលោភលន់ចង់ក្តោបក្តាប់អំណាចទាំងមូល ចាង ខៃចៀក បានបើកប្រតិបត្តិការធំមួយទៀត នៅខែមេសា ឆ្នាំ១៩២៧ ដោយធ្វើការសម្លាប់ពួកកុម្មុយនីស្តយ៉ាងរង្គាល ទោះបីជាក្រុមនេះជាអ្នកធ្លាប់រួបរួមជាមួយ ស៊ុន យ៉ាតសេន ដែលជាសម្ព័ន្ធមិត្តខ្លួនក៏ដោយ។
ពួកកុម្មុយនីស្តដែលនៅរស់បានគេចខ្លួនទៅតាមទីជនបទ ដើម្បីបង្រួបបង្រួមគ្នាសារជាថ្មី។ ចំណែកឯ ចាង ខៃចៀក បានប្រកាសបង្កើតរបបសាធារណរដ្ឋថ្មីមួយ ដោយយកទីក្រុងណានជីង ជាទីក្រុងរដ្ឋបាល ក្រោមការដឹកនាំរបស់ខ្លួន។ សម័យកាលដឹកនាំរបស់ ចាង ខៃចៀក ត្រូវបានគេឲ្យឈ្មោះថា Nanjing decade គឺចាប់ពីឆ្នាំ១៩២៨ ដល់ឆ្នាំ១៩៣៧។
ប៉ុន្តែអំឡុងពេល Nanjing decade មានសន្តិភាពតែមួយភ្លែតប៉ុណ្ណោះ។ នៅឆ្នាំ១៩៣៣ ចលនាកុម្មុយនីស្ត ដែលធ្លាប់ត្រូវ ចាង ខៃចៀក សម្លាប់យ៉ាងរង្គាលនោះ បានងើបឡើងសារជាថ្មី ក្រោមការដឹកនាំរបស់ ម៉ៅ សេទុង ដែលអនាគតនៃមហាបុរសរូបនេះ នឹងក្លាយជាមេដឹកនាំស្វែងរកសន្តិភាពជូនប្រជាជាតិចិនទាំងមូល។
ចលនាកុម្មុយនីស្ត ក្រោមការដឹកនាំរបស់លោកប្រធាន ម៉ៅ សេទុង ដែលបានរៀបចំរចនាសម្ព័ន្ធជាថ្មី តាមបែបបទរបស់ទ្រីស្តី ម៉ាក្ស លេនីន មានការវិវត្តខ្លួនបានល្អ គួរជាទីចាប់អារម្មណ៍។ ម៉ៅ សេទុង គឺជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានរៀនសូត្រយុទ្ធសាស្ត្រដឹកនាំទ័ពរបស់អ្នកប្រាជ្ញបុរាណចិន ស៊ុន ស៊ូ និងចូលចិត្តអានរឿងសាមកុក បានរៀបចំយុទ្ធសាស្ត្រដឹកនាំទ័ពដ៏មានឥទ្ធិពលមួយ គឺយុទ្ធសាស្ត្រទ័ពព្រៃ។
គួរជម្រាបថា យុទ្ធសាស្ត្រទ័ពព្រៃនេះ ម៉ៅ សេទុង បានបង្កើតពាក្យស្លោកឲ្យកងទ័ពកុម្មុយនីស្តចិន ទន្ទេញប្រចាំថ្ងៃថា «សត្រូវវាយលុកយើងដកថយ, សត្រូវសម្រាកយើងរំខាន, សត្រូវនឿយហត់ យើងវាយបក, សត្រូវដក យើងដេញតាម»។ ក្រោមទេពកោសល្យដឹកនាំទ័ពដ៏ពូកែ និងអាចការពារបានពីការព្យាយាមវាយប្រហាររបស់ ចាង ខៃចៀក ដែលមានទ័ពច្រើន និងមានសព្វាវុធទំនើបៗជាច្រើនដង ធ្វើឲ្យប្រធាន ម៉ៅ សេទុង មានឈ្មោះល្បីល្បាញ និងក្លាយជាមេដឹកនាំ គណបក្សកុម្មុយនីស្តចិន ដ៏មានឥទ្ធិពលមួយរូប នៅឆ្នាំ១៩៣៥។
លុះក្រោយមកទៀត អំឡុងពេលជប៉ុនចូលលុកលុយចិន លោក ចាង ខៃចៀក មិនសូវដែលខ្វល់អ្វីឡើយ ព្រោះខ្លួនយល់ថា ការកម្ចាត់ក្រុមរបស់ ម៉ៅ សេទុង មានសារៈសំខាន់ជាង។ ប្រការនេះធ្វើឲ្យប្រជាជនចិន មិនចូលចិត្ត ចាង ខៃចៀក នោះទេ ហើយថែមទាំងចោទថា ចាង ខៃចៀក ជាមនុស្សក្បត់ជាតិ ដែលលក់ទឹកដីឲ្យជប៉ុនទៀតផង ខណៈក្រុម ម៉ៅ សេទុង យកការប្រឆាំងនឹងជប៉ុនជាអាទិភាព ធ្វើឲ្យប្រជាជនស្រឡាញ់ជាខ្លាំង។
នៅឆ្នាំ១៩៣៩ ដោយសារកត្តាសង្គ្រាមលោកលើកទី២ ផ្ទុះឡើងផង ដោយសារកត្តាសង្គ្រាមស៉ីវិលផង និងកត្តាជប៉ុនលុកលុយផងនោះ ដីចិនត្រូវបានបែងចែកជា ៣ផ្នែក។ ផ្នែកខាងកើតស្ថិតក្រោមការកាន់កាប់របស់ជប៉ុន ខាងលិច និងខាងត្បូង ស្ថិតក្រោមការកាន់កាប់របស់ ចាង ខៃចៀក ចំណែកខាងផ្នែកពាយ័ព្យវិញ (ខាងលិចឆៀងខាងជើង) ស្ថិតក្រោមការកាន់កាប់របស់បក្សកុម្មុយនីស្ត ម៉ៅ សេទុង។
អំឡុងសង្គ្រាមលោកលើកទី២ ម៉ៅ សេទុង មានកងទ័ពជាង១លាននាក់ និងគ្រប់គ្រងដែនដី ដែលមានប្រជាជនជាង ១០០លាននាក់។ ក្រឡេកទៅខាង ចាង ខៃចៀក ដែលទទួលបានជំនួយពីអាមេរិក មានចំនួនកងទ័ពច្រើនណាស់ តែគុណភាពអន់។
មេទ័ពរបស់ក្រុម ចាង ខៃចៀក ត្រូវបានតែងតាំង និងដំឡើងឋានៈ តាមរយៈបក្ខពួកនិយមដោយមិនខ្វល់ពីសមត្ថភាពឡើយ ហើយអំពើពុករលួយ បានកើតយ៉ាងពាសពេញ នៅក្នុងជួរដឹកនាំកងទ័ព។ មេទ័ពភាគច្រើននាំគ្នាបំប៉ោងចំនួនកូនទាហាន ព្រមទាំងឆ្លៀតកាត់របបទាហាន ដោយទុកឲ្យកូនទាហាន នៅតាមសមរភូមិខ្វះស្បៀង និងខ្វះគ្រឿងសព្វាវុធ។
«ធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយ» ជាពាក្យស្លោករបស់ខ្មែរដ៏មានតម្លៃមួយ។ ក្នុងន័យនេះកត្តាកង្វះស្បៀងអាហារ បើងាកទៅមើលកងទ័ពរបស់ ចាង ខៃចៀក នៅសម័យអតីតកាលនោះ ត្រូវស្លាប់ដោយសារជំងឺ ច្រើនជាងស្លាប់ដោយសារត្រូវគ្រាប់សព្វាវុធរបស់សត្រូវទៅទៀត។
ក្រោយសង្គ្រាមលោកលើកទី២ ទោះបីសហរដ្ឋអាមេរិក មិនចូលចិត្តការដឹកនាំរបស់ ចាង ខៃចៀក ក៏ដោយ ក៏នៅតែបន្តផ្តល់ជំនួយយោធារាប់ពាន់លានដុល្លារ ដល់រដ្ឋបាលមួយនេះ ក្នុងការប្រឆាំងនឹងលោក ម៉ៅ សេទុង។ អាមេរិក មិនចង់ឲ្យចិនធ្លាក់ក្រោមការគ្រប់គ្រប់ ម៉ៅ សេទុង ដោយសារកាលនោះ ម៉ៅ សេទុង ក៏ទទួលបានជំនួយពីសហភាពសូវៀតដែរ។
កងកម្លាំងគូមីនតាំង របស់លោក ចាង ខៃចៀក មានច្រើនជាងកងកម្លាំងបក្សកុម្មុយនីស្ត របស់លោក ម៉ៅ សេទុង ដល់ទៅ៤ដង។ កងកម្លាំងរដ្ឋាភិបាល មានដល់ទៅជាង ៤លាននាក់ ចំណែកឯកងកម្លាំង ម៉ៅ សេទុង ដែលកាលនោះគេហៅថាក្រុមឧទ្ទាម មានត្រឹមតែជាង ១លាននាក់ក៏ដោយ ក៏ខាងលោក ចាង ខៃចៀក ដែលមានទ័ពគ្មានវិន័យ និងមានមេដឹកនាំទ័ពគ្មានសមត្ថភាព ត្រូវចាញ់ខាងលោក ម៉ៅ សេទុង ជាបន្តបន្ទាប់។
នៅឆ្នាំ១៩៤៨ កងកម្លាំងលោក ម៉ៅ សេទុង បានវាយដណ្តើមតំបន់ម៉ាន់ជូរី និងបានចាប់ខ្លួនទាហានរដ្ឋាភិបាលជាង៤០ម៉ឺននាក់។ មិនយូរទៀតឡើយ ម៉ៅ សេទុង បានឡោមព័ទ្ធតំបន់កងទ័ពរដ្ឋាភិបាលជាង ៤០ម៉ឺននាក់ទៀត ហើយកាលនោះដោយសារខ្លាច ម៉ៅ សេទុង យកបានតំបន់នោះ ចាង ខៃចៀក មានបំណងប្រើយន្តហោះចម្បាំង ទៅទម្លាក់គ្រាប់បែករំលាយទីនោះចោល ប៉ុន្តែកងទ័ពខ្លួនបានដឹងរឿងនេះ ក៏ពួកគេបានទម្លាក់អាវុធចុះ និងបានចុះចូលជាមួយ ម៉ៅ សេទុង ដោយសន្តិភាពតែម្តង។
ប្រការនេះហើយ ធ្វើឲ្យតុល្យភាពកម្លាំងទ័ពទោរទៅខាង ម៉ៅ សេទុង កាន់តែច្រើនឡើងៗ។ រីឯខាងលោក ចាង ខៃចៀក ត្រូវបាត់បង់ទាំងការទុកចិត្តពីប្រជាជនទូទៅ លើបញ្ហាអសមត្ថភាពដឹកនាំប្រទេស និងការធ្វើឲ្យប្រទេសមានបញ្ហាសេដ្ឋកិច្ច ដោយសារទំនិញចេះតែឡើងថ្លៃមិនឈប់ ឯលុយវិញមានតម្លៃធ្លាក់ចុះស្រដៀងក្រដាស។
នៅឆ្នាំ១៩៤៩ កងទ័ពរបស់ ម៉ៅ សេទុង បានវាយចូលទីក្រុងណានជីង ដែលជាតំបន់រដ្ឋបាលរបស់ ចាង ខៃចៀក ធ្វើឲ្យរដ្ឋាភិបាលមួយនេះ រត់បាតជើងសព្រាតទៅក្វាងទុង និងស៉ីឈាន់ ខណៈចុងក្រោយគេនោះ ត្រូវរត់ទៅកោះតៃវ៉ាន់។ ចាង ខៃចៀក បាននាំមន្ត្រី និងទ័ព ថែមទាំងសាច់ញាតិ ប្រហែលជិត២លាននាក់ និងបានប្រកាសយកក្រុងតៃប៉ិ នៅកោះតៃវ៉ាន់ ធ្វើជារដ្ឋធានីបណ្តោះអាសន្ន នៃរបបសាធារណរដ្ឋចិនរបស់ខ្លួនតែម្តង។
ចំណែកឯចិនដីគោកទាំងមូល ត្រូវបានធ្លាក់ក្រោមការគ្រប់គ្រងបក្សកុម្មុយនីស្តចិន របស់លោក ម៉ៅ សេទុង ហើយលោកបានរៀបចំប្រទេសចិនសារជាថ្មី។ បន្ថែមលើនេះ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៤៩ លោកប្រធាន ម៉ៅ សេទុង បានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដោយយកទីក្រុងប៉េកាំង ជារដ្ឋធានីចាប់ពីពេលនោះមក។
ជារៀងរាល់ឆ្នាំនៅថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិននេះ រដ្ឋាភិបាលចិននៅទីក្រុងប៉េកាំង ក៏ដូចជាបណ្តាស្ថានទូតចិននៅក្រៅប្រទេស សុទ្ធតែបានប្រារព្ធពិធីអបអរសាទរយ៉ាងមហោឡារិក។ តែសម្រាប់ឆ្នាំ២០២០នេះ ដោយសារតែបារម្ភការរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋាភិបាលចិន ហាក់មិនបានប្រារព្ធពិធីនេះឱ្យអឺងកងនោះឡើយ៕
លោក ម៉ៅ សេទុង
លោក ស៊ុន យ៉ាតសេន
លោក ព្រះអង្គម្ចាស់ ពូយី
លោក យឺន ស៉ីខាយ
លោក សុង សោវស៊េន
លោក ចាង ខៃចៀក