(ភ្នំពេញ)៖ កូនសម្តេចទាំងបីនិងបងប្អូនថ្លៃបានរៀបចំអាហារសាមគ្គីមួយនាល្ងាចថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការចូលរួមពីមន្រ្តី អ្នកមុខអ្នកការ អ្នកជំនួញ និងក្រុមការងារយុវជនប្រមាណជាង ១០០ នាក់។
លោក ហ៊ុន ម៉ាណែត តំណាងអោយបងប្អូនទាំងប្រាំនាក់បានលើកឡើងថា ឱកាសដែលយើងអាចជួបជុំគ្នាក្នុងថ្ងៃនេះ គឺកើតចេញមកពីការលះបង់របស់យុវជនជំនាន់មុន ពោលគឺ បើមិនមានការលះបង់ពីរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ដែលមានសម្តេចអគ្គមហាធម្មពោធិសាល ជា សុីម, សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន, សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនដ៏ទៃទៀតដែលដាក់ជីវិតជាដើមទុនដើម្បីរំដោះជាតិនិងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមក៏យើងមិនមានថ្ងៃនេះដែរ។
ថ្នាក់ដឹកនាំគណបក្សប្រជាជកម្ពុជាមិនត្រឹមតែរំដោះជាតិទេ ប៉ុន្តែបានដឹកនាំប្រទេសជាតិចេញពីបាទដៃទទេមកដល់ថ្ងៃនេះដោយឆ្លងកាត់ការលំបាករាប់មិនអស់ រួមទាំងវិបត្តិសេដ្ឋកិច្ចអាស៊ី ១៩៩៧, ការពារបូរណភាពទឹកដីក្នុងដំណាក់កាលវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ២០០៨ និងក្នុងដំណាក់កាលនេះគឺការគ្រប់គ្រងប្រទេសក្នុងស្ថានភាពវិបត្តិកូវីដ ១៩ ដែលជាវិបត្តិសកល ទាំងខាងសុខភាពសាធារណៈ និងសេដ្ឋកិច្ច ជាពិសេសជីវភាពរស់នៅរបស់ប្រជាជន។ មកដល់ពេលនេះយើងមិនទាន់មានករណីស្លាប់ដោយCoVID19 ឬប្រជាជនណាដែលស្លាប់ដោយដាច់បាយដោយយើងមិនបានដឹង និងមិនបានដោះស្រាយនោះទេ។ ទាំងនេះគឺជាភាពចាស់ទុំនិងការទទួលខុសត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែរួមសុខ រួមទុក្ខជាមួយប្រជាជន។
លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរអំពីបរិបទចុងក្រោយដែលមជ្ឈដ្ឋាននយោបាយមួយចំនួនបានគួបផ្សំកម្លាំងគ្នាជំរុញអោយមានបដិវត្តន៍ពណ៌នៅម្ពុជា ដែលទោះយ៉ាងណាក៏ដោយ ការប៉ុនប៉ងនេះ បានទទួលបរាជ័យដោយការអនុវត្តច្បាប់ និងការគាំទ្រពីមហាជនភាគច្រើនមកលើរាជរដ្ឋាភិបាលស្របច្បាប់។ មេរៀននេះ បង្ហាញយ៉ាងច្បាស់ពីកាតព្វកិច្ចជនរួមជាតិ និងជាពិសេសយុវជនជំនាន់ក្រោយ ក្នុងការការពារឲ្យបាននូវសមិទ្ធផលដែលថ្នាក់ដឹកនាំនាពេលបច្ចុប្បន្នសម្រេចបាន និងត្រូវខិតខំបន្តជំរុញវឌ្ឍនភាពកម្ពុជា តទៅមុខ ដោយដឹងយ៉ាងច្បាស់ថា ជាងពេលណាៗទាំងអស់ ពេលនេះយើងត្រូវការឯកភាពគ្នាជាធ្លុងមួយដើម្បីជាតិ និងប្រជាជន។
លោកក៏បានលើកឡើងផងដែរថា នឹងមានការជួបជុំជាបន្តបន្ទាប់ និងមានលក្ខណៈទូលំទូលាយជាងនេះ៕