(ភ្នំពេញ)៖ លោកឧកញ៉ាបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសបានចូលរួមមរណទុក្ខ និងរំលែកទុក្ខដល់ប្រជាពលរដ្ឋគុយវ៉ែតទាំងអស់នៅឯស្ថានទូតគុយវ៉ែតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចំពោះការសោយទិវង្គតរបស់ព្រះចៅរដ្ឋគុយវ៉ែត SHEIKH SABAH AL-AHMAD AL-JABER AL-SABAH ដែលត្រូវបានគេប្រសិទ្ធនាមថា «ស្តេចមនុស្សធម៌» ។
លោកទេសរដ្ឋមន្ត្រីបានចូលរួមរម្លែកមរណទុក្ខនេះនៅឯស្ថានទូតគុយវ៉ែត នៅថ្ងៃទី០១ ខែ តុលា ឆ្នាំ២០២០នេះ ។
ក្នុងសារលិខិតមរណទុក្ខនេះ លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា «ខ្ញុំមានសេចក្ដីក្រៀមក្រុំយ៉ាងក្រៃលែងដែលទទួលដំណឹងពីមរណទុក្ខព្រះចៅរដ្ឋគុយវ៉ែត SHEIKH SABAH AL-AHMAD AL-JABER AL-SABAH ព្រះមហាក្សត្រនៃរដ្ឋគុយវ៉ែត បានយាងចូលទិវង្គត់ ( សូមអល់ឡោះជាម្ចាស់មេត្តាអភ័យទោស និងករុណាថ្វាយចំពោះទ្រង់ ) ។ខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះព្រះរាជបូជនីយកិច្ចដ៍ធំធេងរបស់ព្រះចៅ SHEIKH SABAH AL-AHMAD AL-JABER AL-SABAH ក្នុងបុព្វហេតុប្រទេសជាតិ និងសាសនាឥស្លាមនៅទូទាំងសាកលលោក» ។
តាងនាមថ្នាក់ដឹកនាំខ្មែរឥស្លាមនៅព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសំដែងនូវសមានទុក្ខដ៍ក្រៀមក្រុំបំផុត និងចូលរួមរម្លែកមរណទុក្ខជាមួយ ឯកឧត្តម ព្រះរាជវង្សានុវង្ស និងប្រជាជនគុយវ៉ែត ចំពោះការបាត់បង់ដ៍ធំធេងនេះ ។ ខ្ញុំសូមបួងសួងចំពោះអល់ឡោះជាម្ចាស់ ប្រទានជូនដួងវិញ្ញាណព្រះចៅគុយវ៉ែត នូវក្ដីមេត្តា ករុណាមហាធំធេង និងបានទៅសោយសុខក្នុងឋានសួគ៍ដ៍ធំល្វឹងល្វើយរបស់ទ្រង់ ព្រមទាំងបួងសួងសុំអល់ឡោះជាម្ចាស់ជូនរដ្ឋាភិបាល ប្រជាជនគុយវ៉ែត ឲ្យចៀសផុតពីប្រការអាក្រក់ទាំងពួង ៕