(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានស្នើដល់ភ្នាក់ងារគណបក្សនយោបាយទាំងអស់ ត្រូវអនុវត្តឱ្យត្រឹមត្រូវតាមនីតិវិធី និងក្រមសីលធម៌ របស់គណបក្សនយោបាយ និងរក្សាឱ្យបាននូវសេចក្តីថ្លៃថ្នូរចេះយោគយល់គ្នាទៅវិញទៅមកក្នុងស្មារតីទំនួសខុសត្រូវខ្ពស់។
ការស្នើបែបនេះ របស់លោក តូច ប៉ូលីវ៉ា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធក្នុងដំណាក់កាល នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ដោយមានការចូលរួមពីប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត និងសហការី កងកម្លាំងទាំង ៣ប្រភេទ តំណាងគណបក្សនយោបាយ, តំណាងអង្គការ សង្គមស៊ីវិល តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត អនុប្រធានប្រធានមន្ទីរព័ត៌មានខេត្ត សរុបអ្នកចូលរួមប្រមាណ ៤២នាក់។
ក្នុងឱកាសនោះដែរ លោកបានថ្លែងថា ដើម្បីឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ បានសំណូមពរ និងដាក់ចេញនូវការងារចំនួនដល់អង្គភាព ពាក់ព័ន្ធមានដូចជា៖
ទី១៖ សូមកងកម្លាំងសមត្ថកិច្ចជួយចូលរួមរក្សាសុវត្ថិភាពនៅជុំវិញទីតាំងការិយាល័យពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ឱ្យបានជាប់ជាប្រចាំ។
ទី២៖ ជួយពន្លឿនដល់ការធ្វើសៀវភៅស្នាក់នៅ អត្តសញ្ញាណបណ្ណ (ប្រភេទី៣) ឱ្យបានឆាប់រហ័ស ដើម្បីបម្រើដល់ការចុះឈ្មោះបោះឆ្នោតដំណើរការទៅដោយរលូន។
ទី៣៖ សូមជួយពន្លឿន ផ្លាស់ប្តូរអត្តសញ្ញាណបណ្ណដល់ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ អ.ខ អស់សុពលភាព។
ទី៤៖ សូមអ្នកពាក់ព័ន្ធទាំងអស់ ជួយជំរុញផ្សព្វផ្សាយដល់អ្នកដែលគ្រប់ អាយុ១៨ឆ្នាំ (កើតមុន ឬត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០០៣) ជាពិសេសសិក្សថ្នាក់ទី១២ កម្មករ កម្មការនីរោងចក្រ បុគ្គលិកកាស៊ីណូ។
និងទី៥៖ សូមអង្គការសង្គមស៊ីវិល ដែលបានចុះឈ្មោះសង្កេតការណ៍សូមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌អ្នកសង្កេតការណ៍ និងធ្វើរបាយការណ៍ឱ្យបានត្រឹមត្រូវតាមស្ថានភាពជាក់ស្តែង៕