(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារបច្ចេកទេសក្រុមហ៊ុនស្ពេកមេឌៀ (SPACE MEDIA) សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យ និងសិក្សាលើទីតាំងគ្រោងសាងសង់ស្ពានអាកាសថ្មើរជើង ឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចសារមន្ទីរខេត្តពោធិ៍សាត់ ដែលនឹងឈានដល់ការស្ថាបនា ក្នុងពេលឆាប់ៗខាងមុខ។
លោក ឃុត ឧសភា នាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ បានឱ្យដឹងថា លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានចាត់ឱ្យក្រុមការងារបច្ចេកទេសក្រុមហ៊ុនស្ពេកមេឌៀ (SPACE MEDIA) សហការជាមួយរដ្ឋបាលខេត្ត ចុះពិនិត្យ និងសិក្សាជាក់លាក់លើទីតាំងគ្រោងសាងសង់ស្ពានអាកាសថ្មើរជើងនេះ ធ្វើយ៉ាងណាឱ្យមានសោភណ្ឌភាព និងសមស្របតាមលក្ខណៈបច្ចេកទេស។
លោកនាយករដ្ឋបាលបន្តថា ស្ពានអាកាសថ្មើរជើងថ្មីសន្លាងនេះ នឹងត្រូវសាងសង់ឡើងក្នុងឆាប់ៗខាងមុខ ស្របពេលច្រាំងស្ទឹង និងសួនច្បារ ១៤មករា ត្រូវបានស្ថាបនាជិតរួចរាល់ហើយ។
លោក ឃុត ឧសភា បន្តថា ស្ពានអាកាសថ្មើរជើងថ្មីនេះ នឹងចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់សោភ័ណភាព និងមុខមាត់ខេត្តពោធិ៍សាត់ មិនតែប៉ុណ្ណោះក៏បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ពេលអ្នកថ្មើរជើងឆ្លងកាត់ទ្រូងផ្លូវ។
លោកនាយករដ្ឋបាលបន្ថែមថា ខេត្តក៏មានគម្រោងកែលម្អសោភ័ណភាពក្រុង ឱ្យមានលក្ខណៈទាក់ទាញ និងស្រស់បំព្រង តាមរយៈការដាក់ភ្លើងបំភ្លឺផ្លូវសំខាន់ៗ តាមទីសាធារណៈក្នុងក្រុងពោធិ៍សាត់ ព្រមទាំងមានគម្រោងបន្ថែម ជុំវិញការដាំដើមឈើ នៅអមសង្ខាងផ្លូវវៀងក្រុងផងដែរ។
គួរបញ្ជាក់ថា ស្ពានអាកាសថ្មើរជើងនេះ ត្រូវបានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ពិនិត្យ និងអនុម័តស្ថាបនា ក្នុងកិច្ចប្រជុំលើកទី១២ ឆ្នាំទី១ អាណត្តិទី៣ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ នៅវេទិកាសាលាខេត្តពោធិ៍សាត់ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពក្រុងពោធិ៍សាត់ និងដើម្បីសម្រួលដល់ការធ្វើដំណើរ របស់អ្នកថ្មើរជើងឆ្លងកាត់ទ្រូងផ្លូវនេះ៕