(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនយុវជនពីរនាក់ ពាក់ព័ន្ធការចែកចាយ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួននាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដោយចុះបង្ក្រាបដល់ទីតាំងដែលយុវជនទាំងពីរនាក់នេះ កំពុងលក់ និងជក់នៅមាត់ស្ទឹងគាប ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក យ៉ាន់ សុវណ្ណ បានបន្តថា ជនសង្ស័យទាំងពីរនេះមានឈ្មោះ លី វណ្ណៈ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២៖ ឈ្មោះ ហួន គឹមហុង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករ។ ជនសង្ស័យទាំងពីររស់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

វត្ថុតាងដកហូតបានរួមមាន៖ គ្រឿងញៀនមេតំហ្វេតាមីន ទឹកកក ចំនួន ២កូនថង់តូច ទម្ងន់ ៣,៩០ក្រាម, ម៉ូតូ ១គ្រឿង, ទូរស័ព្ទដៃ ២គ្រឿង, នាឡិកាដៃ ១គ្រឿង និងសម្ភារមួយចំនួនទៀត។

ក្រោយពីសួរនាំ និងធ្វើតេស្តទឹកនោម រកឃើញថាជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរក្សាទុក និងម្នាក់ទៀតពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យទាំងពីរនាក់ ត្រូវបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនមកសាលាដំបូង ចាត់ការតាមនីតិវិធីច្បាប់៕