(ទីក្រុងហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា បច្ចុប្បន្នមេរោគ Zika កំពុងតែផ្ទុះឡើង និងបង្កគ្រោះថ្នាក់ដល់ពិភពលោក ដូច្នេះហើយត្រូវបង្កើតក្រុមសង្គ្រោះបន្ទាន់ទៅលើសុខភាពអន្តរជាតិ ដើម្បីបង្កានិងទប់ស្កាត់កុំឲ្យមេរោគនេះរីករាលដាល បន្ថែមទៀត នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០២ ខែកុម្ភៈ។
អ្វីដែលជាក្ដីបារម្ភសម្រាប់ពិភពលោកនោះគឺថា កូនក្មេងដែលកើតចេញពីម្ដាយឆ្លងជំងឺ Zika មានសភាពមិនគ្រប់លក្ខណៈ ដោយក្បាលតូច និងការអភិវឌ្ឍន៍ខួរក្បាលមិនល្អ ដែលនេះជាបញ្ហាធ្ងន់ធ្ងរមួយ ដែលត្រូវដោះស្រាយ។
លោកស្រីវេជ្ជបណ្ឌិត Margaret Chan និងជាប្រធានអង្គការសុខភាពពិភពលោក បាននិយាយថា លោកស្រីនឹងជួបប្រជុំជាមួយក្រុមវេជ្ជបណ្ឌិតជំនាញខាងសុខភាព ដើម្បីបង្កើតគណៈកម្មាធិការសង្គ្រោះបន្ទាន់ ទទួលបន្ទុកត្រួតពិនិត្យទៅលើស្រីឆ្លងជំងឺ Zika និងការថែទាំ។
គួរបញ្ជាក់ផងដែរថា វីរុស Zika ត្រូវបានរកឃើញលើកដំបូង នៅលើសត្វស្វានៅក្នុងឆ្នាំ១៩៤៧ នៅក្នុងប្រទេសអ៊ូហ្គង់ដាស្ថិតក្នុងទ្វីបអាហ្រ្វិក ហើយនៅឆ្នាំ១៩៥២ ជំងឺនេះ បានឆ្លងជាលើកដំបូងមកមនុស្ស តាមរយៈមូសខ្លាខាំ និងបានរីករាលដាលនៅតំបន់អាហ្រ្វិក និងកោះមួយចំនួននៅតំបន់ប៉ាស៊ីហ្វិក។ អ្នកដែលឆ្លងមេរោគនេះ នឹងមានអាការៈ ក្ដៅខ្លួន ឈឺក្បាល ឡើងរមាស់ ឈឺសន្លាក់ និងភ្នែកឡើងក្រហម ពោលគឺមានអាការៈ និងរោគសញ្ញា ដូចគ្នានឹងជំងឺគ្រុនឈាមដែរ៕