(កំពង់ឆ្នាំង)៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានសាងសង់ផ្សារថ្មីមួយកន្លែងទៀត នៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដើម្បីជួយសម្រួលដល់ការលំបាកជូនប្រជាពលរដ្ឋដែលធ្លាប់តែចល័តតូបលក់ដូរតាមទឹកទន្លេឡើង និងស្រកជារៀងរាល់ឆ្នាំ។ ផ្សារថ្មីនេះ មានកន្លែងលក់ដូរមានសោភ័ណភាព និងសុវត្ថិភាពល្អ សម្រាប់បម្រើដល់ការលក់ដូរទំនិញរបស់ប្រជាពលរដ្ឋ។

លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ថា ផ្សារថ្មីនេះ មានឈ្មោះថា (ផ្សារសមុទ្រទឹកសាបឆ្នុកទ្រូ) ដែលបានសាងសង់ខ្ពស់ផុតពីទឹកឡើង ដើម្បីជួយសម្រួល ដល់ការលក់ដូរទំនិញជូនប្រជាពលរដ្ឋ ដែលកន្លងមកគ្មានទីតាំងផ្សារត្រឹមត្រូវឡើយ ពេលទឹកទន្លេឡើង និងចុះប្រជាពលរដ្ឋ ត្រូវចល័តតូបលក់ដូរតាមទឹក ជាហេតុធ្វើឱ្យពួកគាត់បានចំណាយប្រាក់កាស់អស់ច្រើនណាស់។

លោកមេឃុំឆ្នុកទ្រូ បានបញ្ជាក់ថា មកដល់ពេលនេះផ្សារសមុទ្រទឹកសាបឆ្នុកទ្រូ បានសាងសង់រួចរាល់ហើយ ដោយមានកន្លែងលក់ដូរចំនួន ២២៤កន្លែង។ ប្រជាពលរដ្ឋដែលមានលទ្ធភាព អាចចូលមកកក់ប្រាក់ជួលកន្លែងលក់ដូរក្នុងផ្សារថ្មីនេះបានហើយ ដោយកក់ប្រាក់ចំនួន ១,៥០០ដុល្លារ ក្នុង១កន្លែងៗ សម្រាប់ការលក់ដូររយៈពេល៣ឆ្នាំ។

ដោយឡែកអ្នកគ្មានលទ្ធភាពគ្មានប្រាក់ជួល ដែលប៉ះពាល់ជីវភាពដោយជំងឺកូវីដ-១៩ អាចបង់រំលោះទៅតាមលទ្ធភាពជាក់ស្តែង ក្នុងពេលឈប់លក់ដូរមុនរយៈពេលកំណត់ ៣ឆ្នាំ ត្រូវជូនដំណឹងមកគណៈកម្មការផ្សារជាមុនរយៈពេល៣ខែ ចំពោះប្រាក់កក់ គឺអាចដកយកទៅវិញបាន។ ចំណែកថ្លៃឈ្នួលតូបប្រចាំខែ ក្នុង ១តូបៗថ្លៃ ៣៥ដុល្លារ។

ដោយអនុវត្តន៍តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានោះ ចំពោះប្រជាពលរដ្ឋក្រីក្រលក់បន្លែបង្កា ត្រីសាច់ តាមកញ្ជើល្អី គឺគណៈកម្មការផ្សារផ្តល់អាទិភាពឱ្យលក់ដូរនៅក្នុងផ្សារ ដោយមិនយកថ្លៃឈ្នូលប្រចាំខែនោះឡើយ។ នេះគឺជាការរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយប្រមុខរាជរដ្ឋាភិបាល ក្នុងដំណាក់កាលជំងឺកូវីដ-១៩ ដែលប្រជាពលរដ្ឋភាគច្រើនកំពុងជួបការលំបាក៕