(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមបិទសន្និបាត បូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងប្រចាំឆ្នាំ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលធ្វើឡើងនៅក្រសួងមហាផ្ទៃ។
សន្និបាតនេះ ត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី១-២ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយមានការចូលរួម ពីសមត្ថកិច្ចពាក់ព័ន្ធនានា ដែលបានចូលរួមអនុវត្តការបង្រ្កាបគ្រឿងញៀន។
កាលពីម្សិលមិញ ក្នុងពិធីបើកសន្និបាតនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ដែលជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនបានថ្លែងថា ឆ្នាំ២០១៥ ថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធបានបង្រ្កាបបទល្មើស៣០៦១ករណី ឃាត់ខ្លួនជនល្មើស៧០០៨ (ស្រី៨៥៣នាក់) ព្រមទាំងចាប់វត្ថុតាងជាច្រើនទៀត ហើយថានៅឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ នឹងបន្តប្រតិបត្តិការនេះកាន់តែខ្លាំងឡើង លើការបង្ក្រាបមុខសញ្ញាគ្រឿងញៀន ដែលជាមេរោគបំផ្លាញសង្គមយ៉ាងធ្ងន់ធ្ងរ។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា អង្គសន្និបាតទាំងមូលប្តេជ្ញាចិត្ត រួមគ្នាជាពហុវិស័យដើម្បីដោះស្រាយ នូវបញ្ហាប្រឈមនានាតាមយុទ្ធសាស្រ្ត របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ក្នុងឱកាសនោះសម្តេចក្រឡាហោម ស ខេង បានថ្លែងអបអរសាទរចំពោះការខិតខំ របស់ក្រសួងស្ថាប័នអង្គភាព និងមន្រ្តីអនុវត្តន័ច្បាប់ពាក់ពន្ធ័ ដែលបានខិតខំបង្ការ បង្រ្កាប និងដោះស្រាយបញ្ហាគ្រឿងញៀនរហូត ទទួលបានលទ្ធផលនាពេលនេះ ហើយសម្តេចបានស្នើអោយគ្រប់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ បន្តខិតខំយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀន៕