(ភ្នំពេញ)៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានអះអាងថា លោកនឹងចូលបំភ្លឺតាមការកំណត់នៅសាលាដំបូង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ ហើយថានឹងមានសហជីពមកពី២៥ រាជធានី-ខេត្ត និងតំណាងអង្គការ ជាច្រើនឃ្លាំមើលការសួរចម្លើយនេះ។
លោក ប៉ាវ ស៊ីណា ត្រូវបានតុលាការខេត្តកំពង់ស្ពឺ កោះហៅឱ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះពាក់ព័ន្ធនឹង សំណុំរឿងហិង្សានៅ Agile sweater ក្នុងខេត្តកំពង់ស្ពឺ។ ក្នុងនោះក៏មានសហជីព៦នាក់ផ្សេងទៀតដែរ ដែលពាក់ព័ន្ធនឹងការ ចោទប្រកាន់នេះ។
លោក ប៉ាវ ស៊ីណា បាននិយាយថា ចំពោះរឿងនេះ ភាគីខាងកម្មករនិងសហជីពទេ ដែលជាអ្នករងគ្រោះ ប៉ុន្តែតុលាការនិងសមត្ថកិច្ច បែរជាចោទប្រកាន់មកលើសហជីពទៅវិញ។ លោកថា អំពើហិង្សានៅរោងចក្រ Agile sweater កន្លងមកគឺសន្តិសុខបានវាយមកលើ សហជីព និងកម្មករ។
ទោះជាយ៉ាងនេះក្តី Fresh News មិនអាចទំនាក់ទំនង ទៅលោក ម៉ែន វណ្ណៈ ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ ដែលហៅ លោក ប៉ាវ ស៊ីណា បាននៅឡើយទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមករា កន្លងទៅ មានការប៉ះទង្គិចគ្នារវាងកម្មករតវ៉ា និងបក្ខពួកសន្តិសុខរោងចក្រ Agile sweater នៅភូមិតាអោង ក្រុងច្បារមន បណ្តាលឱ្យរងរបួសមួយចំនួន នៅពេលដែលកម្មករធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ៩ចំណុច ពីថៅកែ។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចក៏បានឃាត់ខ្លួនសហជីព៥នាក់ផងដែរ ប៉ុន្តែក្រោយមកត្រូវដោះលែងឱ្យនៅក្រៅឃុំបណ្តុះអាសន្ន ឡើងវិញ បន្ទាប់ពីមានការធានាផ្លូវច្បាប់ ដោយមេធាវី ៕