(កោះកុង)៖ លោក គង់ សារាជ ប្រធានក្រុមភូមិភាគ និងជាប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា និងលោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានជំរុញមន្ត្រីរដ្ឋបាលខេត្ត ស្មៀនឃុំ សង្កាត់ ព្រមទាំងមន្ត្រីមូលដ្ឋាន នៅក្នុងខេត្តកោះកុង សិក្សាពីជំនាញបច្ចេកវិទ្យា និងប្រព័ន្ធឌីជីថល ឱ្យបានស្ទាត់ជំនាញងាយស្រួលបញ្ជូនព័ត៌មាន និងបានឆាប់រហ័សទៅមន្ត្រីថ្នាក់លើពីបញ្ហាកើតមាននៅមូលដ្ឋាន។

ទាំងលោក គង់ សារាជ និងលោក ប្រាក់ សំអឿន បានកត់សម្គាល់ថា ការសិក្សាពីជំនាញបច្ចេកវិទ្យា និងប្រព័ន្ធឌីជីថល ដូចជាតាមរយៈប្រព័ន្ធតេឡេក្រាម, WhatsApp, Facebook Massenger និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀត គឺអាចជួយពន្លឿនដោះស្រាយរាល់បញ្ហានៅមូលដ្ឋាន បានទាន់ពេលវេលា។

ក្នុងវេទិកាពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាឃុំសង្កាត់ស្តី «ពីសកម្មភាពគាំទ្រក្នុងការអភិវឌ្ឍន៍ឃុំ សង្កាត់» របស់ខេត្តកោះកុង នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ លោក គង់ សារាជ បានថ្លែងយ៉ាងដូច្នេះថា៖ «រដ្ឋបាលខេត្ត ឃុំ សង្កាត់ នៅគ្រប់បណ្តាស្រុក ត្រូវពង្រឹងសមត្ថភាពផ្នែកប្រព័ន្ធបច្ចេកវិទ្យាឌីជីថល បច្ចុប្បន្ននេះរួមមាន៖ ហ្វេសប៊ុក តេឡេក្រាម និង WhatsApp ជាដើម ដែលកំពុងបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ដែលពុំអាចខ្វះបានប្រចាំថ្ងៃ សម្រាប់ទំនាក់ទំនងបម្រើការងារតាមសេចក្តីត្រូវការរៀងៗខ្លួន ខណៈសាធារណជនអាចរាល់ដឹង ឬបញ្ចូនព័ត៌មានទាំងនោះឱ្យគ្នាទៅមកបានឆាប់រហ័ស ទាន់ពេលវេលា និងពុំចំណាយថវិកាច្រើនទៀតផង»

លោក គង់ សារាជ បានបន្ថែមថា គ្រប់ប្រទេសនៅលើពិភពលោក គឺគេបានអនុវត្តព្រមគ្នាទៅដល់ចំណុចនេះអស់ទៅហើយ។ ដូច្នេះកម្ពុជាត្រូវខិតខំធ្វើយ៉ាងណាឱ្យប្រព័ន្ធឌីជីថលនេះ ឱ្យកាន់តែទូលំទូលាយសម្រាប់ធនធានមនុស្សចេះប្រើប្រាស់បានត្រឹមត្រូវ ក្នុងន័យរួមចំណែកសង្គមជាតិរីកចម្រើន និងទទួលបានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ខាងមុខ។

លោកបានបញ្ជាក់បន្ថែមថា ក្រុមប្រឹក្សាឃុំ សង្កាត់ នៅទូទាំងខេត្តកោះកុង ចាំបាច់ត្រូវតែយល់ដឹងឱ្យស្របទៅតាមភាពជឿនលឿន និងបម្រើការដល់កិច្ចការអភិវឌ្ឍន៍ ក្នុងមូលដ្ឋានជាពិសេសអាចជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋ បានយ៉ាងងាយស្រួល ក្នុងការដោះស្រាយកង្វល់នានា របស់ពួកគាត់បានយ៉ាងឆាប់រហ័សជាដើម។

មន្ត្រីព្រឹទ្ធសភារូបនេះ បានបញ្ជាក់បន្ថែមដូច្នេះ៖ «នៅពេលមេឃុំ និងចៅសង្កាត់ មានសមត្ថភាពប្រើប្រាស់បណ្តាញទំនាក់ទំនងឌីជីថលរួចរាល់ ពួកគាត់អាចបញ្ជូននូវព័ត៌មានពីអ្វីដែលជាតម្រូវការចង់បានរបស់ប្រជាពលរដ្ឋមកកាន់ថ្នាក់ដឹកនាំ របស់ខ្លួនបានទាន់ពេលវេលា មុននឹងស្វែងរកដោះស្រាយបញ្ហាប្រឈម និងលើកទិសដៅអភិវឌ្ឍន៍រួមគ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទោះពុំបានល្អ១០០ភាគរយយ៉ាងណាក្តី ប៉ុន្តែ អាជ្ញាធរអាចធ្វើទៅបានជៀសវាងការមិនតបឆ្លើយណាមួយសោះ»

ក្នុងវេទិកានេះ លោក ប្រាក់ សំអឿន បានកត់សម្គាល់ដែរថា ក្នុងកំលុងវិបត្តិរាតត្បាតជំងឺកូវីដ-១៩ បានធ្វើឱ្យមន្រ្តីជំនាញ និងមន្ត្រីរដ្ឋបាលមួយចំនួន អាចចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីផលយ៉ាងល្អប្រសើរ។ លោក ក៏បានលើកទឹកចិត្តដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ក្នុងខេត្តកោះកុង បន្តកិច្ចខិតខំប្រឹងប្រែងថែមទៀត សម្រាប់ភាពរីកចម្រើន ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ តាមកំណែទម្រង់ឧស្សហកម្មបច្ចេកវិទ្យា និងលទ្ធិប្រជាធិបតេយ្យ។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏បានយល់ស្របនឹងការលើកឡើងរបស់លោក គង់ សារាជ និងលោក ប្រាក់ សំអឿន ផងដែរ។ ក្នុងនាមជាថ្នាក់ដឹកនាំមន្ត្រីក្នុងខេត្ត លោកស្រី មិថុនា ភូថង បានអះអាងថា នឹងបន្តរិះរកវិធីសាស្រ្តផ្សេងៗថែមទៀត កៀរគរមន្រ្តីរាជការ និងសាធារណជនឱ្យចូលរួមប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិចឱ្យគ្រប់ៗគ្នា ដើម្បីជាមូលដ្ឋានក្នុងពិចារណាដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលកើតមាននៅមូលដ្ឋាន។

លោកស្រីបន្ថែមថា នឹងជំរុញឱ្យមន្ត្រីគ្រប់បណ្តាស្រុក និងតាមមូលដ្ឋាន ឱ្យខិតខំបង្កើនធនធានមនុស្សបន្ថែមទៀត ដើម្បីបម្រើប្រជាជន និងប្រទេសជាតិ ស្របតាមភាពរីកចម្រើននៃយុគសម័យបច្ចេកវិទ្យានេះ៕