(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២០នេះ អត្រាគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា បានថយចុះចំនួន ៧២៩លើក ដែលស្មើនឹង២៣,០៧% បើធៀបនឹងអត្រាគ្រោះថ្នាក់ចរាចរណ៍នៅរយៈពេលដូចគ្នានាឆ្នាំ២០១៩ បន្ទាប់ពីមានការរឹតបន្តឹងច្បាប់ចរាចរណ៍ ដោយអនុវត្តតាមអនុក្រឹត្យថ្មី ដែលមានការផាកពិន័យច្រើនជាងមុន។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ។

ជាមួយគ្នានេះ នៅរយៈពេល៩ខែមកនេះ អត្រាមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ក៏បានថយចុះចំនួន ២៦៤នាក់ស្មើនឹង១៧,៣៥% និងរបួសថយចុះ ១,០៥៨នាក់ ស្មើនឹង២២,៤១% ផងដែរ។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «បើប្រៀបធៀបរយៈពេល០៩ខែ ឆ្នាំ២០១៩ ដូចគ្នា ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា បានកើតឡើង ៣,១៥៩លើក ខណៈ០៩ខែ ឆ្នាំ២០២០នេះ ករណីគ្រោះថ្នាក់ចរារចណ៍ បានកើតឡើងចំនួន២៤៣០លើក ដែលមានការថយចុះ៧២៩លើក ស្មើនឹង២៣,០៧ភាគរយ ហើយ៩ខែ ឆ្នាំ២០១៩ មានមនុស្ស១,៥២១នាក់ ខណៈ០៩ខែ ឆ្នាំ២០២០ មានមនុស្សស្លាប់ចំនួន ១,២៥៧នាក់ ថយចុះ២៦៤នាក់ ស្មើនឹង១៧,៣៥ភាគរយ ហើយដោយឡែក០៩ខែ ឆ្នាំ២០១៩ មានអ្នករបួសចំនួន ៤,៧២១នាក់ ប៉ុន្តែនៅឆ្នាំ២០២០ មានអ្នករបួសចំនួន ៣៦៦៣នាក់ ថយចុះ១,០៥៨នាក់ ស្មើនឹង២២,៤១ភាគរយ»

ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ឯក បានបន្តថា ស្ថានភាពគ្រោះចរាចរណ៍នេះ មានភាពល្អប្រសើរឡើងបែបនេះ គឺបានឆ្លុះបញ្ចាំងពីវឌ្ឍនភាព ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ហើយស្ថានភាពល្អប្រសើរបែបនេះ គឺបានកើតចេញពីកត្តាចំនួន៣សំខាន់រួមមាន៖

ទី១៖ ការដាក់ចេញនូវគោលការណ៍ និងពេលវេលារបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលគាំទ្រដោយរាជរដ្ឋាភិបាល។

ទី២៖ កិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលក្នុងនោះស្ថានប័ន អង្គភាព មានសមត្ថកិច្ចពាក់ព័ន្ធសុទ្ធតែបានធ្វើសកម្មភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តទៅតាមគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការអនុវត្តច្បាប់ ជាពិសេសគឺការលះបង់ តស៊ូឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងរបស់នគរបាលចរាចរណ៍ផ្លូវគោក។

និងទី៣៖ ការចូលរួមគាំទ្រ និងគោរពច្បាប់ចរាចរណ៍ ពីសំណាក់អ្នកប្រើប្រាស់ផ្លូវយ៉ាងច្រើនកុះករនៅទូទាំងប្រទេស ក្នុងនោះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការផ្លាស់ប្តូរឥរិយាបទអ្នកប្រើប្រាស់ផ្លូវ ដោយមានស្មារតីភ្ញាក់រឮក មកគាំទ្រ និងគោរពច្បាប់ បើកបរដោយមានការយោគយល់ ដែលកត្តាមួយធ្វើឱ្យស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា មានការប្រែប្រួល និងមានភាពល្អប្រសើរជាងមុន។

លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ រយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណ ដល់នគរបាលចរាចរណ៍ ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសដែលកើនឡើងជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ៣៩ ដោយបង្កើនការផាកពិនិត្យកាន់តែច្រើនជាងមុន ទៅលើបទល្មើសចរាចរណ៍ ដែលតែងកើតឡើងញឹកញាប់ជាដដែល។ ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា បានចាប់ផ្តើមពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០។

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញនេះ រយៈពេល១៥៣ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្យលេខ៣៩។ គិតពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៨០,៨៣៥គ្រឿង ក្នុងនោះមានម៉ូតូ ១៣៣,៨០៩គ្រឿង និងរថយន្តគ្រប់ប្រភេទ ៤៧,០២៦គ្រឿងផងដែរ៕