(បារាំង)៖ ក្រុមសិស្សសាលាវិទ្យាល័យចំនួន៣កន្លែង នៅក្នុងទីក្រុង Paris ប្រទេសបារាំង បានជម្លៀសសិស្សរបស់ខ្លួនចេញ នៅព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) បន្ទាប់ពីមានការព្រមានថ្មី ក្នុងការបំផ្ទុះគ្រាប់បែក នេះបើតាមអាជ្ញាធរក្រសួងអប់រំរបស់បារាំង ចេញផ្សាយដោយព័ត៌មានស៊ិនហួ នៅយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦។
ក្រុមប៉ូលិសបានធ្វើការស្វែងរកគ្រាប់បែក នៅវិទ្យាល័យ Condorcet, Henri IV និងវិទ្យាល័យ Louis Le Grand lyceums ហើយសិស្សទាំងអស់ បានជម្លៀសចេញដោយសុវត្ថិភាព នេះបើតាមអាជ្ញាធរក្រសួងអប់រំ បានឲ្យដឹងនៅលើគេហទំព័រ Twitter របស់ខ្លួន។
សូមជំរាបថា កាលពីសប្តាហ៍មុន ការបោកបញ្ឆោតព្រមានបំផ្ទុះគ្រាប់បែកចំនួន២ ត្រូវបានធ្វើឡើងបង្ខំឲ្យមានហេតុការណ៍ ជម្លៀសសិស្សចេញដូចគ្នានេះដែរ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ ទស្សនាវដ្តីអនឡាញជាភាសាបារាំងមួយ មានឈ្មោះថា «Dar al-Islam» បង្កើតឡើងដោយក្រុម ISIS ដោយក្រុម ISIS បានស្នើឲ្យក្រុមអ្នកគោរពតាមរបស់ខ្លួន សម្លាប់ក្រុមគ្រូបង្រៀន នៅក្នុងប្រទេសបារាំង ដោយបញ្ជាក់ថា គ្រូបង្រៀន គឺជា «សត្រូវនៃព្រះ Allah»។
គួររំលឹកថា បារាំងបានស្ថិតនៅក្រោមការព្រមានភេរវកម្មកម្រិតខ្ពស់ បន្ទាប់ពីមានការវាយប្រហារដោយភេរវកម្ម ជាបន្តបន្ទាប់មួយ នៅក្នុងទីក្រុង Paris កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយក្រុម IS បានអះអាងថាគឺជាទង្វើសមាជិករបស់ខ្លួន៕